ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ទេសចរណ៍​ជា​សសរស្តម្ភ​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ការ​កំណត់​ថា ទេសចរណ៍​ជា សសរស្តម្ភ​សេដ្ឋកិច្ច​នេះ មិនមែន​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ឡើយ​។ អំណោយផល​ពី​ធម្មជាតិ ដូច​ជា

វត្តមាន​អ្នកទេសចរ អាច​សម្រាល​បន្ទុក​សេដ្ឋកិច្ច​ពលរដ្ឋ​ឱ្យ​ធូរស្រាល​បាន

ទេសចរណ៍​ជា​សសរស្តម្ភ​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ការ​កំណត់​ថា ទេសចរណ៍​ជា សសរស្តម្ភ​សេដ្ឋកិច្ច​នេះ មិនមែន​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ឡើយ​។ អំណោយផល​ពី​ធម្មជាតិ ដូច​ជា ៖ ភ្នំ សមុទ្រ ភូមិសាស្ត្រ និង​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​មាន​ប្រាង្គ​ប្រាសាទ ប្រពៃណី រួម​នឹង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាដើម សុទ្ធ​សឹង​ជា​សក្តានុពល ដែល​នាំ​ឱ្យ​កម្ពុជា រក​ចំណូល​បាន​ពី​វិស័យ​ទេស​ចរណ៍។

ចំណូល​ពី​ទេសចរ​នៅ​គ្រា​ដែល​ពលរដ្ឋ​លំបាក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​នេះ មាន​សារៈសំខាន់ ណាស់ ដូច្នេះ​ពលរដ្ឋ​មិន​គួរ​មើល​រំលង​ពី​ផលប្រយោជន៍​ពី​អ្នកទេសចរ​ឡើយ​។ ប៉ុន្តែ​បើ​និយាយ​ពី​ទេសចរណ៍ មានសម្បត្តិ​ធម្មជាតិ និង​វប្បធម៌ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។ សេវាកម្ម និង​បញ្ហា​សង្គម​ជា​ច្រើន​ទៀត ដែល​ត្រូវ​បង្កើត​ឡើង និង​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ទាក់ទាញ​អ្នកទេសចរ ។ និយាយ​ជា​រួម អាជីវកម្ម​ទេសចរណ៍​មិន​ខុស​ពី​ការ​ធ្វើ​ជំនួញ​ផ្សេង​ទៀត​នោះ​ឡើយ ទាមទារ​ឱ្យ​មានការ​កែ​ច្នៃ បង្កើត​ថ្មី ប្លែក និង​មានការ​ចូលរួម​ពី​រដ្ឋ និង​មហាជន ដោយ​មិន​អាច​ខ្វះ​បាន​។

ដូច​គេ​បានដឹង​ហើយ​ថា អ្នកទេសចរ​ដែល​ខំ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស ឆ្លង​ទ្វីប​នេះ គេ​មាន​បំណង​កម្សាន្ត បង្កើត​ភាព​សប្បាយ​រីករាយ​ឱ្យ​ជីវិត​របស់​គេ ។ នៅ​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នកទេសចរ គឺ​គេ​ត្រូវការ​រសជាតិ​ថ្មី​សម្រាប់​ជីវិត ដើម្បី​សេចក្តីសុខ​ផ្លូវ​កាយ និង​ចិត្ត​របស់​គេ​។ ក្នុង​ពេល​ដើរ​កម្សាន្ត គេ​ត្រូវការ​ស្នាមញញឹម និង​បរិស្ថាន​ស្អាត​។

ដោយសារ​ទេសចរណ៍​បាន​ក្លាយជា​ឧស្សា​កម្ម​គ្មាន​ផ្សែង ដែល​អាច​បង្កើត​ចំណូល​បាន​ច្រើន​ដល់​ប្រទេស និង​ពលរដ្ឋ ប្រទេស​នានា​លើ​ពិភពលោក បាន​យក​វិស័យ​ទេ​ចរណ៍​ជា​ប្រភព​ចំណូល​សំខាន់​របស់​​គេ មិន​ខុស​ពី​កម្ពុជា​នោះ​ឡើយ​។ ដូច្នេះ ការ​ស្រូប​ទាញ​អ្នកទេសចរ គឺជា ការ​ប្រកួតប្រជែង​។ ប្រកួតប្រជែង​ទាំង​ផលិតផល​ទេសចរណ៍ សេវាកម្ម តម្លៃ និង​ភាព​សម្បូរ​បែប សណ្តាប់ធ្នាប់ សន្តិសុខ បរិស្ថាន និង​អនាម័យ​ជាដើម​។

សេវាកម្ម​ល្អ សម្រាប់​អ្នកទេសចរ គេ​គួរ​សម្អិតសម្អាត​ចាប់ពី​ពេល​អ្នកទេសចរ​បាន​ជាន់​ជើង​ចូល​ទឹកដី​ខ្លួន រហូត​ដល់​ពេល​ចាកចេញ​ទៅ​វិញ​។ នៅ​កំឡុង​ពេល​អ្នក​ស្នាក់​នៅ គេ​មិន​គួរ​ធ្វើ​សកម្មភាព​ណាមួយ​នាំ​ឱ្យ​ពួក​គាត់​មិន​ពេញចិត្ត​នោះ​ឡើយ​។ ជា​ពិសេស គេ​ប្រុង​ប្រ័យ​ត្ន​ដល់​សុខ​សុវត្ថិ​ភា របស់​អ្នកទេសចរ​។ និយាយ​ជា​រួម ការ​លើក​ឡើង​ដែល​ថា អ្នកទេសចរ​ជា​ស្តេច​នោះ​មិន​ខុស​ឡើយ​។ យើង​គួរ​នាំ​គ្នា គោរព ឱ្យ​តម្លៃ និង​ការពារ​អ្នកទេសចរ ដូច​ទៅ​នឹង​ស្តេច គឺ​មិន​ខុស​ឡើយ​។

សេវាកម្ម​ល្អ ប្លែក​ថ្មី តម្លៃ​ទំនិញ​និ​សេវាកម្ម​នានា​សមរម្យ ថោក​ជាង​ប្រទេស​នានា មាន​អនាម័យ​ល្អ ពលរដ្ឋ​រាក់​ទាន់ ញញឹម​ស្វាគមន៍​គ្រប់កន្លែង មិន​ត្រឹម​ជា​ការ​អូស​ទាញ​អ្នកទេសចរ​ឱ្យ​ចូល​មក​កម្សាន្ត សម្រាកកាយ​នៅ​ក្នុង​ប្រទេស​យើង​នោះ​ទេ ប៉ុន្តែ​អាច​ធ្វើ​ឱ្យ​ពួក​គេ​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា បាន​ច្រើន​ថ្ងៃ​ទៀត​ផង​។ ការ​ស្នាក់​នៅ​របស់​អ្នកទេសចរ​កាន់​យូរថ្ងៃ គឺ​យើង​អាច​ទទួល​បាន​ចំណូល​កាន់តែ​ច្រើន​។

អ្នករក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​គ្រប់​ផ្នែក ចង់ឱ្យ​អ្នកទេសចរ​ស្នាក់​នៅ​កម្ពុជា​បាន​យូរ និង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​គ្រប់​ប៉ូ​ល​ទេសចរណ៍​ដែល​មាន​ក្នុង​ប្រទេស​។ ដូច​ជា​នៅ​សមុទ្រ មាន​ខេត្តកំពត កែប កោះកុង និង​ខេត្ត​ព្រះ​សីហ​នុ​។ នៅ​ប៉ូ​ល​ឥ​សាន្ត​មាន រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹង​ត្រែង​ជាដើម ដោយ​មិន​ចង់​ឃើញ​អ្នកទេសចរ​ប្រមូលផ្តុំ​នៅ​តែ​ខេត្តសៀមរាប ហើយ​ក្នុង​រយៈពេល​តែ​ពីរ ឬ​បី​ថ្ងៃ ត្រូវ​ចាក​ចេញពី​កម្ពុជា​វិញ​នោះ​ទេ​។

ដើម្បី​ឱ្យ​អ្នកទេសចរ​ស្នាក់​នៅ​កម្ពុជា​យូរថ្ងៃ ហើយ​ដើរ​កម្សាន្ត​គ្រប់កន្លែង គ្រប់​ប៉ូ​ល​ទេសចរណ៍ និង​សេដ្ឋកិច្ច​នោះ ដាច់ខាត​គេ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​សុខ​សុវត្ថិភាព បន្ទាប់​មក​ការ​ធ្វើ​ដំណើរ ត្រូវ​តែ​មាន​ផ្លូវ​ស្អាត តាម​ផ្លូវ​ធ្វើ​ដំណើរ​មាន​សណ្តាប់ធ្នាប់ ការ​ធ្វើ​ចរាចរណ៍​គោរព​ច្បាប់ មាន​របៀបរៀបរយ ពល​រដ្ឋ​ចេះ​យោគយល់​គ្នា បរិស្ថាន​រស់នៅ និង​សង្គម​ល្អ​ស្អាត​។ ទាំង​អស់នេះ ជា​ផ្នែក​ទាក់ទាញ និង​ជា​ការ​ចងចិត្ត​ដល់​អ្នកទេសចរ​គ្រប់​រូប ដែល​រដ្ឋ និង​ពលរដ្ឋ​រួម​គ្នា​អនុវត្ត​។

នៅ​ចុងឆ្នាំ​នេះ ពោល​គឺ​ចាប់​ខែតុលា ឆ្នាំ​២០២៣​នេះ រហូត​ដល់​ខែមេសា ឆ្នាំ​២០២៤ ជា​ឱកាស​ដែល​អ្នកទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន​។ ជា​ឱកាស​ដែល​កម្ពុជា ត្រូវ​ស្រូប​ទាញ​អ្នកទេសចរ​ឱ្យ​បាន​ច្រើន បើ​មិន​ដូច្នេះ យើង​នឹង​ខាត​ពេល​មួយ​ឆ្នាំ​ទៀត​។

ចូរ​ចាំ​ថា អ្នកទេសចរ គឺជា​ប្រភព​លុយ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​។ ខណៈ​ដែល​ការ​រក​ទទួលទាន​នៅ​ក្នុងស្រុក មានការ​លំបាក​ដូច​ពេល​បច្ចុប្បន្ន​នេះ លំហូរ​អ្នកទេសចរ​មក​កម្ពុជា អាច​នឹង​ជួយ​សម្រាល​ការ​លំបាក​របស់​ពលរដ្ឋ​បាន​ច្រើន​ណាស់​។ មាន​អ្នកទេសចរ អ្នក​រត់​ម៉ូតូ​កង់​បី​អាច​រក​ចំណូល​បាន អ្នកលក់​ចំណីអាហារ​អាច​រក​ចំណូល បាន អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​អាច​រក​ចំណូល​បាន ហើយ​អ្នក​នាំ​ភ្ញៀវ​ក៏​អាច​រក​ចំណូល​បាន​។ ចំណែក​រដ្ឋ ក៏​អាច​ប្រមូល​ពន្ធ​អាករ​នានា​បាន​ដែរ​៕

ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ