ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ដែលត្រូវម្តាយក្មេងស្រីរងគ្រោះចោទប្រកាន់ពីបទចាប់រំលោភកូនស្រីគាត់ បានត្រូវប៉ូលិសស្រុកអូរជ្រៅចាប់ឃាត់ខ្លួន ។ ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ ឧសភា ២០១១ នៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីប៉ូលិសប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះថន ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករដាំពោត នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ គេបានសារភាពនៅមុខសមត្ថកិច្ចប៉ូលិសថា ខ្លួនគេពិតជាបានហៅកុមារីរងគ្រោះកំពុងតែដើរកាត់មុខផ្ទះឱ្យចូលក្នុងផ្ទះរួចចាប់រំលោភបានសម្រេចមែន។
ម្តាយក្មេងស្រីរងគ្រោះអាយុ៥០ឆ្នាំ បាននិយាយប្រាប់ប៉ូលិសប៉ុស្តិ៍អូរបីជាន់ថា មុនពេលកើតហេតុ កូនស្រីគាត់បានដើរលេងក្នុងភូមិជាមួយមិត្តភក្តិដែលជាក្មេងតូចៗ ពេលត្រឡប់មកផ្ទះវិញបុរសឈ្មោះថន ធឿន បានស្រែកហៅកូនស្រីគាត់ឱ្យចូលក្នុងផ្ទះរួចចាប់រំលោភតែម្តង។ពេលកូនស្រីគាត់មកដល់ផ្ទះមានស្នាមទឹកភ្នែក គាត់ក៏បានសួរនាំ ពេលនោះកូនស្រីបានឆ្លើយថា «ពូធឿនចាប់រំលោភនៅលើផ្ទះ» ហើយគាត់ក៏ទៅប្តឹងប៉ូលិសប៉ុស្តិ៍ឱ្យចាប់ឃាត់ខ្លួនតែម្តង ។
រីឯកុមារីរងគ្រោះបានឆ្លើយនៅមុខសមត្ថកិច្ចថា នាងបានដើរទៅលេងផ្ទះមិត្តភក្តិ ពេលត្រឡប់មកវិញស្រាប់តែពូថន ធឿន ស្រែកហៅនាងបីបួនដងនាងក៏ដើរចូលទៅ ពេលនោះពូថន ធឿន ឱ្យនាងឡើងលើផ្ទះ ហើយក៏ចាប់រំលោភនាងតែម្តង។ ក្រោយមកគាត់បានប្រើពាក្យសម្តីគំរាម បើឱ្យនរណាដឹង នឹងសម្លាប់ចោល ។
លោក ស ឆុង អធិការប៉ូលិសស្រុកអូរជ្រៅបានឱ្យដឹងថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងតាមពាក្យបណ្តឹងម្តាយកុមារីរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ