រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបានបោះពួយទៅបុកដើមអំពិលទឹកក្បែរមាត់ស្រះ បណ្តាលឱ្យខូចខាតផ្នែកខាងមុខក្រពឹតយ៉ាងដំណំកាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី១៩ ឧសភា ២០១១ លើផ្លូវភ្នំពេញ-ហាណូយ ហៅផ្លូវ១០១៩ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យោងតាមសម្តីអ្នកដែលឃើញហេតុការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី១៩ ឧសភា ២០១១ រថយន្តកូរ៉ូឡា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-3237 មួយគ្រឿងនេះបើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ រថយន្តក៏បួងចង្កូតបត់មកខាងស្តាំវិញដើម្បីតម្រង់ផ្លូវទៅផ្ទះ ក៏ជ្រុលចង្កូតបុកដើមអំពិលទឹក១ដើម ក្បែរមាត់ស្រះនៅជាប់ផ្លូវបណ្តាលឱ្យរថយន្តក្រពឹតខាងមុខខ្លាំង ឯអ្នកបើកបររងរបួសស្រាល បានបើកទ្វារចុះចេញពីរថយន្ត រួចហើយដើរចេញពីកន្លែងកើតហេតុបាត់ទៅ។ អ្នកឃើញហេតុការណ៍បានបន្តថា មុនពេលចាកចេញ ម្ចាស់រថយន្តបានប្រាប់គេឯងថា ខ្ញុំមិនអីទេ… ខ្ញុំគ្មានគ្រោះថ្នាក់អ្វីទេ គ្រាន់តែងងុយដេកបន្តិចបន្តួចក៏ជ្រុលចង្កូតទៅបុកដើមអំពិលទឹកតែម្តងទៅ។ ភ្លាមនោះ ម្ចាស់រថយន្តក៏បានទូរស័ព្ទហៅបងប្អូនមកយកទៅផ្ទះបាត់ទៅ ។
អ្នកឃើញហេតុការណ៍បន្តថា ម្ចាស់រថយន្តម្នាក់នេះសំណាងហើយដែលបានដើមអំពិលទឹកក្បែរនោះជួយទប់មិនឱ្យធ្លាក់ចូលទឹកស្រះ បើមិនដូច្នោះទេ ច្បាស់ជាគ្រោះថ្នាក់ធ្ងន់ធ្ងរជាមិនខាន ឬអាចថា បើកទ្វារមិនរួចឈ្លក់ទឹកស្លាប់ក៏ថាបាន ព្រោះឱ្យតែរថយន្តធ្លាក់ទឹកគឺបើកទ្វារមិនចេញទេ ៕
ចែករំលែកព័តមាននេះ