ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយ​កីឡា​អាស៊ី​លើក​ទី​១៩​មួយ​ចំនួន តេស្ត​ឃើញ​មាន​សារធាតុ​ហាមឃាត់

6 ខែ មុន

ចិន ៖ ទីភ្នាក់ងារ​ធ្វើតេស្ត​អន្តរជាតិ​ហៅ​កាត់​ថា ITA បាន​ប្រកាស​ថា ម្ចាស់​មេដាយមាស​២​រូប នៃ​

ចិន ៖ ទីភ្នាក់ងារ​ធ្វើតេស្ត​អន្តរជាតិ​ហៅ​កាត់​ថា ITA បាន​ប្រកាស​ថា ម្ចាស់​មេដាយមាស​២​រូប នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ ទីក្រុង​ហាង​ចូ​វ ប្រទេស​ចិន (19th Asian Games) បាន​ធ្វើ​រក​ឃើញ​មាន​សារធាតុ​ហាមឃាត់ គឺ​អ្នក​ប្រដាល់​ជនជាតិ​ម៉ុង​ហ្គោ​លី Chinzorig Baatarsukh និង​កីឡាករ​បាល់បោះ​សញ្ជាតិ​ហ្វី​លី​ពី​ន Justin Brownlee ។

អ្នក​ប្រដាល់ Baatarsukh បាន​ឈ្នះ​មេដាយមាស​វិញ្ញាសា​ទម្ងន់​ស្រាល​បុរស បន្ទាប់​ពី​យកឈ្នះ​អ្នក​ប្រដាល់​តៃវ៉ាន់ Lai Chu-en វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ការ​សម្រេច​ជា​ឯកច្ឆ័ន្ទ​។ អ្នក​ប្រដាល់​វ័យ​៣២​ឆ្នាំ​រូប​នេះ ធ្វើតេស្ត​រក​ឃើញ​សារធាតុ​ថ្នាំ​ជំនួយ​សាច់ដុំ Anabolic Steroid Metandienone ។

ដោយឡែក កីឡាករ Brownlee ដើម​កំណើត​អា​មេ​រិ​ក ដែល​ទទួល​សញ្ជាតិ​ហ្វី​លី​ពី​ន កាលពី​ខែមករា ឆ្នាំ ២០២៣ បង្ហាញខ្លួន​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​បាល់បោះ​បុរស ខណៈ​ដែល​ហ្វី​លី​ពី​ន​យកឈ្នះ​លើ​ហ្ស៊​ក​ដា​នី​លទ្ធផល ៧០-៦០ ដើម្បី​ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ ដែល​ត្រូវ​បាន​ពន្យារពេល​១​ឆ្នាំ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ដែល​ទើប​ធ្វើ​ពិធី​បិទ​កាលពី​ថ្ងៃ​ទី​៨ ខែតុលា កន្លង​ទៅ​ថ្មី​ៗ​នេះ​។ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​រក​ឃើញ​មាន​សារធាតុ Carboxy-THC ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក​ញ្ជា (Cannabis)​។

អត្ត​ព​លិ​កមួយ​ចំនួន​ផ្សេង​ទៀត ក៏​ត្រូវ​បាន​រក​ឃើញ​មាន​សារធាតុ​ហាមឃាត់​ផង​ដែរ ដូច​ជា កីឡាករ​បាល់បោះ Sami Bzai របស់​ហ្ស៊​ក​ដា​នី ដែល​លេង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក៏​រក​ឃើញ​មាន​សារធាតុ​តេ​ស្តូ​ស្តេ​រ៉ូ​ន (Testosterone)​។ អត្ត​ព​លិ​ក​កីឡា​លេង​អ៊ូ ឬ Kabaddi របស់​ប៉ា​គី​ស្ថាន កីឡាករ Adil Hussain បាន​រក​ឃើញ​មាន​សារធាតុ Nandrolone​។ ប៉ា​គី​ស្ថាន​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់​ឥណ្ឌា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

គួរ​បញ្ជាក់​ថា អត្ត​ព​លិ​ក​ទាំងអស់​មាន​សិទ្ធិ​ស្នើ​សុំ​ការ​ធ្វើតេស្ត​លើក​ទី​២ ឬ​គំរូ B មុន​ពេល​ករណី​របស់​ពួក​គេ ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា ដើម្បី​ធ្វើការ​វិនិច្ឆ័យ​៕ (​ប្រភព​ពី Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ