ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធ​ផ្ទះ​មេប៉េ​អឹម​រង​​ស្រុក​​ដក​​ហូត​​សិប្បកម្ម​​កែ​ច្នៃ​​​និង​​ឈើ​ប្រណីត

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​មន្ត្រី​អធិការដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ត្បូង​បឹងទន្លេសាបសហការ​ជា​មួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើភ្នំក្រវាញ និង​កង​រាជអាវុធ​​ហត្ថ​លើផ្ទៃ​​ប្រទេស​កាលពី​រសៀល​ថ្ងៃ​ទី១៧ ឧសភា ២០១១ ​បាន​ព័ទ្ធផ្ទះ​​ឈ្មោះ​ហួន ​ហាំង ​មេ​ប៉េ​អឹម ស្រុកភ្នំក្រវាញ ដើម្បី​ឆែកឆេរ​រក​បទ​ល្មើស​ព្រៃ​ឈើ ។ លោកមាស សម្បត្តិ​ មន្ត្រីព្រៃឈើ​ខាង​ត្បូង​បឹង​ទន្លេ​សាបឱ្យ​ដឹងថា

ខេត្តពោធិ៍សាត់ ៖ ​មន្ត្រី​អធិការដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ត្បូង​បឹងទន្លេសាបសហការ​ជា​មួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើភ្នំក្រវាញ និង​កង​រាជអាវុធ​​ហត្ថ​លើផ្ទៃ​​ប្រទេស​កាលពី​រសៀល​ថ្ងៃ​ទី១៧ ឧសភា ២០១១ ​បាន​ព័ទ្ធផ្ទះ​​ឈ្មោះ​ហួន ​ហាំង ​មេ​ប៉េ​អឹម ស្រុកភ្នំក្រវាញ ដើម្បី​ឆែកឆេរ​រក​បទ​ល្មើស​ព្រៃ​ឈើ ។

លោកមាស សម្បត្តិ​ មន្ត្រីព្រៃឈើ​ខាង​ត្បូង​បឹង​ទន្លេ​សាបឱ្យ​ដឹងថា នៅថ្ងៃទី១៧ ឧសភា​វេលាម៉ោង ៤​រសៀល​ភ្នាក់ងារ​ផ្តល់ព័ត៌​មាន​ថា ផ្ទះ​លោក​ហួន ហាំង នៅឃុំលាច កំពុង​លើ​ក​ឈើគ្រញូង​រៀបដាក់ក្នុង​រថយន្ត​កាមរីភ្លាម ។​ ភ្លាមៗនោះ​លោកបានសហការជាមួយ​មេព្រៃ​ភ្នំក្រវាញ និងកង​រាជ​អាវុធ​​ហត្ថលើផ្ទៃប្រទេស​​ទៅ​បង្ក្រាប​ជា​បន្ទាន់ ។ ​​ពេល​ទៅ​ដល់​ផ្ទះ​មាន​រថយន្ត​កាមរី​ពណ៌​សមួយ​គ្រឿងបើក​ពាំងផ្លូវ​សមត្ថកិច្ច​បង្កឱកាស​ឱ្យ​រថយន្តកាមរីឆ្លាម​បើក​គេច​​ទៅ​បាត់ ។ ​សមត្ថកិច្ច​​​បាន​​ព័ទ្ធផ្ទះ​លោកហួន ហាំង រកឃើញឈើ​​គ្រញូងនៅ​សល់១០៨ដុំ ស្មើនឹង០,៣៦២ម៉ែត្រគូប និង​បាន​ដកហូត​ម៉ាស៊ីនច្រៀក​ឈើ​មួយ​​គ្រឿង​ ។ ​ពេល​ព័ទ្ធ​ផ្ទះ​ឆែកឆេរ​រក​បទ​ល្មើស​នោះ​ក្រុម​គ្រួសារ​របស់​លោកហួន ​ហាំង ប្រើពាក្យ​សំដី​អសុរោះ​មក​លើ​សមត្ថកិច្ច​ ។

មន្ត្រី​​រាជ​ការ​ និងប្រជាពល​រដ្ឋ​នៅទីនោះ​និយាយ​ថា លោក​ហួន ហាំង ​មេ​ប៉េ​អឹម​រង​ស្រុក​ភ្នំ​ក្រវាញ​ដើរតួ​ជា​សមត្ថកិច្ចផង រក​ស៊ី​បទ​ល្មើស​ខ្លួនឯងផង ។ ឈើ​ដែលលាក់ទុក​ក្នុង​ផ្ទះបើក​សិប្បកម្ម​កែច្នៃនោះ​ភាគច្រើន​គឺ​ឈើ​​ចាប់​ពីឈ្មួញ​ចាប់ពី​អ្នកដឹកតាមរទេះ ​អ្នក​ដឹក​តាម​ម៉ូតូ​ជា​ដើម គ្មានការយោគយល់​ចំពោះ​ប្រជាជនក្រីក្រ​ឡើយ សូម្បី​តែប្ញសឈើ​គាស់​ពីដីចំការក៏ដោយ ។ លោក​ហួន ហាំង មិន​អាចទាក់ទង​បាន​ដើម្បី ​សុំការ​បំភ្លឺជុំវិញ​ការចោទប្រកាន់នេះ ។ ចំណែក​មន្ត្រី​ប៉េអឹមស្រុកភ្នំក្រវាញ​ម្នាក់​និយាយ ថា ​បញ្ហា​នេះ​ក្បាល​អ្នកណា​សក់អ្នកហ្នឹង ។

ដោយឡែក​​នៅ​ថ្ងៃទី១៧ និង១៨ ឧសភា ​ឆ្នាំ ២០១១ សមត្ថកិច្ច​ដដែលបាន​ឃាត់​រថយន្ត​​ដឹកឈើ​​​ចំនួន​៤គ្រឿងទៀតនៅ​ស្រុក​ភ្នំក្រវាញ ក្នុងនោះ​មានកាមរីបាឡែន ស៊េរី២០០២​មួយ​គ្រឿង ​កាមរីស៊េរី៩៣ពីរ​គ្រឿង​ និង​ស៊េរី៩១​មួយគ្រឿង ។ រថយន្ត​ទាំង​៤​គ្រឿង​ផ្ទុក​ឈើ​គ្រញូង​​​សរុប​៣៥១ដុំ ស្មើ​និង ២,២៣៩ម៉ែត្រគូប ។

​លោក​ជា ហួត នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ ​ស្រុកភ្នំ​ក្រវាញ​មានប្រសាសន៍​ថា «យើង​ស្គាល់​មុខ​សញ្ញា​អស់ហើយ សូមម្ចាស់រថយន្តនីមួយៗចូល​ខ្លួនមក​បង់ពិន័យ ដើម្បីយក​រថយន្ត​​ទៅ​វិញ​​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ ។ បើ​ក្នុង​រយៈពេល​​មួយ​ខែ​មិន​ចូលខ្លួនមក​ទេនឹង​រឹបអូស​ទុកជា សម្បត្តិ​​រដ្ឋ​ ហើយ​ម្ចាស់នឹងបំពេញសំណុំ​បែបបទ​​តាមនីតិវិធីបញ្ជូន​ទៅតុលាការ» ។ អ្នករក​ស៊ី​ឈើទីបំផុត​ខ្លះ​ត្រូវ​សមត្ថកិច្ច​រឹប​អូស​នៅ​សល់​តែ​ខោខ្លី ខ្លះជាប់គុក ខ្លះ​រត់​ចោល​ស្រុក ​ខ្លះ​​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​ស្លាប់ ​ឬស្លាប់​ដោយប្រការ​​ផ្សេងៗ​ជាយថា​ហេតុ​ដែលគេ​មាន​ជំនឿថា «ត្រូវ​ទំនាយ​ព្រៃឈើ»៕