ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ ទោះបីប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរកើនឡើងនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនក៏ដោយ។ ខាងលើនេះជាការឆ្លើយបំភ្លឺរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កោហ្វ តបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន។ លោកសង្កត់ធ្ងន់ថាអ្វីដែលសំខាន់គឺការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិន និងប្រទេសរុស្ស៊ី និងសិទ្ធិរបស់ចិនដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។
ប្រទេសចិនទើបតែដាក់ឱ្យប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបំពាក់ជើងទម្របាញ់មីស៊ីល។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចកោណដែលផ្សព្វផ្សាយអំពីសមត្ថភាពយោធារបស់ចិន។ បើដូច្នេះមែន ប្រទេសចិនមានជម្រើសថ្មីក្នុងការវាយប្រហារជើងគោក និងជើងទឹក។ ពីមុន, មានតែអាមេរិក និងរុស្ស៊ីប៉ុណ្ណោះដែលមាននាវាប្រភេទនេះ។
លោកប៉េស្កោហ្វថ្លែងថាបញ្ហាទាំងនេះគ្មានអ្វីដែលធ្វើឱ្យយើងព្រួយបារម្ភទេ។ ទំនាក់ទំនងរវាងប្រទេសយើងទាំង២ឈានដល់ដំណាក់កាលដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យើងមានកិច្ចសន្ទនាកម្រិតកំពូលផ្នែកនយោបាយ សេដ្ឋកិច្ច និងសមាហរណកម្ម។ នៅក្នុងករណីដែលប្រទេសចិនប្រឈមនឹងបញ្ហាធំៗបំផុតចំពោះសន្តិសុខជាតិរបស់ខ្លួននៅក្នុងក្របខណ្ឌតំបន់ ចិនកំពុងចាត់វិធានការដែលខ្លួនគិតថាសមស្រប។ លោកប៉េស្កោហ្វចាត់ទុកថានេះជាសិទ្ធិស្វ័យសម្រេចរបស់ប្រទេសចិន។
ប្រទេសរុស្ស៊ីងាកទៅប្រទេសចិនកាន់តែខ្លាំងនៅក្នុងវិស័យពាណិជ្ជកម្ម នយោបាយ និងសន្តិសុខ។ នេះជាផ្នែក១នៃអ្វីដែលរុស្ស៊ីហៅថាជាដៃគូឥតដែនកំណត់។ ចំណាត់ការនេះធ្វើឡើងចាប់តាំងពីប្រទេសរុស្ស៊ីដុតបញ្ឆេះសង្គ្រាមអ៊ុយក្រែន ហើយនាំឱ្យក្រុមបស្ចិមប្រទេសដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។ របាយការណ៍របស់មន្ទីរបញ្ចកោណដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលានោះបញ្ជាក់បន្ថែមនូវអ្វីដែលគេអះអាងថាប្រទេសចិនបានធ្វើទំនើបកម្មនាវាមុជទឹករបស់ខ្លួនតាំងពី១៨ខែមុន។
ប្រទេសរុស្ស៊ីចាប់ផ្ដើមបង្កើតច្បាប់ដើម្បីការពារចំណាត់ការរបស់ខ្លួននៅក្នុងផ្នែកនុយក្លេអ៊ែរ។ ថ្ងៃនេះ រដ្ឋសភារុស្ស៊ីអនុម័តសេចក្ដីព្រាងច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យប្រទេសរុស្ស៊ីដកខ្លួនពីសន្ធិសញ្ញាហាមសាកល្បងអាវុធនុយក្លេអ៊ែរ។ មិនយូរប៉ុន្មាន ព្រឹទ្ធសភារុស្ស៊ីក៏អនុម័តទាំងស្រុងទៅលើសេចក្ដីព្រាងច្បាប់នោះ។ រុស្ស៊ីថ្លែងថាខ្លួនរង់ចាំមើលជំហររបស់វ៉ាស៊ីនតុន។ លុះត្រាតែវ៉ាស៊ីនតោនធ្វើតេស្តនុយក្លេអ៊ែរជាមុនសិនទើបខ្លួនធ្វើតេស្តតាមក្រោយ។ ក្រុមអ្នកជំនាញបារម្ភថាមិនយូរទេរុស្ស៊ីនឹងធ្វើតេស្តនុយក្លេអ៊ែរ។ បស្ចិមប្រទេសយល់ថាទង្វើនេះពោរពេញដោយគ្រោះថ្នាក់នៅពេលសង្គ្រាមអ៊ុយក្រែនកំពុងបន្ត៕
ប្រភព៖ Reuters និង Associated Press
https://www.reuters.com/world/russia-unconcerned-by-china-increasing-nuclear-arsenal-capabilities-says-kremlin-2023-10-25/#:~:text=MOSCOW%2C%20Oct%2025%20(Reuters),to%20ensure%20its%20own%20security
https://apnews.com/article/russia-putin-rescinds-nuclear-test-ban-8e0c0757781ab65ed4070c94aa02545e
អត្ថបទដែលពាក់ព័ន្ធ
ភ្លេចៗត្រចៀក ឃ្លាំងអា.វុ.ធនុយក្លេអ៊ែររបស់ចិនកើនឡើងដល់ជាង៥០០គ្រាប់














ចែករំលែកព័តមាននេះ