- ភ្នំពេញ
នៅកម្ពុជា មានគណបក្សនយោបាយជិត៥០ ដែលទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ កម្ពុជា ដែលប្រកាន់នយោបាយសេរីពហុបក្ស បានរៀបចំការបោះឆ្នោតសកលជ្រើសរើស សមាជិក រដ្ឋសភា និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
នៅកម្ពុជា មានគណបក្សនយោបាយជិត៥០ ដែលទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ កម្ពុជា ដែលប្រកាន់នយោបាយសេរីពហុបក្ស បានរៀបចំការបោះឆ្នោតសកលជ្រើសរើស សមាជិក រដ្ឋសភា និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
នៅកម្ពុជា មានគណបក្សនយោបាយជិត៥០ ដែលទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ កម្ពុជា ដែលប្រកាន់នយោបាយសេរីពហុបក្ស បានរៀបចំការបោះឆ្នោតសកលជ្រើសរើស សមាជិក រដ្ឋសភា និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅរៀងរាល់៥ឆ្នាំម្តង។
ក្រៅពីការបោះឆ្នោតជាសកលនេះ កម្ពុជាមានការបោះឆ្នោតអសកល ដើម្បីជ្រើសតាំង សមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាមក្រុមប្រឹក្សា ខេត្ត រាជធានី ស្រុក ខណ្ឌ ជាទៀងទាត់ផងដែរ។
នៅគ្រប់ការបោះឆ្នោត គណបក្សនយោបាយដែលបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ បានចូលរួមឈរឈ្មោះប្រកួតប្រជែង។ នៅរៀងរាល់ការបោះឆ្នោត មានគណបក្សនយោបាយប្រមាណជា២០ តែងតែបានចូលរួមបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួម។
ការបង្កើតគណបក្សនយោបាយ គឺជាសិទ្ធិរបស់ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យហើយ ប្រការនេះក៏បានធានានៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៣នេះ ពោលគឺនៅក្រោយការបោះឆ្នោតរដ្ឋសភានីតិកាលទី៧ និងត្រៀមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅដើមឆ្នាំ២០២៤ខាងមុខ ក៏ស្រាប់តែលេចឡើងនូវចលនាចងសម្ព័ន្ធភាពគណបក្សនយោបាយកើតឡើង។
តាមពិតទៅការចងសម្ព័ន្ធភាពគណបក្សមួយ និងគណបក្សមួយ មិនមែនជារឿងថ្មីនោះទេ។ ការចងសម្ព័ន្ធភាពរវាងបក្សគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី បានកើតមានកាលពីឆ្នាំ២០០៨។ អតីតគណបក្សសង្គ្រោះជាតិ បានកើតចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ២០១២ជាដើម។
ប៉ុន្តែការចងសម្ព័ន្ធភាពឆ្នាំ២០២៣នេះ មានលក្ខណៈខុសប្លែកពីការចងសម្ព័ន្ធភាពកាលពីលើកមុនៗ។ កាលពីលើកមុន មានគណបក្សមួយ បានទៅចងសម្ព័ន្ធភាពជាមួយគណបក្សមួយ ប៉ុន្តែចលនាថ្មី គណបក្សជាច្រើនបានចងសម្ព័ន្ធភាពគ្នាជាក្រុមតែម្តង ហើយចលនានៃការចងសម្ព័ន្ធភាពថ្មីនេះ ហាក់ជាសញ្ញាបង្ហាញឱ្យឃើញប៉ូលនយោបាយនៅកម្ពុជា សរុបមកមានតែប៉ូលប៉ុណ្ណោះ។
កាលពីប៉ុន្មានថ្ងៃមុន គណបក្សភ្លើងទៀន ដែលគេដឹងថា មាននិន្នាប្រឆាំង បានចងសម្ព័ន្ធភាពជាដៃគូរជាមួយគណបក្សចំនួនបី មាន ៖ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ សម្ព័ន្ធភាពក្រុមអ្នកនយោបាយ ដើម្បីប្រកួតប្រជែងឈានទៅគ្រប់គ្រងអំណោចដោយសន្លឹកឆ្នោតនេះ បានដាក់ឈ្មោះសម្ព័ន្ធភាពខ្លួនថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ អាចនិយាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំនៅកម្ពុជា បានចងសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀតចំនួន២៧។ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជានាពេលនេះ បណ្ដាគណបក្សនយោបាយនានានឹងក្លាយជាដៃគូរសហការជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យដំណើរការល្អនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ការចងសម្ព័ន្ធភាពនេះ ត្រូវបានភាគីហត្ថលេខីទាំងអស់ ចាត់ទុកថា ជាការជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ ជាពិសេសការប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង។
ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយជាក្រុមនេះ ហាក់ទទួលបានការសារទ ពីអ្នកឃ្លាំមើលនយោបាយនៅកម្ពុជា។ សារទរដោយសារអ្នកតាមដានខ្លះបានមើលឃើញថា វានឹងធ្វើអោយប៉ូលនយោបាយនៅកម្ពុជា ដែលមានគណបក្សនយោបាយច្រើន មកត្រឹមជាប៉ូលពីរ គឺម្ខាងគណបក្សនយោបាយដឹកនាំប្រទេស គឺរាជរដ្ឋាភិបាល និងម្ខាងទៀតគណបក្សនយោបាយក្រៅរដ្ឋាភិបាល ដែលគេនិយមហៅថា គណបក្សប្រឆាំង។
ការបង្កើតប៉ូលនយោបាយត្រឹមតែពីរបែបនេះ នឹងធ្វើឱ្យពលរដ្ឋដែលជាអ្នកបោះឆ្នោតងាយស្រួលនៅក្នុងការសម្រេចចិត្តបោះឆ្នោត។ កន្លងមក ការបង្កើតគណបក្សនយោបាយខ្លះ ត្រូវបានចោទប្រកាន់ថា បានបង្កើតឡើងដើម្បីលម្អរសួនប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។ គណបក្សជាច្រើន មានតែឈ្មោះ មិនបានធ្វើសកម្មភាពនយោបាយឡើយ។
សកម្មភាពចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយនាពេលនេះ គឺជាសកម្មភាពរបស់អ្នកនយោបាយ ក្នុងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតបន្តបន្ទាប់នៅពេលខាងមុខ ។ នេះជាសកម្មភាពជាធម្មតារបស់អ្នកយោបាយឆ្ពោះទៅទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ ដូច្នេះពលរដ្ឋក៏គួរបង្កើនសកម្មភាព និងចូលរួមតាមដានសកម្មភាពអ្នកនយោបាយ កម្មវិធីនយោបាយ របស់គណបក្សនយោបាយក្នុងការត្រៀមលក្ខណៈចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសបានអ្នកនយោបាយល្អដឹកនាំប្រទេសដែរ។ ជោគជ័យរបស់អ្នកនយោបាយក្នុងការបោះឆ្នោតគឺជ័យជម្នះ។ ចំណែកជ័យជម្នះពលរដ្ឋម្ចាស់ឆ្នោត គឺជ្រើសរើសបានអ្នកនយោបាយ គណបក្សនយោបាយល្អ តម្កល់ផលប្រយោជន៍ជាតិ សេចក្តីសុខពលរដ្ឋជាធំ៕
ដោយ ៖ ប្រេ វីន និង សារ៉ាន់
ចែករំលែកព័តមាននេះ