ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​​ជនបទ​​ចុងកាត់​មាត់ញក​​កំពុង​ស្វែង​រក​​សប្បុរសជន​ជួយ​កសាង​

12 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​វត្ត​មួយ​ក្នុង​ភូមិ​តាហ៊ែល​(ខ) ឃុំរាធរ ស្រុក​ព្រះ​ស្តេច​ ដែល​ស្ថិត​​នៅ​តាម​ដង​​ទន្លេ​តូច​ជាប់​ព្រំ​ប្រទល់​​ខេត្ត​ដុង​ថាប់​ វៀតណាម​ មាន​សភាព​អត្តខាត់​ជាង​គេ​ក្នុង​ចំណោម​​​វត្ត​ទាំងអស់​ក្នុង​ខេត្ត ដោយសារ​មាន​​ប្រជា​ពល​រដ្ឋ​តិចតួច​រស់​នៅ​​ទីនោះ​ប្រកប​របរ​កសិកម្ម​ និង​​ដាំដំណាំ​រួម​ផ្សំ​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​​គ្រួសារ

ខេត្ត​ព្រៃវែង ៖ ​វត្ត​មួយ​ក្នុង​ភូមិ​តាហ៊ែល​(ខ) ឃុំរាធរ ស្រុក​ព្រះ​ស្តេច​ ដែល​ស្ថិត​​នៅ​តាម​ដង​​ទន្លេ​តូច​ជាប់​ព្រំ​ប្រទល់​​ខេត្ត​ដុង​ថាប់​ វៀតណាម​ មាន​សភាព​អត្តខាត់​ជាង​គេ​ក្នុង​ចំណោម​​​វត្ត​ទាំងអស់​ក្នុង​ខេត្ត ដោយសារ​មាន​​ប្រជា​ពល​រដ្ឋ​តិចតួច​រស់​នៅ​​ទីនោះ​ប្រកប​របរ​កសិកម្ម​ និង​​ដាំដំណាំ​រួម​ផ្សំ​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​​គ្រួសារ ។ ប្រជាជន​ទាំង​នោះ​​​រស់​នៅ​​លើ​ដីទួល​ៗ ព្រោះ​​​ងាយ​​​ស្រួល​ចិញ្ចឹម​​សត្វ​គោ-​ក្របី​ ជ្រូក មាន់ ទា​ ។ ពេល​រដូវ​​វស្សា​ទឹកលិចចូល​ដល់​ក្រោម​ផ្ទះ​ដែល​មើល​ទៅ​ល្ហ​ល្ហាច​​ដូច​ផ្ទៃ​សមុទ្រ​ គ្រួសារនីមួយៗ​​​ប្រើ​ទូក​ជា​យាន​ជំនិះ​ក្នុង​ការ​ធ្វើ​ដំណើរ​​ទៅ​ផ្សារ​ទៅភូមិ​ឬទៅ​​​វត្តឧត្តម​ជលសារ​រការាម ដែល​ជា​វត្ត​អត្តខាត់​បំផុត។ វត្ត​នេះ​​កកើត​តាំងពី​​ឆ្នាំ​២០០៧​ មក​ដល់​សព្វ​ថ្ងៃ​​នេះ​ គឺ​ខ្វះ​​​​មុខ​ខ្វះ​ក្រោយ​ ​​ដោយ​សារ​វត្ត​នេះ​កសាង​ពីបាតដៃទទេ​ ដោយ​កម្លាំង​សទ្ធាជ្រះថ្លា​របស់​ពុទ្ធ​បរិស័ទ​​ចំណុះ​​ជើង​វត្ត​ទាំង​មូល ។

តាម​​ការ​រៀបរាប់​​របស់​​លោក​តា​អាចារ្យ​​វត្ត​ ហីម អៀង អាយុ​៧០ឆ្នាំ​ ឱ្យ​ដឹងថា ​ប្រជា​ពល​​រដ្ឋ​កាលពី​បុរាណ​​បើ​ចង់​ទៅធ្វើ​បុណ្យ​ឯវត្ត​ត្រូវ​ឆ្លង​បឹង​បួ​ចម្ងាយ​ជាង​៥​គីឡូម៉ែត្រ​ ដូច្នេះ​​​មនុស្ស​ចាស់​​ជរា​ ពិការ​ មិន​អាច​​ទៅ​បាន​ទេ ​ក៏​មូល​មតិ​​គ្នា​​បង្កើត​​​ជា​វត្ត​ថ្មី​មួយ​នេះ​​នៅឆ្នាំ​២០០៧ ក្នុង​ភូមិ​តាហ៊ែល(ខ) ដើម្បី​​​ងាយ​ស្រួល​​​ធ្វើ​សមាទាន​សីល​​​និង​ធ្វើ​​បុណ្យ​នានា​ ជាពិសេស​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​​ក្រោយ ។​​​ លោក​តា​​បញ្ជាក់​ថា​ បើ​ចង់​ទៅ​សុំ​សីល​​នៅ​វត្ត​ភូមិ​តាហ៊ែល«ក» គឺត្រូវ​​ដើរ​កាត់​​​បឹង​ឬ​អុំ​ទូក​​ ហើយ​បើ​មាន​ភ្លៀង​​កាន់​តែ​ពិបាក​ព្រោះ​​រអិល​មុខ​ក្រោយ​ជួន​ក៏​ដួល​កំពប់​បាយ​​​សម្លខក​ខាន​យក​ចង្ហាន់​​ប្រគេន​ព្រះ​សង្ឃក៏​មាន​ ដូច្នេះ​​​ហើយ​បាន​ជា​មានការ​មូល​មតិគ្នា​​​កសាង​​វត្ត​ថ្មី​នេះ​ឡើង ។ តែការ​កសាង​​​ហាក់​​ដូចជា​ជំហាន​​គីង្គក់​ត្រូវ​របួស​អញ្ចឹង​ គឺ​ដំបូង​​​សង់​រោងសាឡំ​ តូច​មួយ​​ដើម្បី​តម្កល់​ព្រះ​​ពុទ្ធ​បដិមា​​​១អង្គ​​​គ្រាន់​​បាន​ជា​ទីសក្ការៈថ្វាយ​​​​បង្គំ​​រាល់​ថ្ងៃ​សីល​ឬ​ថ្ងៃ​បុណ្យ​នានា ។ ក្រោយ​មក​សាង​សង់​​កុដិ​​ឈើ​​តូច​មួយ​ប្រគេន​​ព្រះ​សង្ឃសម្រាប់​​គង់នៅ​ ។ គាត់​និយាយថា ​ដោយសារ​​ស្ថាន​​ភាព​​លំបាក​​លំបិន​ ព្រះ​សង្ឃ​​ខ្លះ​គង់​នៅ​បាន​១​វស្សា​​ក៏និមន្ត​​ទៅ​ចោល​​វត្ត​ទៅរក​វត្ត​ផ្សេង​ក៏​មាន​ ខ្លះ​​ក៏គង់​​​នៅ​បាន​យូរ​រហូត​ដល់​​សព្វ​ថ្ងៃ​​ ។

ចៅ​អធិការ​ព្រះ​នាម​ញ៉ែម ពេជ្រ​មុន្នី ព្រះ​ជន្ម​​​២៧​ឆ្នាំ មាន​ស្រុកកំណើត​​នៅ​ភូមិ​អំពៅព្រៃ ឃុំ​កោះ​សំពៅ​​ ស្រុក​ពាមជរ​ ដែលគង់​នៅ​បាន​យូរ​​ជាង​គេ​បាន​តស៊ូ​ដឹកនាំ​កសាង​​សមិទ្ធ​ផល​នានា​​ក្នុង​វត្ត ដូចជាកសាង​​ផ្លូវ​លំ១​ខ្សែ​ ពីវត្ត​ទៅភូមិ​តាហ៊ែល​​(ក)ចម្ងាយ​​ជាង​៥គីឡូ​ម៉ែត្រ​ កាត់​បឹង​បួនិង​វាល​ស្រែ​​ប្រាំង​​អ្នក​ស្រុក​ ​ចំណាយ​​អស់​ថវិកា​​ជាង​៥០​លាន​រៀល​ និង​កំពុង​​ជំពាក់​គេ​សព្វ​ថ្ងៃ​ ។ ចំពោះ​អ្នក​ស្រុកភ​ូមិ​វិញ​ មាន​​សេចក្តី​​ត្រេកអរ  ​​​ខ្លាំ​ងណាស់​​នឹង​ការ​កសាង​ផ្លូវ​លំ​​១​ខ្សែ​ថ្មីៗ​នេះ ទោះបី​​ខាត​បង់​ដី​ស្រែ​២-៣ម៉ែត្រ​ឬ៤-៥​​ម៉ែត្រ​​ក៏ដោយ​​​ ព្រោះ​បាន​ផ្លូវ​​ធ្វើ​ដំណើរ​ស្រួល​​ ។

ចៅអធិការ​​អង្គនេះ​មាន​​សង្ឃ​ដីកាថា ការ​​កសាង​​​​សមទ្ធិផល​នានា​គឺ​អាស្រ័យ​​​ទៅលើ​​​ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​វត្ត​មូល​​មតិគ្នា​ជាឯកច្ឆន្ទ​ រួម​​នឹង​ជំហរ​របស់​​លោកតា​អាចារ្យ​ និង​គណៈ​កម្ម​ការ​​​ទាំង​​អស់​​ផងដែរ ដែល​ធានា​អះអាង​និង​ដោះ​ស្រាយ​​​តាម​លទ្ធភាព​នានា​​ជាមួយ​​ព្រះ​អង្គ ។ សព្វ​ថ្ងៃ​ដោយ​អត់​មាន​ព្រះ​វិហារ​ គណៈ​កម្មការ​វត្ត​និង​ព្រះអង្គ​ខិតខំ​កសាង​​សសរ​គ្រឹះ​ព្រះ​វិហារ​ជា​បណ្តើរៗ​​ដើម្បី​​រង់​ចាំ​សប្បុរសជន​​ជួយ​ឧបត្ថម្ភ​គាំទ្រ​​​​ក្នុង​ការ​សាង​សង់​ព្រះ​វិហារ​​នៅថ្ងៃក្រោយ ៕