ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​តាម​ទី​សក្តា​រៈ​ល្បី​ៗ​នានា​នៅ​ទូ​ទាំង​ប្រទេស នៅ​ប៉ុន្មាន​ថ្ងៃនេះ ឃើញ​យុវជន និង​យុវនារី រួម​ទាំង​អាណាព្យាបាល​របស់​ពួក​គេ ខ្លះ​បាន​នាំ​គ្នា​ទៅ​គោរព​បូជា​ច្រើន​កុះករ​ចម្លែក ករណី​ដូច​ជា នៅ​ព្រះ​អង្គ​ដង​កើ​ជាដើម ។ មូលហេតុ​ចម្បង គឺ​សុំ​បួងសួង​អោយ​ពួក​គេ

នៅ​តាម​ទី​សក្តា​រៈ​ល្បី​ៗ​នានា​នៅ​ទូ​ទាំង​ប្រទេស នៅ​ប៉ុន្មាន​ថ្ងៃនេះ ឃើញ​យុវជន និង​យុវនារី រួម​ទាំង​អាណាព្យាបាល​របស់​ពួក​គេ ខ្លះ​បាន​នាំ​គ្នា​ទៅ​គោរព​បូជា​ច្រើន​កុះករ​ចម្លែក ករណី​ដូច​ជា នៅ​ព្រះ​អង្គ​ដង​កើ​ជាដើម ។ មូលហេតុ​ចម្បង គឺ​សុំ​បួងសួង​អោយ​ពួក​គេ​ប្រឡង​ជាប់​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​នេះឯង ។

តើ​ការ​ទៅ​បន់ស្រន់​ទាំងនេះ ពិតជា​អាច​ជួយ​អោយ​ពួក​គេ​ប្រឡង​ជាប់​សញ្ញាប័ត្រ​មែនឬ​យ៉ាងណា?

សម័យ​ប្រឡង​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ទូទៅ​នេះ គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។ ដូច្នេះ​ហើយ​បានជា​ឃើញ​មាន​យុវជន និង​យុវនារី​ជា​ច្រើន​ទៅ​តាម​ទី​សក្ការៈ​នានា ដោយនៅ​ភ្នំពេញ​អាច​ឃើញ​នៅ​ព្រះ​អង្គ​ដង​កើ ដែល​គេ​ដឹង​ថា ទីនោះ​គឺជា​កន្លែង​ដែល​មហាជន​តែងតែ​ទៅ​បែ​បន់​សុំ​លាភសក្ការៈ មាន​ឲ្យ ប្រឡង​ជាប់ សុំ​កូន និង​បួងសួង​ផ្សេង​ៗ​តាម​ជំនឿ​របស់​ខ្លួន ដោយ​មាន​លេងភ្លេង​ពិណពាទ្យ​និង​ជាវ​ផ្កាឈូក ស្លាធម៌ ដាក់​ថ្វាយ​ព្រះ​អង្គ​ដង​កើ​។ អ្នកខ្លះ​ទៀត​ក៏​លែង​សត្វ ដូច​ជា​អណ្តើក បក្សី ឬ​ត្រី នៅ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ​ផង​ដែរ​។

មក​ដល់​ពេល​នេះ អ្នក​ដែល​បាន​បែ​បន់​នោះ អ្នកខ្លះ​ក៏​បាន​សម្រេច អ្នកខ្លះ​ទៀត​សុំ​មិន​បាន​សម្រេច រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

តាម​ការ​ពន្យល់​របស់​លោក​ព្រឹទ្ធាចារ្យ មៀ​ច ប៉ុណ្ណ នៅ​ពេល​ដែល​លោក​នៅ​មានជីវិត បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្រះ​អង្គ​ដង​កើ ត្រូវ​គេ​ចាត់​ទុក​ថា ជា​អ្នកតា​ដ៏​ធំ​ជាងគេ បន្ទាប់​ពី​អ្នកតា​ឃ្លាំងមឿង​។ ចំពោះ​ប្រវត្តិ​​ព្រះ​អង្គ​ដង​កើ​នេះ មិន​មាន​សៀវភៅ​ណា​សរសេរ​រក្សា​ទុក​ទេ គ្រាន់តែ​ជា​សាច់​រឿង​ដែល​ចាស់​ៗ​និយាយ​ត​ៗ​គ្នា​តែ​ប៉ុណ្ណោះ ។

នេះ​គឺជា​ជំនឿ​អ​រូបិយ ហើយ​គ្រប់​គ្នា​មាន​សិទ្ធិ​ជឿ ឬ​មិន​ជឿ​តាម​សិទ្ធិ​សេរីភាព​រៀង​ៗ​ខ្លួន ហើយ​ក៏​មិន​មែន​ជា​កំហុស​អ្វី​នោះ​ដែរ​។ ប៉ុន្តែ​តាម​ហេតុផល​តក្ក​វិទ្យា ប្រសិនបើ​យើង​បន់ស្រន់​ផង ហើយ​ខិតខំ​ផង គឺ​វា​បាន​ផល ជា​ជាង​បាន​តែ​បន់ ហើយ​មិន​ខំ ។

មក​ដល់​ពេល​នេះ គ្មាន​ការ​បកស្រាយ​ណាមួយ​ច្បាស់លាស់​អំពី​ជំនឿ​របស់​មនុស្ស​ឡើយ ប៉ុន្តែ​តាម​តក្កវិទូ ការ​បន់ស្រន់​ទាំងនេះ អាច​នឹង​ជួយ​ប្អូន​ៗ​ដែល​នឹង​ត្រូវ​ប្រឡង​ដែល​មាន​ចំនួន​សរុប ១៣៧.៤១២ នាក់ ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​សរុប​ទូ​ទាំង​ប្រទេស​ចំនួន ២២៧​មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ បាន​ខាង​ផ្លូវ​អារម្មណ៍ ។

នៅ​ក្នុង​ករណី​ប្អូន​ៗ​បាន​រៀន បាន​សូត្រ ប្អូន​ៗ​មាន​ជំនឿ ហើយ​នាំ​គ្នា​ទៅ​បន់ស្រន់ យ៉ាង​ហោច​ណាស់ ក៏​អាច​អោយ​ប្អូន​ៗ​មាន​ជំនឿ មាន​ស្មារតី មាន​ភាព​ភ្លឺស្វាង​នៅ​ក្នុង​អារម្មណ៍ ជឿ​ទុកចិត្ត​លើ​ខ្លួនឯង ដែល​ជា​កត្តា​មួយ​អាច​អោយ​ប្អូន​ៗ​ទទួល​បាន​លទ្ធផល ជោគជ័យ ប៉ុន្តែ​នៅ​ក្នុង​ករណី​ប្អូន​ៗ​មិន​បាន​រៀនសូត្រ​អី​សោះ ហើយ​ទៅ​បន់ស្រន់ ប្រហែលជា​លោកតា និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក៏​ទំនងជា​មិន​អាច​ជួយ​ប្អូន​ៗ​បាន​ដែរ នៅ​ក្នុងអំឡុងពេល​ប្រឡង​នោះ​។ ហើយ​លទ្ធផល​ដែល​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃ​ទី​២៨ ខែ វិច្ឆិកា ឆ្នាំ​ដដែល ក៏​ប្រហែលជា​មិន​អាច​មាន​ប្អូន​ៗ​ដែរ ។

នៅ​ពេល​នេះ នៅ​សល់​ប្រហែល​ជាមួយ​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ ដូច្នេះ​សូម​ខំ​រំលឹក​មេរៀន ខំ​រំលឹក​រូបមន្ត​សម្រាប់​លំ​ហាត់ ដោយ​គេ​ដឹង​ថា ប្អូន​ៗ​នៅ​ក្នុង​ម្នាក់​ៗ​ប្រឡង​តែ​៧​មុខ​វិជ្ជា​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​ប្អូន​ៗ​រៀន​ថ្នាក់​វិទ្យាសាស្ត្រ មានមុខ​វិជ្ជា​ជម្រើស ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិត​វិទ្យា​។ ចំណែក​ប្អូន​ៗ​រៀន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មានមុខ​វិជ្ជា​ជម្រើស ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិត​វិទ្យា សីលធម៌​-​ពលរដ្ឋ និង​អក្សរសាស្ត្រ​ខ្មែរ​។

សរុប​មក​វិញ អបិយ​ជំនឿ​មិនមែន​ថា អត់​ប្រយោជន៍ គ្មាន​គុណសម្បត្តិ​នោះ​ឡើយ ។ អបិយ​ជំនឿ អាច​ជា​កម្លាំងចិត្ត ដែល​រក្សា​ផ្លូវចិត្ត​យើង​អោយ​រឹងប៉ឹង និង​មាំទាំ ពីព្រោះ​ការ​ប្រឡង​នីមួយ​ៗ​មិន​មែន​ជា​រឿង​ធម្មតា​ទេ​។ ហើយ​កន្លង​មក សឹងតែ​រាល់​ឆ្នាំ គឺ​មាន​ករណី​យុវជន និង​យុវនារី ដែល​ជា​បេក្ខជន និង​បេ​ក្ខ​នារី​ប្រឡង​មាន​បញ្ហា​សុខភាព​ជា​រឿយ​ៗ ដូច្នេះ​ក្រៅពី​ខំរៀន​ហើយ ក៏​ត្រូវ​តាំងចិត្ត​តាំង​កាយ ហើយ​ពង្រឹងស្មារតី ដោយ​រួម​ទាំង​ការ​សម្រាក​អោយ​បាន​គ្រប់គ្រាន់ ចៀសវាង​ដួល​នៅ​ថ្ងៃ​ប្រឡង ។ សូម​ជូនពរ​ប្អូន​ៗ​ដែល​ជា​បេក្ខជន និង​បេ​ក្ខ​នារី​ប្រឡង​ឆ្នាំ​នេះ អោយ​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ទាំងអស់​គ្នា​។

ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ