ខេត្តព្រះសីនហុ ៖ កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៨ ឧសភា នៅចំណុចស្តុបកែងស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគឺរថយន្តលាយស៊ីម៉ង់ត៍របស់ក្រុមហ៊ុនអ៊ុយនីញ៉ុង ទៅបុកគូទរថយន្តដឹកអ្នកដំណើរដែលកំពុងឈប់នៅភ្លើងស្តុប ។
យោងតាមប្រភពព័ត៌មានពីប៉ូលិសចរាចរបានឱ្យដឹងថា រថយន្តរបស់ក្រុមហ៊ុនអ៊ុយនីញ៉ុង ម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ខៀវ ពាក់ស្លាកលេខ ក ០៤៥៦ ភព៥ បើកបរពីកើតទៅលិច បានបុកគូទរថយន្តក្រុង មួយគ្រឿងម៉ាក hiclass ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3B-0683 បើកបរដោយឈ្មោះ ស បប្ផា ភេទប្រុស អាយុ៤៦ឆ្នាំ បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។
យោងតាមប្រភពពីសាក្សីនៅជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញរថយន្តក្រុងដឹកអ្នកដំណើរឈប់រង់ចាំនៅភ្លើងស្តុប ពេលនោះក៏មានរថយន្តលាយស៊ីម៉ង់ត៍បើកចុះមកពីក្រោយយ៉ាងលឿន ។ លុះមកដល់ចំណុចខាងលើក៏បុកគូទរថយន្តក្រុងរុញទៅមុខប្រមាណ៣០០ម៉ែត្រទើបឈប់ តែជាសំណាងល្អពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ដោយគ្រាន់តែរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំប៉ុណ្ណោះ។ បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបាន ប៉ូលិសចរាចរអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្តរង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ