រាជធានីភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បើទ្វារជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប លើការងារផ្សេងៗ ដែលអឺរ៉ុបមាននៅក្នុងប្រទេសកម្ពុជា ។
ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នាវិមានរដ្ឋសភា លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចមហារដ្ឋសភាធិការធិបតី បានឲ្យដឹងថា ក្នុងជំនួបសម្តេច បានបញ្ជាក់ថា ៖ «រដ្ឋសភាកម្ពុជានៅតែបើកទ្វារទទួលជានិច្ចក្នុងការពិភាក្សា និងជជែកពីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលអឺរ៉ុបមាននៅកម្ពុជា» ។
អ្នកនាំពាក្យបានលើកឡើងបន្តថា រដ្ឋសភាកម្ពុជា បានធ្វើការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយនៅពេលថ្មីៗនេះ រដ្ឋសភាបានធ្វើការសហការជាមួយរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ហើយបានទទួលលិខិតថ្លែងអំណរគុណពីប្រជាពលរដ្ឋ ដែលបានទទួលដីដែលជាកម្មសិទ្ធិរបស់ខ្លួន ដែលមានបញ្ហាជារ៉ាំរ៉ៃជាច្រើនទស្សវត្សមក ។
លោកក៏បានឲ្យដឹងក្នុងជំនួបសម្តេចប្រធានរដ្ឋសភា បានលើកឡើង រដ្ឋសភា នៅតែធ្វើការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងនាមជាតំណាង របស់ប្រជាពលរដ្ឋ។ ជាងនេះ នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាប្រចាំ ទាំងសុខុមាលភាព ជីវភាព និងភាពសុខដុមរនារបស់ជាប្រជាពលរដ្ឋ ។
ក្នុងជំនួបនោះដែរ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បានថ្លែងអំណរគុណ និងអបអរសាទចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានទទួលការបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ដែលជាស្ថាប័នកំពុង និងជាស្ថាប័ន នីតិកម្មក្នុងការចូលរួមចំណែកការអនុម័តច្បាប់ និងជំរុញរដ្ឋាភិបាលឲ្យអនុវត្តច្បាប់ ក៏ដូចជាតំណាងរបស់ប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តមទូត ក៏បានពិភាក្សាលើប្រធានបទជាច្រើន និងទូលំទូលាយ ជាពិសេសនោះ បញ្ជាក់អំពីទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងសហភាពអ៊ឺរ៉ុប ដែលបានចាប់ផ្តើមទស្សវត្សមកហើយ ។ ដំបូងឡើយសភាអ៊ឺរ៉ុប បានជួយកម្ពុជា ក្នុងការស្តារសន្តិភាព និងធ្វើការលើកវិស័យអភិបាលល្អ កសិកម្ម អប់រំ វិស័យសុខាភិបាល ។ល។
បើតាមលោក កែវ ពិសិដ្ឋ បានឲ្យដឹងដែរថា សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានថ្លែងអំណរគុណដល់រដ្ឋសភា រដ្ឋាភិបាលអ៊ឺរ៉ុប ដែលបានជួយដល់កម្ពុជា ក្នុងការស្តារ និងដំណើរការអភិវឌ្ឍន៍តាំងពីកន្លងមក និងមកដល់បច្ចុប្បន្ន ដែលកម្ពុជាជាសមាជិកអាស៊ាន និងសមាជិក នៃកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយ ក៏ដូចជាសមាជិកនៅក្នុងប្រទេសអាស៊ីប៉ា ស៊ីហ្វិកផងដែរ ៕
ចែករំលែកព័តមាននេះ