ទីក្រុងប៉េកាំង៖ ភ្លេចៗត្រចៀក ប្រទេសចិនផលិតក្បាលគ្រាប់នុយក្លេអ៊ែរស្ងាត់ៗបានជាង៥រយគ្រាប់។ មិនយូរទេ ត្រឹមឆ្នាំ២០៣០ ចិននឹងពន្លឿនការផលិតនុយក្លេអ៊ែរឱ្យបានដល់ជាង១ពាន់គ្រាប់។ ខាងលើនេះជារបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ពាក់ព័ន្ធនឹងសមត្ថភាពយោធារបស់ចិន។
ថ្វីដ្បិតប្រទេសចិនខិតខំផលិតនុយក្លេអ៊ែរបានច្រើនគួរសម ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសមហាអំណាចយោធាកំពូលៗដូចជាអាមេរិក និងរុស្ស៊ី គេគិតថាចំនួននេះនៅស្ទើរណាស់។ អាមេរិកសព្វថ្ងៃមានក្បាលគ្រាប់នុយក្លេអ៊ែរ៣៧០០គ្រាប់។ នៅក្នុងនោះ ក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតយក្ស (ឬនុយក្លេអ៊ែរយុទ្ធសាស្ត្រ) មាន១៤១៩គ្រាប់ដែលដាក់ពង្រាយនៅលើទីតាំងសំខាន់ៗរួចជាស្រេច។ ចំណែកប្រទេសរុស្ស៊ីក៏មិនអន់ដែរ។ រុស្ស៊ីដាក់ពង្រាយនុយក្លេអ៊ែរ១៥៥០គ្រាប់នៅលើទីតាំងសំខាន់ៗ។ យោងតាមក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់, រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំងជិត៥ពាន់គ្រាប់ទៀត។
នៅក្នុងរបាយការណ៍ពិស្ដារនោះ, មន្ទីរបញ្ចកោណថ្លែងថាក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនជាង៥រយគ្រាប់គិតត្រឹមខែឧសភា ឆ្នាំ២០២៣ នឹងកើនឡើងជាលំដាប់នាពេលអនាគត។ នៅក្នុងរបាយការណ៍កាលពីលើកមុន, មន្ទីរបញ្ចកោណប៉ាន់ស្មានថារដ្ឋាភិបាលទីក្រុងប៉េកាំងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង៤រយគ្រាប់កាលពីឆ្នាំ២០២១។ មន្ត្រីជាន់ខ្ពស់អាមេរិកថ្លែងថាសាធារណរដ្ឋប្រជាមានិតចិនបន្តធ្វើទំនើបកម្ម, ធ្វើពិពិធកម្ម (ឬធ្វើឱ្យសម្បូរបែប) និងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។
មន្ត្រីរូបនេះថ្លែងបន្តទៀតថាបើគេប្រៀបធៀបពេលនេះទៅរយៈពេល១ទសវត្សមុន ឃើញថាពួកគេគ្រាន់បើជាងមុនឆ្ងាយណាស់ទាំងចំនួនក្បាលគ្រាប់ និងបច្ចេកវិទ្យាផលិតកាន់តែទំនើប។ យោងតាមរបាយការណ៍នេះ, កងទ័ពជើងទឹកចិនមាននាវាចម្បាំង និងនាវាមុជទឹកសរុបជាង៣៧០គ្រឿង។ មានន័យថាបន្ថែមជាង៣០គ្រឿងទៀត បើប្រៀបធៀបនឹងឆ្នាំ២០២២។
ការពង្រីកកម្លាំងទ័ពជើងទឹកជានយោបាយអាទិភាពរបស់លោកស៊ីជីនពីងដើម្បីបង្កើនសក្ដានុពលរបស់កងទ័ពចិនកាន់តែខ្លាំងក្លានៅក្នុងតំបន់។ ប្រទេសចិនត្រៀមខ្លួនក្លាយជាមហាអំណាចកងទ័ពជើងទឹកលេខ១នៅលើពិភពលោក។ នៅក្នុងរបាយការណ៍នោះ មន្ទីរបញ្ចកោណបារម្ភអំពីការដាក់សម្ពាធកាន់តែខ្លាំងពីសំណាក់ប្រទេសចិនទៅលើកោះតៃវ៉ាន់។
ទន្ទឹមនឹងនោះ ទំនាក់ទំនងរវាងចិន និងអាមេរិកនៅតែមានភាពតានតឹងនឹងគ្នាដោយសារជម្លោះលើច្រើនវិស័យមានតាំងពីបញ្ហាតៃវ៉ាន់, បញ្ហាសិទ្ធិមនុស្ស និងសកម្មភាពយោធារបស់ចិននៅសមុទ្ទចិនខាងត្បូង។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែមានចិត្តចង់កែលម្អប្រព័ន្ធទូរគមនាគមន៍រវាងយោធា និងយោធាជាមួយប្រទេសចិន។ កាលពីសប្ដាហ៍មុន, មន្ទីរបញ្ចកោណថ្លែងថាខ្លួនបានទទួលយកការអញ្ជើញពីសំណាក់ប្រទេសចិនដើម្បីចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំដែលរៀបចំនាចុងខែតុលា៕
ប្រភព៖ Reuters
https://www.channelnewsasia.com/world/nebraska-governor-jim-pillen-backlash-comments-reporter-china-nationality-environment-3856241












ចែករំលែកព័តមាននេះ