ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

កសិកម្ម​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​ដ៏​សំខាន់​។ ទោះ​ពេល​ទទួល​រង​ព្យុះ​ភ្លៀង​ពី​វិបត្តិ​សកល​នានា ដូច​ជា​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី កសិកម្ម​នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ​ទ្រ​ង​ទ្រង់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​បាន​រួមចំណែក​លើកកម្ពស់

កសិកម្ម​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​ដ៏​សំខាន់​។ ទោះ​ពេល​ទទួល​រង​ព្យុះ​ភ្លៀង​ពី​វិបត្តិ​សកល​នានា ដូច​ជា​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី កសិកម្ម​នៅ​តែ​ឈរ​យ៉ាង​រឹង​មាំ​ទ្រ​ង​ទ្រង់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​បាន​រួមចំណែក​លើកកម្ពស់ ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​កសិករ​ខ្មែរ​។

ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​ស្បៀង តែ​កម្ពុជា​គ្មាន​ការ​ព្រួយបារម្ភ​ពី​ករណី​នេះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ផល​ពី​វិស័យ​កសិកម្ម បាន​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ចជាតិ​ទៀត​ផង​។ ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កសិករ ក៏​ដូច​ជា ប្រទេស​ជាតិ​រីក​ចម្រើន ជា​ពិសេស​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​បាន​មួយ​ផ្នែក​ផង​។

ផ្អែក​លើ​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិសាស្ត្រ ពលរដ្ឋ​កម្ពុជា​ទំនង​មិន​អាច​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀងអាហារ​ទទួលទាន​នោះ​ឡើយ​។ ដី​កម្ពុជា សម្បូរ​ជីវជាតិ អាច​ដា​ដុះ​ដំណាំ​ច្រើន​ប្រភេទ​។ គេ​បានដឹង កម្ពុជា​នៅ​មិន​ទាន់​ប្រើប្រាស់​ធនធាន​ដែល​មាន​ឱ្យ​អស់​ក្នុង​វិស័យ​កសិកម្ម​នោះ​ឡើយ​។ បច្ចុប្បន្ន គេ​បាន​សង្កេត​ឃើញ​ថា ដី​នៅ​ជនបទ​ជា​ច្រើន នៅ​ទុក​ទំនេរ​ចោល​។

កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​ពេល​សកលលោក​ជួប​វិបត្តិ​ស្បៀងអាហារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កម្ពុជា មិន​ត្រឹម​មិន​ខ្វះ​ស្បៀង​នោះ​ទេ តែ​វិស័យ​កសិកម្ម បាន​ចូលរួម​ទ្រង់​ទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​បាន​ទៀង​ផង​។ មេរៀន​នេះ បាន​បញ្ជាក់​ថា នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ឱ្យ​តែ​ពលរដ្ឋ​កម្ពុជា ឧស្សាហ៍​ដាំ​ដុះ ឧស្សាហ៍​ចិញ្ចឹមសត្វ ហើយ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ទៀត​នោះ ការ​ចិញ្ចឹមជីវិត​នៅ​កម្ពុជា មិន​មានការ​លំបាក​ឡើយ​។

ឆ្នាំ​២០២២ វិស័យ​កសិកម្ម ត្រូវ​គេ​ដឹង​ថា បាន​រួមចំណែក​ជាង ២២​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) កម្ពុជា​។ ផលិតផល​កសិកម្ម​ចំនួន ៨,៦​លាន​តោន ដែល​ស្មើនឹង​តម្លៃ​សរុប​ជិត ៥​ពាន់​លាន​ដុល្លារ ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​អន្តរជាតិ​។ កាលពី​ឆ្នាំ​២០២២ ការ​នាំ​ចេញ​អង្ករ​សម្រេច​បាន ៦៣៧​ពាន់​តោន កើន ៣,២៣​ភាគរយ ធៀប​ឆ្នាំ​២០២១ និង​កសិផល​ក្រៅពី​ស្រូវ​អង្ករ​ចំនួន ៥,៧៨​លាន​តោន កើន​ពី​ចំនួន ៥,០១​លាន​តោន​។

ប៉ុន្តែ​មានការ​មើលឃើញ​ថា ចំនួន​ប្រជាជន​កម្ពុជា ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយសារ​ចរន្ត​នៃ​ការ​ធ្វើ​ចំណាកស្រុក​។ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ដែល​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​មួយ​ចំនួន​បាន​ទៅ​លក់​កម្លាំង​ពលកម្ម នៅ​តាម​ចម្ការ​ដំឡូង ចម្ការពោត និង​ចម្ការ​ផ្លែ​របស់​គេ​ប៉ុណ្ណោះ​។ ក្រៅពី​ថៃ ពលរដ្ឋ​ខ្មែរ​ទៅ​លក់​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ទៀត​ផង​។ ក្នុង​ចំណោម​ពលករ​ដែល​បាន​ចំណាកស្រុក​បាន​លើក​ឡើង​ថា «​ប្រសិនជា​នៅ​កម្ពុជា​មានការ​ងារ​ធ្វើ ហើយ​កម្រៃ​ពលកម្ម​សមរម្យ​នោះ ពួក​គេ​នឹង​មិន​ធ្វើ​ចំណាកស្រុក​ឡើយ​»​។

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​ដាក់​ចេញ​នូវ​វិធានការ​លើកកម្ពស់​វិស័យ​កសិកម្ម​។ ការ​ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម ចុះ​តាម​ឃុំ​នៅ​ទូ​ទាំង​ប្រទេស​ជា​ការងារ​អាទិភាព មួយ​ដែល​រដ្ឋ​បាន​ប្រកាស ដើម្បី​ជួយ​គាំទ្រ​លើក​ការងារ​បច្ចេកទេស ទាំង​បច្ចេក​កសិកម្ម និង​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ ជា​ពិសេស​ការ​ណែនាំ​ពី​របៀប​ប្រើប្រាស់​ទឹក ដើម្បី​ឱ្យ​សម​ស្រប​នឹង​ប្រភេទ​ដំណាំ​ដែល​កសិករ​បាន​ដាំ​ដុះ​។

ក្រៅពី​នេះ ការ​ពង្រឹងគុណភាព និង​បច្ចេកទេស​ដាំ​ដុះ ទីផ្សារ​លក់​កសិផល ថ្លៃដើម​នៃ​ការ​ដាំ​ដុះ ដូច​ជា ៖ តម្លៃ​ជី​កសិកម្ម តម្លៃ​ពូជ តម្លៃ​អគ្គិសនី ការ​ផ្តល់​ប្រភព​ទឹក​ក្នុង​ការ​ដាំ​ដុះ​តាម​រយៈ​ការ​កសាង​ប្រព័ន្ធ​ធា​រាស្ត្រ ប្រឡាយ​បន្ថែម សុទ្ធ​សឹង​ជា​ការងារ​ដែល​គេ​មិន​ត្រូវ​មើល​រំលង​បាន​នោះ​ទេ​។ ការ​អភិ​វឌ្ឍន៍ និង​លើកកម្ពស់​វិស័យ​កសិកម្ម ជា​ការ​ចាំបាច់​ដោយសារ​តែ​កសិកម្ម​ជា​ផ្នែក​សំខាន់​នៅ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ និង​ពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ និង​ជា​ប្រវត្តិសាស្ត្រ​មក​ហើយ ដែល​ពលរដ្ឋ​ខ្មែរ​បាន​រស់នៅ​ដោយ​ពឹង​កសិកម្ម​។

ទោះ​កម្ពុជា ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បែប​ឧស្សាហកម្ម​យ៉ាងណា​ក្តី តែ​វិស័យ​កសិកម្ម នៅ​តែ​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ ។ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា វិស័យ​កសិកម្ម​នៅ​តែ​បន្ត​តួនាទី​ជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ក្នុង​ទសវត្សរ៍​ខាង​មុខ ទោះបីជា​កម្ពុជា បាន​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ក៏​ដោយ​៕

ដោយ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ