រាជធានីភ្នំពេញ ៖ រឿងវិវាទគ្នាមួយរវាងបុរសជាបងថ្លៃនិងប្អូនថ្លៃ បានក្លាយជាអំពើហិង្សាបណ្តាលឱ្យបុរសជាប្អូនថ្លៃរងរបួស កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ឧសភា នៅក្នុងផ្ទះជួលលេខ១០៦ ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ ក្នុងអំពើហិង្សានេះបុរសជាបងថ្លៃ បានកាប់ប្អូនថ្លៃ៥កាំបិតប៉័ងតោ បណ្តាលឱ្យផុងលលាដ៍ក្បាល ដាច់សរសៃកដៃខាងឆ្វេង និងរយះកដៃស្តាំធ្ងន់ធ្ងរ។ ដោយឡែកស្ត្រីជាប្អូន និងជាប្រពន្ធអ្នករងគ្រោះ ពេលឃើញបងប្រុសកាប់ ដូច្នេះក៏រត់ទៅក្រាបពីលើប្តី ហើយត្រូវបងប្រុសកាប់ ជាច្រើនកាំបិតបែកក្បាលហូរឈាមកក្លាក់ដែរ ។
តាមប្រភពព័ត៌មានពីប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូ២ បានឱ្យដឹងថា បុរសរងគ្រោះជាប្អូនថ្លៃ ឈ្មោះលាង ចំរើន អាយុ២៩ឆ្នាំ ជាប៉ូលិសអគ្គិភ័យ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី ប្រពន្ធឈ្មោះសាវុធ ពៅធីតា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ មានកូនប្រុសម្នាក់អាយុ៣ឆ្នាំ ។ ចំណែកបងថ្លៃប្រុសជាជនដៃដល់ឈ្មោះសាវុធ វតនា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានឱ្យដឹងទៀតថា បងថ្លៃឈ្មោះសាវុធ វតនា បានមកស្នាក់នៅជាមួយប្តីប្រពន្ធ ខាងលើតាំងពីថ្ងៃទី១១ ឧសភា មកម៉្លេះ ។ ពេលមកស្នាក់នៅនោះក៏បានឃើញប្តីប្រពន្ធតែងមានទំនាស់នឹងគ្នា លុះនៅថ្ងៃកើតហេតុមិនដឹងជាមានបញ្ហាអ្វី ខណៈពេលពីរនាក់ប្តីប្រពន្ធកំពុងដេកជាមួយកូនស្រាប់តែបុរសជាបងថ្លៃរូបនេះយកកាំបិតប័ុងតោកាប់ប្អូនថ្លៃ ឈ្មោះលាង ចំរើន មិនបណ្តាក់ដៃចំនួន៥កាំបិត ក្នុងនោះ២កាំពិតចំកណ្តាលក្បាល ២កាំបិតយកដៃរងចំសរសៃកដៃខាងឆ្វេង និងមួយកាំបិតទៀតរយះដៃខាងស្តាំ ។ ពេលកាប់នោះបាននិយាយទាក់ទិនទៅនឹងការវាយប្អូនស្រីរបស់ខ្លួន ចំណែកប្រពន្ធភ្ញាក់ឡើងក៏បានឃាត់បង តែឃាត់មិនឈ្នះក៏ក្រាបលើប្តីហើយត្រូវបងប្រុសកាប់ត្រូវខ្នង និងក្បាលជាច្រើនកាំបិតដែរ លុះឃើញកាប់ត្រូវប្អូនស្រីខ្លួនក៏ឈប់កាប់រួចទម្លាក់កាំបិតដើរចេញក្រៅបាត់ ។ រីឯអ្នកជិតខាងដែលឃើញហេតុការណ៍ទូរស័ព្ទរាយការណ៍ទៅប៉ូលិស ភ្លាមៗនោះប៉ូលិសក៏បានចុះទៅដល់កន្លែងកើតហេតុ តែស្ត្រីជាប្រពន្ធមិនសហការជាមួយសមត្ថកិច្ចទេ ប្រាប់ថា ជារឿងប្តីប្រពន្ធរបស់ខ្លួន ។ បន្ទាប់មកអ្នកជិតខាងប្រាប់ថា ប្តីនាងត្រូវគេកាប់ក្បាលរបួសធ្ងន់ធ្ងរដើរទៅគ្លីនិកវណ្ណលីដាបាត់ហើយទើបប៉ូលិសទៅតាមសួរនាំទៀត ។
ដោយឡែកប្រភពព័ត៌មានពីស្ត្រីឈ្មោះផាន់ ស្រួយ អាយុ៥៧ឆ្នាំ មុខរបរលក់អំបិលនៅផ្សារចាស់ ទីលំនៅផ្ទះលេខ១៣៣ វិថីព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងត្រូវជាម្តាយរបស់បុរសរងគ្រោះ បានឱ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗអ្នកជិតខាងបានទូរស័ព្ទប្រាប់គាត់ថា កូនប្រុសឈ្មោះលាង ចំរើន ត្រូវគេកាប់របួសធ្ងន់ធ្ងរ។ ភ្លាមនោះគាត់បានឱ្យកូនប្រុសម្នាក់ទៀតជិះម៉ូតូទៅមើល ខណៈមកដល់ផ្ទះកើតហេតុអ្នកជិតខាងប្រាប់ថា បងប្រុសដើរទៅគ្លីនិកវណ្ណលីដា ក៏តាមទៅមើលឃើញអង្គុយលើកៅអីខ្លួនប្រឡាក់សុទ្ធតែឈាម សូម្បីគ្រូពេទ្យក៏មិនហ៊ានមើលដែរ ព្រោះរបួសធ្ងន់ធ្ងរ ក៏ហៅរ៉ឺម៉កម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកប្រពន្ធ ជិះម៉ូតូឌុបតាមក្រោយទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈដែរ ។
ស្ត្រីជាម្តាយបានបន្តថា ប្តីប្រពន្ធ នេះរៀបការបីឆ្នាំមកហើយ ពេលរៀបការរួចសល់ប្រាក់ចំណងដៃខ្លះ ពីរនាក់ប្តីប្រពន្ធបានទៅប្រកបរបរលក់មាសនៅផ្សារទួលគោក ។ ពេលលក់មាសនោះ បងស្រីរបស់ប្រពន្ធមកលួចមាសនិងប្រាក់អស់៦ពាន់ដុល្លារ ។ ចាប់ពីពេលនោះមកប្តី ប្រពន្ធនេះក៏ធ្លាក់ខ្លួនជួលផ្ទះគេនៅ ចំណែកប្តីធ្វើប៉ូលិសអគ្គិភ័យ ហើយនៅក្នុងគ្រួសារក៏ចេះតែមានរឿងរកាំរកូសកើតឡើង។ នៅក្នុងមន្ទីរពេទ្យ ទាំងពីរនាក់ប្តីប្រពន្ធដេកគ្រែជិតគ្នា បុរសជាប្តីបាននិយាយសុំលែង តែនាងប្រពន្ធមិននិយាយអ្វីទាំងអស់ ស្ថិតក្នុងទឹកមុខក្រៀមក្រំ ។
តាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចថា ករណីនេះជាអំពើហិង្សាដោយចេតនា ។ សមត្ថកិច្ចក៏បង្ហើបឱ្យដឹងដែរថា ពេលកើតហេតុភ្លាមៗបើសិនជាប្រពន្ធប្រាប់ថា បងប្រុសបង្កើតកាប់ ប្រហែលជាចាប់ជនល្មើសបានហើយ ព្រោះពេលនោះជនប្រព្រឹត្តក៏នៅកន្លែងកើតហេតុដែរ បន្ទាប់មកទើបគេចខ្លួន ៕
ចែករំលែកព័តមាននេះ