ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខេត្តតាកែវ សហការជាមួយនគរបាលខេត្តកោះកុង តាមស្រាវជ្រាវនិងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីគេចទៅលាក់ខ្លួនជិតមួយខែនៅខេត្តកោះកុង ។
តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនបញ្ជាក់ថា ជនចំនួន៤នាក់ ត្រូវជាប់សង្ស័យក្នុងករណីហិង្សាមានស្ថានទម្ងន់ទោស ព្រោះតែមរណភាពនៃជនរងគ្រោះ កើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅភូមិត្រាំសសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យទាំង៤នាក់នេះ រស់នៅក្នុងភូមិ ឃុំ ខាងលើ ដែលមាន ៖១-ចឹម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ។២-រូ វិចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ ។៣-ខ្លី ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ។៤-ខ្លី សំភា ភេទប្រុស អាយុ២៣ឆ្នាំ ។ ក្នុងដីកាបង្ហាញថា ជនឈ្មោះ ខ្លីសំភា ត្រូវបានឃាត់ខ្លួនមកសួរនាំភ្លាមៗក្រោយបង្កហេតុ ចំណែកជន៣នាក់ទៀតដែលរត់គេចខ្លួន ត្រូវតុលាការចេញដីកាតាមចាប់ខ្លួន ។
លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេន ស្នងការរងនគរបាលខេត្តទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ជនឈ្មោះ រូ វិចិត្ត ត្រូវបានចាប់ខ្លួននៅឯស្រុកកោះកុង ខេត្តកោះកុង រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្ត ។ សូមរំឭកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានធ្វើសកម្មភាពហិង្សាលើជនរងគ្រោះម្នាក់ឲ្យរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ជនរងគ្រោះរស់នៅភូមិត្រាំសសរ ឃុំក្រាំងលាវ ស្រុកបាទី ហើយក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យបានរត់គេចខ្លួន ។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានឱ្យដឹងថា ជនសង្ស័យ២នាក់ គឺឈ្មោះ ខ្លី សំភា និងឈ្មោះ រូ វិចិត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ នៅ២នាក់ទៀត កំពុងតាមចាប់ខ្លួនជាបន្ត ៕
ចែករំលែកព័តមាននេះ