ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអំពាវនាវ​សហគមន៍​អន្ដរជាតិ​ជំរុញ​ឲ្យ​មាន​​កិច្ច​សន្ទនា​រវាងប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែ​ល

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អចិន្ដ្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ដល់​សហ​គមន៍​អន្ដរជាតិ រួបរួម​គ្នា​ក្នុង​ស្មារតី​នៃ​សាមគ្គីភាព ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​សន្ទនា និង​ចរចា​ប្រកប​ដោយ​អត្ថន័យ​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែ​ល នាំ​ទៅ​រក​សន្ដិភាព​ដ៏​ត្រឹមត្រូវ…

រាជធានី​ភ្នំពេញ ៖ តំណាង​អចិន្ដ្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ដល់​សហ​គមន៍​អន្ដរជាតិ រួបរួម​គ្នា​ក្នុង​ស្មារតី​នៃ​សាមគ្គីភាព ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​សន្ទនា និង​ចរចា​ប្រកប​ដោយ​អត្ថន័យ​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែ​ល នាំ​ទៅ​រក​សន្ដិភាព​ដ៏​ត្រឹមត្រូវ និង​យូរអង្វែង​ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​លោកស្រី អ៊ា​ត សោភា តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គ​ការសហប្រជាជាតិ​ក្នុង​កិច្ចប្រជុំ​ពិសេស​បន្ទាន់​នៃ​មហា​ស​ន្និ​បាត​អង្គការ​សហប្រជាជាតិ ស្តី​ពី​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន និង​អ្វី​ស្រា​អែ​ល នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ លោកស្រីបាន​សម្តែង​នូវ​មរណទុក្ខ​ចំពោះ​ការ​បាត់​បង់ជីវិត​ប្រជាជន​ស្លូតត្រង់​ជា​ច្រើន រួម​ទាំង​ជន​ជាតិខ្មែរ​ម្នាក់ ចាប់តាំងពី​ថ្ងៃ​ទី​៧​ខែតុលា រហូត​មក​ដល់​បច្ចុប្បន្ន និង​មុន​ពេល​នេះ​ផង​ដែរ ទាំង​នៅ​ក្នុង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​រដ្ឋ​អ៊ី​ស្រា​
អែ​ល ។ ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ី​ស្រា​អែ​ល គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ និង​ផុយ​ស្រួយ​បំផុត​ ។

លោកស្រី​អ៊ា​ត សោភា​បាន បញ្ជាក់​ថា​៖« កម្ពុជា​ថ្កោលទោស​រាល់​អំពើ​ភេរវកម្ម និង​អំពើ​ហឹ​ង្សា​លើ​ជន​ស៊ី​វិល​ស្លូតត្រង់ ដោយ​មិន​គិត​ពី​ពូជសាសន៍ វប្បធម៌ ឬ​សាសនា​អ្វី​ឡើយ​»​។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ថា «​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា ទុក្ខវេទនា និង​ការ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​-​ស្ត្រី កុមារ ទារក និង​ចាស់ជរា នៅ​លើ​ទឹកដី​នៃ​ជម្លោះ បច្ចុប្បន្ន​» ​។

លោកស្រីបន្ថែម​ថា ការ​ស្អប់ខ្ពើម និង​ការ​សងសឹក នឹង​នាំ​ទៅ​រក​វដ្ត​ថ្មី​មួយទៀត​នៃ​ការ​ស្អប់ខ្ពើម និង​ការ​​សងសឹក​។ សង្គ្រាម មិន​អាច​បញ្ចប់សង្គ្រាម និង​នាំ​មក​នូវ​សន្តិភាព យូរអង្វែង ក៏​ដូច​ជា​ការ​រួមរស់​ជាមួយ​គ្នា​ប្រកបដោយ​ភាព​សុខដុម​បាន​នោះ​ទេ​។ លើស​ពី​នេះ ជំរុញ​ឲ្យ​មានការ​ដោះ​លែង​ជន​ស៊ី​វិល​ទាំងអស់ ដែល​ត្រូវ​បាន​ចាប់​ជា ចំណាប់ខ្មាំង​។

អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់ ចៀសវាង​ការ​វាយប្រហារ​តម្រង់​ទៅ​លើ​ជន​ស៊ី​វិល និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ស៊ី​វិល ព្រមទាំង​អនុញ្ញាត​ការ​បើក​ច្រក​ដោយ​គ្មាន​ឧបសគ្គ​សម្រាប់​ផ្ដល់​ជំនួយ មនុស្សធម៌​សំខាន់​ៗ​ដូច​ជា អាហារ ទឹក និង​ថ្នាំពេទ្យ ដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ ស្រប​តាម​ច្បាប់ មនុស្សធម៌​អន្តរជាតិ​។

លោកស្រី​តំណាង​អចិន្ដ្រៃយ៍​កម្ពុជា បញ្ជាក់​ថា «​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​រួបរួម​គ្នា​ក្នុង​ស្មារតី​នៃ​សាមគ្គីភាព និង​ស្មោះ​ស្ម័​គ ពិតប្រាកដ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​សន្ទនា និង​ការ​ចរចា​ប្រកបដោយ​អត្ថន័យ នាំ​ទៅ​រក​សន្តិភាព​ដ៏​ត្រឹម ត្រូវ និង​យូរអង្វែង​»៕​

អត្ថបទសរសេរ ដោយ