ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ស្លាប់ដោយសារចរន្តអគ្គិសនីឆក់ពេលកំពុងដើរចាប់ហ៊ីងក្បែរជញ្ជាំងផ្ទះគេ កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៨ ឧសភា នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលគោករមៀតឱ្យដឹងថា ជនរងគ្រោះឈ្មោះរ័ត្ន សៅ អាយុ៤៥ឆ្នាំ ជាកម្មករលីសែង ស្នាក់នៅភូមិថ្នល់បំបែក ឃុំគោករមៀត និងមានទីលំនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមការស្រាវជ្រាវជុំវិញហេតុការណ៍នោះដឹងថា នាវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ ពេលមេឃភ្លៀងជនរងគ្រោះចេញទៅចាប់ហ៊ីង នៅក្បែរផ្ទះរបស់ឈ្មោះទួន ឧត្តម ភេទប្រុស អាយុ៤៣ឆ្នាំ ជាជាងជួសជុលម៉ាញ៉េ ទូរទស្សន៍ ហើយប៉ះជញ្ជាំងស័ង្កសី និងខ្សែភ្លើងក៏ត្រូវចរន្តភ្លើងឆក់ស្លាប់ភ្លាម។
បើតាមលោកមេភូមិថ្នល់បំបែកឱ្យដឹងថា គាត់ក៏ធ្លាប់ចរន្តភ្លើងឆក់ដែរ ខណៈពេលគោះទ្វារដាស់ម្ចាស់ផ្ទះនោះពេលយប់។ បើតាមការសន្និដ្ឋាន នៅពេលយប់ម្ចាស់ផ្ទះបង្កៃខ្សែភ្លើង ដើម្បីការពារជនខិលខូច ប៉ុន្តែបែរជាប៉ះជនស្លូតត្រង់ជាកម្មករលីសែងដែលប្រើកម្លាំងកាយ ដើម្បីប្តូរយកកម្រៃចិញ្ចឹមប្រពន្ធកូននៅឯផ្ទះទៅវិញ។ បុរសជាម្ចាស់ផ្ទះត្រូវប៉េអឹមនាំខ្លួនទៅទីស្នាក់ការ ដើម្បីសួរនាំជុំវិញហេតុការណ៍នោះ៕
ចែករំលែកព័តមាននេះ