ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១៧ ឧសភា ២០១១ ចៅក្រមទិតសុទ្ធី បូរ៉ាល័ក្ខ បានចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះអេង សំរេច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្ពប ឃុំមហាខ្ញូង ស្រុកកោះសូទិន ដោយចោទពីបទប្រព្រឹត្តហិង្សាដោយប្រើដាវកាប់ទៅលើបុរសចំនួន៣នាក់ បណ្តាលឲ្យរងរបួស ក្នុងខណៈពេលកំពុងជិះម៉ូតូកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ឧសភា នៅត្រង់ចំណុចផ្លូវកែងព្រៃចំការគ ស្ថិតក្នុងភូមិខ្ពប ឃុំមហាខ្ញូង ។
តាមសេចក្តីរាយការណ៍ពីលោកអនុសេនីយ៍ឯក ម៉ា ចិន្តា អធិការរងនគរបាលស្រុកកោះសូទិន ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះទាំង៣នាក់ ១-ឈ្មោះយ៉ៃ ទ្រី អាយុ៣០ឆ្នាំ ២-ឈ្មោះងួន ធូ អាយុ២២ឆ្នាំ ៣-ឈ្មោះបាន សាមុត អាយុ១៨ឆ្នាំ រស់នៅភូមិខ្ពប ឃុំមហាខ្ញូង ស្រុកកោះសូទិន ។ មុនពេលកើតហេតុពួកគេបានជិះម៉ូតូ១គ្រឿងម៉ាក C100 កូរ៉េ ចេញពីផ្ទះទៅមើលគេរាំលេងនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកោះសូទិន ។ ពេលជិះមកដល់ត្រង់ចំណុចផ្លូវកែងព្រៃចំការគ ក៏ស្រាប់តែជនសង្ស័យឈ្មោះសំរេច បានជិះម៉ូតូមកស្កាត់ពីមុខឲ្យឈប់។ ពេលនោះឈ្មោះយ៉ៃ ទ្រី ជាអ្នកឌុបបានឈប់ម៉ូតូ ហើយសួរនាំរកហេតុផល ស្រាប់តែឈ្មោះសំរេច ដែលស្រវឹងស្រាបានយកដាវមកកាប់ទាំងកំរោលតែម្តង ត្រូវចំកំភួនដៃឆ្វេង១កន្លែង និងខ្នងផ្នែកខាងឆ្វេង២កន្លែង។ឃើញបែបនេះ មិត្តភក្តិដែលរួមដំណើរជាមួយបានចុះទៅជួយ ក៏ត្រូវជននោះកាប់ឲ្យរងរបួសដែរ ដោយឈ្មោះងួន ធូ ត្រូវចំកំភួនដៃស្តាំ២កន្លែង និងគល់កូនដៃ១កន្លែង និងឈ្មោះបាន សាមុត ត្រូវចំប្រអប់ដៃឆ្វេង១កន្លែងរបួសធ្ងន់។ ទោះបីជាយ៉ាងណាជនដៃដល់បានត្រូវក្រុមអ្នករងគ្រោះទាំង៣នាក់ចាប់ក្រៀកជាប់ រួចប្រគល់ទៅឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំមហាខ្ញូង នាំខ្លួនជនសង្ស័យរូបនេះ ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីសួរនាំ ។
នៅមុខសមត្ថកិច្ចជនដៃដល់ឈ្មោះអេង សំរេច បានឆ្លើយសារភាពថា នៅវេលាម៉ោងប្រហែលជា៥ល្ងាច ថ្ងៃទី១៥ ឧសភា ២០១១ រូបគេបានទៅផឹកស៊ីនៅផ្ទះរបស់ឈ្មោះបឿន នៅភូមិខ្ពប ឃុំមហាខ្ញូង ដោយមានគ្នា៣នាក់ ក្នុងនោះមាន ១-រូបគេ ២-ឈ្មោះភួង និង៣-ឈ្មោះចិន ។ លុះដល់ម៉ោង៨យប់ ក៏បបួលគ្នាជិះម៉ូតូចេញពីកន្លែងផឹកស៊ីដោយឈ្មោះភូង ជាអ្នកឌុប ទៅមើលគេរាំលេងនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រាប់តែឃើញម៉ូតូ២គ្រឿងជិះមកកាត់ពីមុខម៉ូតូរបស់គេត្រង់ផ្លូវកែងចំការគ។ ភ្លាមនោះរូបគេ(សំរេច) បានស្រែកហៅឱ្យឈប់ ហើយម៉ូតូ២គ្រឿងនោះបានឈប់បែរក្បាលមកខាងក្រោយវិញ ។ ពេលនោះឈ្មោះយ៉ៃ ទ្រី បានដើរចុះពីលើម៉ូតូមកសួរនាំ ដោយប្រើសម្តីខ្លាំងៗឃើញបែបនេះ រូបគេបានទាញដាវកាប់ប្រាវតែម្តង បន្ទាប់មកក៏កាប់ទៅលើមិត្តភក្តិ២នាក់ទៀត ដែលចូលមកជួយ បណ្តាលឲ្យរងរបួសទាំង៣នាក់តែម្តង ។
លោកអនុសេនីយ៍ឯក ម៉ា ចិន្តា អធិការរងនគរបាលស្រុកកោះសូទិន បានបញ្ជាក់ថា ក្មេងទំនើងឈ្មោះសំរេច រូបនេះឲ្យតែរូបគេស្រវឹងខូចណាស់តែងតែរករឿងគេឯងនៅក្នុងភូមិ ហើយលើកនេះជននេះបានកាប់គេឲ្យរបួសចំនួន៣នាក់ទៀត ។ ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចធ្វើយ៉ាងណាត្រូវតែចាប់ជននេះដាក់គុកឲ្យបានយូរទើបគេរាងចាល៕
ចែករំលែកព័តមាននេះ