ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរម៉ាឡេស៊ីរកឃើញដង្កូ.វប៉ារ៉ាស៊ី.តក្នុងត្រីខកំប៉ុង១៦តោន នាំចូលពីចិន

2 អាទិត្យ មុន

ប្រទេសម៉ាឡេស៊ី ៖ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា អាជ្ញាធរម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី ៖ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា អាជ្ញាធរម៉ាឡេស៊ីបានរកឃើញដង្កូវប៉ារ៉ាស៊ីតក្នុងត្រីខកំប៉ុង នៅក្នុងការដឹកជញ្ជូនមានទម្ងន់១៦តោន ដែលនាំចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសសិង្ហបុរី។

ប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដោយស្រង់ប្រភពពីសារព័ត៌មានសិង្ហបុរី The Straitstimes កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នាយកដ្ឋានសេវាកម្មត្រួតពិនិត្យរបស់ម៉ាឡេស៊ី (Maqis) បានលើកឡើងថា សំណាកយកពីត្រីខកំប៉ុងដែលនាំចូលនោះ រកឃើញដង្កូវប៉ារ៉ាស៊ីត ដែលត្រូវបានកំណត់ថាព្រូន Anisakis ដែលជាពពួកប៉ារ៉ាស៊ីតមួយប្រភេទ បង្កជំងឺ Anisakiasis ដល់មនុស្ស ហើយជាធម្មតាកើតឡើងនៅពេលមនុស្សបរិភោគអាហារសមុទ្រឆៅ ឬមិនទាន់ឆ្អិន ដូចជាត្រីឆ្លងប៉ារ៉ាស៊ីតជាដើម និងបណ្តាលឱ្យឈឺពោះ ចង្អោរ ក្អួត និងរាគ។

យោងប្រភពពីសារព័ត៌មានម៉ាឡេស៊ី Malay Mail បានរាយការណ៍ថា ការដឹកជញ្ជូនត្រីខកំប៉ុងមានតម្លៃ ១៧,៦០០ដុល្លារអាមេរិក ដែលដឹកចេញពីប្រទេសចិនបានទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ មុនពេលចូលមកដល់ប្រទេសម៉ាឡេស៊ី តាមឡានដឹកទំនិញ ដោយគ្មានលិខិតអនុញ្ញាតនាំចូល។

ការដឹកជញ្ជូនត្រីខកំប៉ុងត្រូវបានរឹបអូសតាំងពីដើមខែនេះមកម្ល៉េះ នៅមជ្ឈមណ្ឌលគយ អន្តោប្រវេសន៍ច្រក Bangunan Sultan Iskandar ក្នុងទីក្រុង Johor Bahru រដ្ឋ Johor។ បើតាមការចេញផ្សាយពីសារព័ត៌មាន The Straitstimes បានឱ្យដឹងថា អាជ្ញាធរម៉ាឡេស៊ីមិនបានប្រាប់អំពីឈ្មោះម៉ាកត្រីខកំប៉ុងនោះឡើយ ដោយគ្រាន់តែលើកឡើងថា មន្ត្រីបានសួរទៅអ្នកបើកបររថយន្តដឹកត្រីខកំប៉ុង ដែលមានអាយុ៣០ឆ្នាំម្នាក់ មុនពេលត្រូវបានដោះលែងវិញ ដោយអ្នកបើកបរអះអាងថា គាត់មិនច្បាស់ទេថា តើត្រីខកំប៉ុងទាំងនេះ ត្រូវបានលក់នៅប្រទេសសិង្ហបុរី ឬយ៉ាងណានោះទេ។

ការកាត់ទោសពីបទនាំចូលទំនិញមានសត្វល្អិត ជំងឺ ឬសារធាតុកខ្វក់ចូលមកប្រទេសម៉ាឡេស៊ី ជនល្មើសអាចនឹងត្រូវពិន័យជាទឹកប្រាក់ដល់ ២១,០០០ដុល្លារអាមេរិក ឬជាប់ពន្ធនាគាររហូតដល់៦ឆ្នាំ។

យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Washington សហរដ្ឋអាម៉េរិក នៅឆ្នាំ ២០២០ បានរកឃើញការកើនឡើងចំនួន ២៨៣ដងនៃពពួកប៉ារ៉ាស៊ីត Anisakis នៅទូទាំងពិភពលោក ចាប់តាំងពីទសវត្សឆ្នាំ ១៩៧០ ខណៈអ្នកស្រាវជ្រាវមិនប្រាកដទាំងស្រុងពីមូលហេតុនៃការកើនឡើងនេះនៅឡើយទេ។ ពួកគេគិតថា ការប្រែប្រួលអាកាសធាតុ សារធាតុចិញ្ចឹមកាន់តែច្រើនចេញពីជី និងការកើនឡើងចំនួនថនិកសត្វសមុទ្រ គឺជាហេតុផលដែលអាចកើតមានផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ