ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថាប្ដេជ្ញាធ្វើឱ្យ​បាននូវព្រែកជីកហ្វូណន ដោយមិនឱ្យ​បង្កើតមូលនិធិឡើយ

2 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកា

ខេត្តព្រះសីហនុ ៖ ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្ដេជ្ញាធ្វើឲ្យបាននូវគម្រោងព្រែកជីកហ្វូណនតេជោ ហើយរាជរដ្ឋាភិបាល ក៏មិនឲ្យបង្កើតមូលនិធិសម្រាប់គម្រោងនេះឡើយ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងបើកការរដ្ឋាន​សាង​សង់ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះព្រែកជីកហ្វូណន ដាច់ខាតត្រូវតែធ្វើឲ្យបាន គេសួរខ្ញុំហើយ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទីមួយរាជរដ្ឋាភិបាល អត់មានគម្រោងដើម្បីរ៉ៃអង្គាសពីបងប្អូនទេ។ មានបងប្អូនខ្លះ គាត់ចង់បង្កើតមូលនិធិ បង្កើតកុង ដើម្បីទទួលយកថវិកាពីប្រជាពលរដ្ឋ ព្រោះបងប្អូនខ្លះគាត់ចង់បរិចាគ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយសង្កេតឃើញថា មានសន្ទុះយ៉ាងច្រើនពីប្រជាពលរដ្ឋ ក្នុងការគាំទ្រគម្រោងព្រែកជីកហ្វូណន។

លើសពីនេះ សម្ដេច​បានឲ្យដឹងថា កាលពីម្សិលមិញ សម្ដេច​បានជួបអ្នកវិភាគម្នាក់ គាត់បានលើកឡើងថា «មិនដែលឃើញគម្រោងណាមួយ មានចលនាជាតិនិយម នៅពីក្រោយ ពីគម្រោងព្រែកជីកហ្វូណន នេះទេ»។

ឆ្លើយតបការចោទថា កម្ពុជាខ្ចីលុយរដ្ឋចិន ដើម្បីជីកព្រែកហ្វូណនតេជោ សម្ដេចនាយករដ្ឋមន្ត្រី បានតបទៅវិញថា កម្ពុជា គឺចាប់ដៃជាមួយក្រុមហ៊ុនឯកជនចិន ដើម្បីយកថវិការជីកព្រែក​ជីក​ហ្វូណន មិនមែនខ្ចីលុយរដ្ឋចិន ដើម្បីជីកនោះទេ។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋគ្រប់ទើសទី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ។

គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន១១កន្លែង, សាងសង់ផ្លូវអមសាង ខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ