អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃជាង ១ ១០០លានដុល្លារ បានបើកដំណើរការកាលពីថ្ងៃទី១៦ ខែតុលា កមន្លងមកនេះ ។ នេះជាទំព័រប្រវត្តិសាស្ត្រថ្មីដែលកម្ពុជា មានសេវាផ្លូវអាកាសទំនើប ធំ ទាន់សម័យ ក្នុងការទទួលការហោះហើរពីគ្រប់ជ្រុង នៃពិភពលោកមកកាន់ទឹកដីអង្គរខេត្តសៀមរាបដោយផ្ទាល់ ដោយមិនបាច់ត្រូវផ្ទេរយន្តហោះពីយន្តហោះធំ មកយន្តហោះធន់តូច ដើម្បីចុះចតនៅកម្ពុជាទៀតឡើយ។

នៅលើផ្ទៃដីជាង ៧០០ហិកតា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាចទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងនោះ អាចទទួលភ្ញៀវ ក្នុងមួយម៉ោងបានប្រមាណ ២៥០០នាក់។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ នៅក្នុងការទ្រទ្រង់វិស័យទេសចរណ៍ និងអាចទាក់ទាញបាននូវការតភ្ជាប់ជើងហោះហើរ ពីតំបន់ផ្សេងៗនៅលើពិភពលោកមកកាន់កម្ពុជា។ កម្ពុជារំពឹងថា អាកាសយានដ្ឋាននេះ ពិតជាមានសក្តានុពលធំ មិនត្រឹមសម្រាប់ស្រូបទាញទេសចរណ៍នោះទេ វាក៏ជាសក្តានុពលក្នុងការស្រូបទាញវិនិយោគិនបរទេសផងដែរ។

អាកាសយានដ្ឋាននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បានផល ចំណេញទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសគោលដៅទេសចរណ៍ខេត្តសៀមរាប និងកម្ពុជាទាំងមូល។ មិនខុសពីការរំពឹងរបស់មន្ត្រីនោះទេ ពលរដ្ឋអ្នកខេត្តសៀមរាប ដែលរកទទួលទានក្នុងវិស័យទេសចរណ៍ ជាពិសេសកូនចៅខ្មែរ ដែលមានបុព្វបុរសខ្លួន បានសាងសង់អង្គរវត្តទុកឱ្យ មានក្តីសង្ឃឹមថា ពួកគេនឹងទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍ ក្រោយពីវិបត្តិកូវីដ១៩ បានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារពួកគាត់ និងដែលបានធ្វឱ្យទឹកដីអង្គស្ងាត់ជាច្រើនឆ្នាំមកហើយនោះ។

អ្នករត់មូតូឌុប អ្នករត់ម៉ូតូកង់បី អ្នកប្រកបអាជីវកម្មតាមចិញ្ចើមផ្លូវ លក់ទឹក លក់បាយ អ្នកបើកភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អ្នកផលិតវត្ថុអនុស្សាវរីយ៍ អ្នកថតរូប មគ្គុទេសក៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រហូតដល់អ្នកដាំបន្លែ ផ្លែឈើ អ្នកចិញ្ចឹមត្រីសត្វ ជាដើម សុទ្ធតែរំពឹងថា នៅពេលមានវត្តមាន អ្នកទេសចរបរទេសចូលមកសៀមរាបវិញនេះ ពួកគាត់នឹងអាចរកចំណូលចិញ្ចឹមជីវិតបានឡើងវិញ។

តាមពិតទៅការពង្រាយអ្នកទេសចរឱ្យដល់សហគមន៍ ដើម្បីទទួលបានសេវានានា ពីពលរដ្ឋផ្ទាល់ មិនត្រឹមជាការបែងចែកភោគផលវិស័យទេសចរណ៍ដល់ពលរដ្ឋនោះទេ តែជាការធ្វើឱ្យអ្នកទេសចរស្គាល់ខ្មែរកាន់តែច្បាស់។ ជាពិសេសបង្កលក្ខណៈដល់ពលរដ្ឋខ្មែរខ្លួនឯង បានបន្តថែរក្សានូវវប្បធម៌ ប្រពៃណីជាតិ ដើម្បីផ្សព្វផ្សាយទៅអ្នកទេសចរ តាមរយៈទឹកដៃចម្លាក់ ស្មូន និងតម្បាញ ចេញជាផលិតផលវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យអ្នកទេសចរ ឬការធ្វើម្ហូបអាហារខ្មែរ ឱ្យអ្នកទេសចរបានទទួលទានជាដើម។

ដើម្បីឱ្យពលរដ្ឋទាំងអស់ទទួលបានថវិកាពីអ្នកទេសចរ លុះត្រាអ្នកទេសចរទាំងអស់ដែលបានមកដល់ទឹកដីអង្គរហើយ បានជួប បានទៅដល់ និងបានទទួលសេវាទេសចរណ៍ទាំងអស់ នោះពីពលរដ្ឋ។ ប្រសិនជាអ្នកទេសចរចុះពីយន្តហោះ ហើយត្រូវបានគេដឹកទៅទម្លាក់នៅសណ្ឋាគារទំនើប បន្ទាប់មកចេញដំណើរទៅទស្សនាអង្គរវត្ត ហើយត្រឡប់ទៅទទួលទានអាហារ នៅក្នុងភោជនីដ្ឋានថ្លៃៗដែលគេបានរៀបចំទុកជាស្រេចនោះ ប្រាកដណាស់ ផលពីវិស័យទេសចរណ៍ នឹងមិនបានដល់ដៃពលរដ្ឋសហគមន៍ឡើយ។

ម្យ៉ាងវិញទៀត អ្នកទេសចរដែលមកដល់ខេត្តសៀមរាប ប្រាកដណាស់គេមិនចង់ត្រឹមឃើញអង្គរវត្តនោះទេ។ ទឹកដីដែលមានបេតិកភណ្ឌពិភពលោកដ៏ល្អឯកបែបននេះ អ្នកទេសចរប្រាកដជាចង់ដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ ជាពិសេសពួកគេចង់ឃើញដោយផ្ទាល់ភ្នែកពីការរស់នៅរបស់កូនចៅអ្នកសាងអង្គរ។ គេចង់ដឹងថា ក្រៅពីសម្បត្តិបេតិកភណ្ឌជាប្រាសាទដែលគ្មានអ្វីកាត់ថ្លៃបាននេះ ខ្មែរនៅមានអ្វីទៀត ដូចជា វប្បធម៌ ប្រពៃណី ជាពិសេសគេចង់ភ្លក់ម្ហូបអាហាររបស់ខ្មែរ ដែលបានចម្អិនដោយដៃខ្មែរផ្ទាល់តែម្តង។
ការពង្រាយផលប្រយោជន៍ពីវិស័យទេសចរណ៍ ឱ្យបានដល់ដៃប្រជាពលរដ្ឋវាមិនត្រឹមជាការបែងចែកភោគផលទេសចរណ៍សម្រាប់ទ្រទ្រង់ជីវភាព និងការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណោះទេ តែវានឹងធ្វើឱ្យអ្នកទេសចរណ៍ ស្គាល់ខ្មែរកាន់តែច្បាស់ និងជាមធ្យោបាយមួយសម្រាប់ចងចិត្តឱ្យពួកគេស្នាក់នៅកម្ពុជាកាន់តែយូរ ថែមទាំងមកម្តង ហើយចង់មកម្តងទៀត ពីព្រោះរសជាតិចម្រុះដែលទទួលបានពីកញ្ចប់ទេសចរណ៍មកកាន់កម្ពុជាធ្វើឱ្យពួកគេជាប់ចិត្ត។

ជាសរុបមកវិញ ក្រៅពីការខិតខំទាក់ទាញអ្នកទេសចរឱ្យចូលមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើន គេក៏មិនគួរមើលរំលងពីការបែងចែកចំណូលទេចរណ៍ឱ្យបានដល់ដៃ ពលរដ្ឋសហគមន៍នោះដែរ។ បើមិនដូច្នេះសំឡេងថ្ងូររបស់ពលរដ្ឋនឹងលាន់ឮឡើងថា អ្នកទេសចរមានច្រើនមែន ប៉ុន្តែចំណូលធ្លាក់តែលើដៃអ្នកមាន មានអ្នកឡានទំនើបដឹកភ្ញៀវ ម្ចាស់សណ្ឋាគារទំនើប ភោជនីដ្ឋានល្អៗតែប៉ុណ្ណោះ។ ក្រៅពលរដ្ឋមិនទទួលបានចំណូលពីវិស័យទេសចរនៅទីបញ្ចប់ កញ្ចប់ទេសចរបែបនេះ នឹងធ្វើឱ្យអ្នកទេសចរធុញទ្រាន់មិនចង់មកកម្ពុជាទៀតក៏ថាបាន៕
ដោយ ៖ សារ៉ាន់
ចែករំលែកព័តមាននេះ