ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋជាង​២​ពាន់​គ្រួសារ ក្នុង​ក្រុង​ពោធិ៍សាត់ ដែលរង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ ទទួល​អំណោយ​សង្គ្រោះ​បន្ទាន់

6 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ក្រុង​ពោធិ៍សាត់ ចំនួន​២,៣០៥​គ្រួសារ បាន​ទទួល​អំណោយ​សង្គ្រោះ​បន្ទាន់​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣…

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ក្រុង​ពោធិ៍សាត់ ចំនួន​២,៣០៥​គ្រួសារ បាន​ទទួល​អំណោយ​សង្គ្រោះ​បន្ទាន់​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ខេត្តពោធិ៍សាត់ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ទឹក​សុទ្ធ ១​កេស ។

លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត បាន​បញ្ជាក់​ថា នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​បងប្អូន​ប្រជា​កសិករ ខណៈ​ពេល​ដែល​លោក និង​លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ដឹកនាំ​ក្រុមការងារ​ពិនិត្យ​លើ​ស្ថានភាព នៃ​ទំហំ​ផល​ប៉ះពាល់​ខូចខាត​ជាក់ស្ដែង នា​ពេល​កន្លង​ទៅ ។

លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា បាន​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្រោយ​ពី​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ចំនួន​២,៣០៥​គ្រួសារ មក​ពី​សង្កាត់​លលកស សង្កាត់​ព្រៃ​ញី សង្កាត់​រលាប សង្កាត់​បន្ទាយ​ដី សង្កាត់​ផ្ទះ​ព្រៃ និង​សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ គ្រាន់តែ​ជួយ​សម្រាល និង​ដោះស្រាយ​ជីវភាព​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ មិន​អាច​ទទួលទាន​យូរអង្វែង​នោះ​ទេ កត្តា​សំខាន់​សូម​បន្ត​ការ​ដាំ​ដុះ ចិញ្ចឹមសត្វ និង​ប្រកប​មុខរបរ​ផ្សេង​ៗ​ទៀត​ទើប​ប្រសើរ ។

លោក ខូ​យ រី​ដា សូម​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​ធ្វើស្រែ​បន្ត ក្នុង​គោលបំណង​ស្តារ​ឡើង​វិញ បើ​ខ្វះ​ពូជ​សូម​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ ដើម្បី​ដោះស្រាយ​ជូន​។ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​មានការ​ទំនាក់ទំនង ផ្សារ​ភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ ស្គាល់​អំពី​សុខទុក្ខ​ជាប់​ជា​និច្ច ព្រោះថា បងប្អូន​ប្រជាពលរដ្ឋ​យើង​នេះ​ហើយ ជា​អ្នក​កំណត់​បាន​នូវ​ជោគវាសនា​ប្រទេស​ជាតិ ក៏​ដូច​ជា​អ្នក​ជម្រុញ​ច​លករ កម្លាំង​សេដ្ឋកិច្ច​ឲ្យ​ដើរទៅ​មុខ​។ ដូច​គ្នា​នោះ​ដែរ កិច្ចការ​បន្ទាប់ ប្រសិនបើ​បងប្អូន​មាន​បញ្ហា​ទាក់ទង​ទៅ​នឹង​ការងារ​បង្កបង្កើន​ផល សូម​ទំនាក់ទំនង ទៅ​អាជ្ញា​ឃុំ ដើម្បី​ជំនាញ​កសិកម្ម​យើង បាន​ចុះ​ជួយ​អន្តរាគមន៍ ទាន់​ពេលវេលា​។ ការ​អនុវត្ត​ប្រព័ន្ធ​ស្បៀង​បម្រុង​នេះ គឺជា​ទស្សនៈវិស័យ​ដ៏​វែង​ឆ្ងាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ការ​លើកទឹកចិត្ត និង​ជម្រុញ​ចលនា​បង្កបង្កើន​ផល ជា​ពិសេស គឺ​ផ្តោត​ទៅ​លើ​ប្រជាពលរដ្ឋ​គោលដៅ​អាទិភាព ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ជីវភាព បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ ។

លោក ចាប នាង អភិបាលក្រុង​ពោធិ៍សាត់ ឲ្យ​ដឹង​ថា ក្រុង​ពោធិ៍សាត់​ប៉ះពាល់​ជំនន់​ទឹកភ្លៀង កាលពី​ថ្ងៃ​ទី​២៩-៣០ ខែកញ្ញា ឆ្នាំ​២០២៣ ធ្វើ​ឲ្យ​លិចលង់​ហេដ្ឋារចនាសម្ព័ន្ធ ភូមិដ្ឋាន និង​ផលដំណាំ ចំនួន​៧​សង្កាត់ ស្មើ​៧៣​ភូមិ ប្រជាពលរដ្ឋ ៦,៤៥៨​គ្រួសារ ស្មើនឹង ៥,៨៥៦​ខ្នង​ផ្ទះ ជម្លៀស​មនុស្ស ៨៧៩​គ្រួសារ​។ ដំណាំ​កសិកម្ម​ស្រូវ​ជាង ៣,០០០​ហិ​កតា ខូច​អស់​ជាង ១,០០០​ហិ​កតា ខូចខាត​ហេ​ដ្ឋា​ច​នា​សម្ព​ន្ធ័​ផ្លូវថ្នល់​ជា​ច្រើន​ខ្សែ ហើយ​បាន​ចែក​ជូន​ស្បៀង​រួច​ចំនួន ៣,០៣៨​គ្រួសារ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០៨​ខែតុលា​ឆ្នាំ​២០២៣​កន្លង​ទៅ លោក ខូ​យ រី​ដា បាន​ចែក​ស្បៀង​សង្គ្រោះ​បន្ទាន់ របស់​រាជរដ្ឋាភិបាល តាម​រយៈ​គណៈកម្មាធិការ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មក​ពី​ឃុំ​អន្លង់​វិល ឃុំ​ស្យា ឃុំ​កញ្ជរ ឃុំ​កណ្តៀង ឃុំ​ស្រែ​ស្តុក ឃុំ​កោះ​ជុំ ឃុំ​វាល និង​ឃុំ​ស្វាយ​លួង ក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ សរុប​ចំនួន​១០៩៣​គ្រួសារ ហើយ​គ្រោង​បន្ត​ចែក នៅ​ស្រុក​បាកាន និង​ស្រុក​កណ្តៀង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ