ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​៣​នាក់ ត្រូវ​បាន​សម្លា.ប់​អំឡុង​សង្គ្រាម​អ៊ី​ស្រា​អែ​ល​-​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន

6 ខែ មុន

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Inside The Games ដែល​ចេញផ្សាយ​កាលពី​

អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ Inside The Games ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​ថា គិត​រហូត​មក​ទល់​ពេល​នេះ អត្ត​ព​លិ​ក​អ៊ី​ស្រា​អែ​ល​ចំនួន​៣​រូប​ត្រូវ​បាន​សម្លាប់ ចាប់តាំងពី​សង្គ្រាម​រវាង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន នឹង​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​៧ ខែតុលា កន្លង​ទៅ​។ ដោយ​ក្នុង​នោះ​រួម​មាន កីឡាការិនី​ហែល​ទឹក Eden Nimri, អតីត​កីឡាករ​បាល់ទាត់ Lior Asulin និង​កីឡាករ Mor Cohen អត្ត​ព​លិ​ក​កីឡា Lacrosse ។

កីឡាការិនី​ហែល​ទឹក Eden Nimri ដែល​មាន​ឋានៈ​ជា​អនុសេនីយ៍ឯក នៅ​ក្នុង​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល និង​ជា​មេបញ្ជាការ​នៃ​អង្គភាព​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ត្រូវ​បាន​សម្លាប់​ខណៈ​ពេល​ដែល​កំពុង​ប្រយុទ្ធ​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស នៅ​តំបន់ Nahal Oz ។

កីឡាការិនី​រូប​នេះ ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ European Junior Open Water Swimming Championships ឆ្នាំ ២០១៨ ដោយ​បញ្ចប់​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣០​។ នាង​ក៏​ធ្លាប់​ប្រកួត​ពានរង្វាន់​មេ​ឌី​ទែ​រ៉ា​ណេ​ឆ្នាំ​២០១៤ និង​ពានរង្វាន់​កីឡា​សាលា​អន្តរជាតិ​ឆ្នាំ​២០១៧ ផង​ដែរ​។ សមាគម​កីឡាហែលទឹក​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល បាន​បង្ហោះ​សារ​សោកស្ដាយ​ជា​ខ្លាំង និង​ចូលរួម​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​កីឡាការិនី Nimri ដែល​បាត់​បង់ជីវិត​នៅ​ក្នុង​អាយុ​២២​ឆ្នាំ​។

អត្ត​ព​លិ​ក​អ៊ី​ស្រា​អែ​ល​ម្នាក់​ទៀត គឺ​អតីត​កីឡាករ​បាល់ទាត់ Lior Asulin ដែល​ត្រូវ​បាន​សម្លាប់ អំឡុង​ពេល​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​៤៣​ឆ្នាំ​របស់​ខ្លួន នៅ​ឯ​ពិធីបុណ្យ​តន្ត្រី Supernova ដែល​ជា​កន្លែង​មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​សម្លាប់ និង​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​។ អតីត​ខ្សែប្រយុទ្ធ​រូប​នេះ ធ្លាប់​លេង​ឱ្យ​ក្លិប​ជា​ច្រើន​នៅ​ក្នុងស្រុក​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០១៧ និង​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់ ១៧៦​គ្រាប់ ព្រមទាំង​ឈ្នះ​ពានរង្វាន់ Israeli Cup ឆ្នាំ ២០០៤ ជាមួយ​ក្រុម Bnei Sakhnin ផង​ដែរ​។ ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​បាល់ទាត់​នេះ ក្លិប Hapoel Tel Aviv ក៏​បាន​ប្រកាស​ថា គ្រូបង្វឹក​ក្រុម​យុវជន​របស់​ខ្លួន គឺ​លោក Alon Shamli ក៏​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​ហា​ម៉ាស​ផង​ដែរ​។

ដោយឡែក ការ​ស្លាប់​របស់​កីឡាករ Mor Cohen ដែល​ជា​ផ្នែក​មួយ នៃ​ក្រុមកីឡា Lacrosse ជម្រើសជាតិ​ប្រទេស​អ៊ី​ស្រា​អែ​ល ក៏​ត្រូវ​បាន​ប្រកាស​ដោយ​សមាគម​កីឡា Lacrosse របស់​ប្រទេស​នេះ​ផ្ទាល់​តែ​ម្តង​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​តំណាង​ប្រទេស​អ៊ី​ស្រា​អែ​ល នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក U-19 ឆ្នាំ ២០១៦ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Ashkelon ដែល​ជាទី​ក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​របស់​អ៊ី​ស្រា​អែ​ល ដែល​នៅ​ជិត​បំផុត​នឹង​តំបន់​ហ្គា​ស្សា ។

សមាគម​កីឡា Lacrosse របស់​អ៊ី​ស្រា​អែ​ល​បាន​ពណ៌នា Cohen ថា កីឡាករ​វ័យក្មេង​ដ៏​អស្ចារ្យ​។ ស្រប​ពេល​ដែល​សមាគម​កីឡា Lacrosse សហរដ្ឋអាមេរិក ក៏​បាន​បង្ហោះ​សារ​លើក​សរសើរ​ដល់​កីឡាករ Cohen នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម X ផង​ដែរ​។

បើ​ទោះជា​យ៉ាងណា​ក៏​ដោយ គេ​ជឿ​ថា ចំនួន​អត្ត​ព​លិ​ក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ ដោយ​ក្នុង​នោះ​រួម​ទាំង​នៅ​ប៉ា​ឡេ​ស្ទី​ន​ផង​ដែរ ដែល​មិន​ទាន់​មាន​របាយការណ៍​ច្បាស់​ការណ៍​ណាមួយ​នៅឡើយ ត្បិត​សង្គ្រាម​កំពុង​តែ​បន្ត​រវាង​ភាគី​ទាំង​២​ឥត​ស្រាកស្រាន្ត ដែល​បណ្តាល​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​ពាន់​នាក់ គិត​ចាប់តាំងពី​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន បើក​ការ​វាយប្រហារ​លើ​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​៧ ខែតុលា កន្លង​ទៅ​។

ជម្លោះ​ដ៏​យូរអង្វែង​នេះ នាំ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល ឬ​ពន្យារពេល និង​បាន​បែងចែក​មតិ​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​បន្ទាប់​ពី​អ៊ី​ស្រា​អែ​ល​បាន​ដាច់​ស្បៀងអាហារ ប្រេងឥន្ធនៈ អគ្គិសនី និង​ទឹក នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ