ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ចំអក​អ្នក​ចេញ​មុខ​រៃ​អង្គាសប្រាក់ ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ី​ស្រា​អ៊ែ​ល តែ​គ្មាន​ឃើញ​លទ្ធផល​ទេ

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​កំ​ពង​ចាម សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​បែប​ចំអក​ឡក​ឡើយ​ថា មាន​អ្នកខ្លះ បាន​ចេញ​មុខ​រៃ​អង្គាស​លុយ…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ត​កំ​ពង​ចាម សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​បែប​ចំអក​ឡក​ឡើយ​ថា មាន​អ្នកខ្លះ បាន​ចេញ​មុខ​រៃ​អង្គាស​លុយ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ ជួយ​ពលរដ្ឋ​ខ្មែរ នៅ​អ៊ី​ស្រា​អ៊ែ​ល ប៉ុន្តែ ១០​ថ្ងៃ​ជាង​ហើយ មិនឃើញ​លទ្ធផល​អ្វី​នោះ​ទេ ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​កម្ម​ការ​រិ​នី នៅ​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ ថា លទ្ធផល ដែល​សម្តេច​សំដៅ​ដល់​នោះ គឺ​មិនឃើញ​មាន​សកម្មភាព ទិញ​សំបុត្រ​យន្តហោះ ទៅ​ដឹក​ពលរដ្ឋ​ខ្មែរ កំពុងធ្វើការ និង​និស្សិត​ខ្មែរ នៅ​អ៊ី​ស្រា​អ៊ែ​ល នោះ​ទេ ។

សម្តេច ក៏​ថ្លែង​បាន​បែប​ឌឺដង ទៅ​កាន់​អ្នក​ប្រកាស​ទៀត​ថា តែបើ​ក្នុង​ករណី បុគ្គល​ម្នាក់​នោះ ត្រូវការ​រៃ​អង្គាស​ទិញ​សំបុត្រ​យន្តហោះ​ខ្លួនឯង​ទៅ​អា​មេ​រិ​ក ឬ​ប្រទេស​ណាមួយ​នោះ គឺ​លឿន​រហ័ស​ណាស់ ដូច្នេះ​បុគ្គល​រូប​នោះ បាន​តែ​ស្រែក​ចោល​នោះ​ទេ គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖ «​អ្នកខ្លះ អ្នកនយោបាយ​ចាស់វស្សា ចេញ​មក​វាយ​រដ្ឋាភិបាល ហើយ​មាន​អ្នកខ្លះ អួត​ណាស់ រក​រៃ​អង្គាស​លុយ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ ឲ្យ​និស្សិត​ខ្មែរ ត្រឡប់​មក​វិញ តែ​មក​ដល់​ម៉ោង​នេះ ១០​ថ្ងៃ​ជាង​ហើយ អត់​ឃើញ​ប្រកាស​រៃ​អង្គាស​លុយ តែបើ​គាត់​ជិះ​យន្តហោះ​ទៅ​អា​មេ​រិ​ក បារាំង អូស្ត្រាលី អង្គាស​លុយ​ខ្លួន​ញឹក​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​រៀបរាប់​អំពី​ពលរដ្ឋ​ខ្មែរ នៅ​អ៊ី​ស្រា​អ៊ែ​ល អោយ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​សម្តេច​បាន​ទទួល​ព័ត៌មាន​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ពី​ពលរដ្ឋ​ខ្មែរ នៅ​អ៊ី​ស្រា​អ៊ែ​ល ចំនួន​៤​ដង គឺ​ពួក​គេ​មាន​សុវត្ថិភាព​គ្រប់គ្រាន់ ដោយសារ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ គ្រប់ពេល​មិន​ដែល​ព្រងើយកន្តើយ​ឡើយ ។

សម្តេច ក៏​បាន​ត្រៀមលក្ខណៈ​មធ្យោបាយ ជាយថាហេតុ​គ្រប់ពេល​ផង​ដែរ បើ​មាន​ករណី​ណាមួយ​កើតឡើង នឹង​ជួយ​ឲ្យ​ទាន់​ពេលវេលា ។

សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំ​ទៅ​អ្នកចោទ​ប្រកាន់ និង​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា អំពី​ពលរដ្ឋ​ខ្មែរ នៅ​អ៊ី​ស្រា​អ៊ែ​ល ថា ពូកែ​យកមុខ​មាត់​នោះ សូម​បន្ត​យកមុខ​ទៀត​ចុះ តែ​សម្តេច ក៏​បញ្ជាក់​បក​ត្រឡប់​ទៅ​វិញ សម្រាប់​ពលរដ្ឋ​ខ្មែរ នៅ​អ៊ី​ស្រា​អ៊ែ​ល គឺ​មិន​ទុក​ពួក​គាត់​ចោល​ទេ ដោយ​រួម​សហការ​ជាមួយ​គ្នា​ជា​និច្ច​។ សម្តេច​ថា នេះ​ហើយ ភាព​ខ្លាំង​របស់​កម្ពុជា ទោះបីជា​មានការ​វាយប្រហារ​យ៉ាងណា ក៏​ដោយ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គូសបញ្ជាក់​ថា “​អ្នក​ក្រៅប្រទេស ពូកែ​យកគុណ​សម្បត្តិ​ណាស់ ប៉ុន្តែ​យក​ទៀត​ចុះ ចង់​អ្នក​យក​យ៉ាងម៉េច យក​ទៀត​ទៅ ខ្ញុំ​មិន​ឈឺក្បាល​ទេ អ្វី​សំខាន់​ប្រជាពលរដ្ឋ​ខ្ញុំ​នៅ​គ្រប់កន្លែង យើង​អាច​ក្តាប់​បាន យើង​អាច​ជួយ​បាន តាម​លទ្ធភាព​យើង​ជួយ​បាន​ដោយ​ត្រៀមលក្ខណៈ​ទាំងអស់​។ នេះ​ជា​ការ​ពិត​” ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នេះ​ក្រោយ​មាន​ករណី​សង្គ្រាម​នៅ​អ៊ី​ស្រា​អ៊ែ​ល ភ្លាម​ៗ​រវាង​ក្រុម​ហា​ម៉ាស់​របស់​ប៉ា​ឡេ​ស្ទី​ន​នោះ លោក សម រ​ង្ស៊ី នៅ​កំពុង​រស់នៅ​ក្រៅប្រទេស និង​គូកន​ខ្លួន បាន​នាំ​គ្នា​លើក​ឡើង ក្នុង​បណ្តាញ​សង្គម និង​បណ្តាញ​ព័ត៌មាន​ប្រឆាំង​រាជរដ្ឋាភិបាល បាន​ចេញផ្សាយ​ព្រោងព្រាត​ថា នឹង​ចេញ​មុខ រៃ​អង្គាសប្រាក់​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ី​ស្រា​អ៊ែ​ល ដូច​ជា​ការ​ទិញ​សំបុត្រ​យន្តហោះ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ ឲ្យ​មក​ស្រុក​កំណើត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ