- ភ្នំពេញ
បណ្តាញព័ត៌មានសង្គមបានកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ។ មិនថា Facebook
បណ្តាញព័ត៌មានសង្គមបានកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ។ មិនថា Facebook
បណ្តាញព័ត៌មានសង្គមបានកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ។ មិនថា Facebook Telegram និងបណ្តាញសផ្សេងទៀត វាមានលក្ខណៈរហ័ស លឿន និងមានប្រជាប្រិយភាពខ្លាំងនៅក្នុងស្រទាប់មហាជន។ មនុស្សគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ បានព្យាយាមប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានព័ត៌មាននិងភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។
ប៉ុន្តែទន្ទឹមនឹងការផ្តល់ប្រយោជន៍សម្រាប់ទំនាក់ទំនង និង ការបញ្ចេញមតិយោបល់នោះ បណ្តាញសង្គមក៏បានកំពុងធ្វើអោយមនុស្សពុល ដោយសារតែការបង្ហោះ ការ share ការ like និង ការ Comment មិនប្រណីដៃ ដែលពេលខ្លះប៉ះពាល់ដល់សិទ្ឋិបុគ្គល ផលប្រយោជន៍សង្គម សាសនា និង ផលប្រយោជន៍ជាតិ។
ដោយសារតែភាពងាយស្រួល បច្ចុប្បន្ន បើមានអ្វីមួយកើតឡើង បណ្តាញសង្គម បានបង្ហោះ និងចែករំលែកព្រឹត្តិការណ៍នោះ ភ្លាមៗ។ បណ្តាញសង្គម បានផ្សាយផ្ទាល់(live) ចេញពី កន្លែងកើតហេតុ យ៉ាងលឿន បើធៀបជាមួយអង្គភាពព័ត៌មានផ្លូវការ។
បើនិយាយពីអង្គភាពព័ត៌មានផ្លូវការ ដែលមានវិជ្ជាជីវៈ នៅពេលមានផែនការត្រូវផ្សាយផ្ទាល់ ចេញពីព្រឹត្តិការណ៍ណាមួយ គឺគេបានប្រុងប្រៀបរៀបចំឯកសារជាច្រើន មុនពេលផ្សាយ។ ពោល មុនធ្វើការផ្សាយផ្ទាល់អ្វីមួយ អង្គភាពព័ត៌មានផ្លូវការបានប្រមូលឯកសារ និង រូបភាពជុំវិញ ព្រឹត្តិការណ៍ឱ្យបានគ្រប់គ្រាន់មកកាន់ក្នុងដៃ និងបានសាកសួរទៅដល់ គ្រប់ភាគីពាក់ព័ន្ធ ថែមទាំងបានសុំការអនុញ្ញាតពីសាមីដើមហេតុ ទើបអាចផ្សាយផ្ទាល់បាន។
ផ្ទុយទៅវិញ អ្នកប្រើប្រាស់បណ្តាញសង្គម នៅពេលជួបហេតុការណ៍ណាមួយ ដែលខ្លួន ចូលចិត្ត ខ្លួនមានចិត្តអាណិត រំភើប រីករាយ ឬខឹងសម្បាចំពោះបុគ្គលឬហេតុការណ៍ណាមួយ ក៏ខ្លួនលើកទូរស័ព្ទដៃចុច Live បង្ហោះ និងចែកចាយតែម្តង ដោយមិនគិតថារឿងនោះពិតឬប៉ះពាល់ដល់សិទ្ឋិអ្នកដទៃ ផលប្រយោជន៍ សង្គម និង ជាតិឡើយ។ អ្នកខ្លះទៀតដោយសារ ការទទួលបានចំណូលពីបណ្តាញសង្គម ខ្លួនខិត ខំធ្វើLive បង្ហោះគ្រប់ព្រឹត្តិការណ៍ ដែលខ្លួនគិតថាមានអ្នកមើលច្រើន ដោយពុំបានគិត ពីផលប៉ះពាល់ទាំងផ្លូវច្បាប់និងសីលធម៌ នោះឡើយ ដោយចង់ត្រឹមឱ្យគេមើល Page របស់ខ្លួនបានច្រើនដើម្បីទទួលបានចំណូលប៉ុណ្ណោះ។
ការប្រុងប្រយ័ត្នរបស់អង្គការសារព័ត៌មាននៅក្នុងការ Live ដោយសារគេខ្លាច ផ្តល់ព័ត៌មាន មិនពិតដល់មហាជន។ គេខ្លាចថាអ្វីដែលបានកើតឡើងនោះ ប៉ះពាល់សិទ្ធិបុគ្គល ខូចខាត ផលប្រយោជន៍អ្នកដទៃ ពិសេសប៉ះពាល់សណ្តាប់ធ្លាប់សង្គម និងជះឥទ្ធិពលអាក្រកដល់ ការអប់រំ និងការរស់នៅរបស់ប្រជាពលរដ្ឋ និងយុវជនជាដើម។ អ្នកសារព័ត៌មានអាជីព អង្គភាពព័ត៌មានផ្លូវការ គេមានវិជ្ជាជីវៈរបស់គេ។ ការគោរពវិជ្ជាជីវៈដើម្បីការពារខ្លួន គេពីផ្លូវច្បាប់និងមតិរិៈគន់។
បណ្តាញសង្គម នៅក្នុងសម័យអ៊ីនធើណិតនេះ ពិតជាពិបាកនៅក្នុងការគ្រប់គ្រង។ ជាពិសេសគេពិបាកចាប់បង្ខំឱ្យអ្នកប្រើប្រាស់បណ្តាញមានក្រមសីលធម៌ ឬមានវិជ្ជាជីវៈ ជាអ្នកសារព័ត៌ ប៉ុន្តែប្រសិនជាពួកគាត់ប្រកាន់ភ្ជាប់នូវសីលធម៌ ហើយចេះឧបមាខ្លួនគេ មកជាខ្លួនយើង បាននោះ ក៏ជាការល្អប្រសើរបំផុត ក្នុងការកាត់បន្ថយផលវិបាកនានា ដែលអាចកាត់មានឡើងពិសេសការគោរពបានខ្ពស់ឡើងនូវសិទ្ធិឯកជនបុគ្គល សណ្តាប់ ធ្នាប់សង្គមនោះ។
ជាឧទាហរណ៍នៅពេលគេផ្តើម Live ពីជម្លោះគ្រួសារនណាម្នាក់ ហើយនៅពេលនោះ ខ្លួនបានគិតថា បើសិនជាជម្លោះនោះកើតឡើងលើខ្លួនយើង តើយើងចង់ឱ្យ សាធារណជន ដឹងឭ និងឃើញ រឿងនេះទ? ម្យ៉ាងវិញទៀត នៅពេលយើងផ្សាយទៅ តើកូនចៅ បងប្អូន ភាគីជម្លោះនេះ គេខ្មាស់គេឬទេ? ពួកគេសប្បាយរីករាយ ក្នុងការឃើញរូបភាព ឱពុកខ្លួន ឈ្លោះជាមួយម្តាយខ្លួន វាយគ្នាបែកក្បាល ត្រូវបានបង្ហោះពេញបណ្តាញសង្គមបែបនេះទេ?
ប្រសិនជាអ្នកប្រើប្រាស់បណ្តាញសង្គម ប្រកាន់នូវសីលធម៌ខ្ពស់ ហើយគិតឧបមាខ្លួនគេ មកជាខ្លួនឯង នៅមុនគ្រប់ពេល ដែលត្រូវធ្វើការLive បង្ហោះនិងចាយចែក ពីព្រឹត្តិការណ៍នោះ ផលអវិជ្ជមានពីការប្រើប្រាស់បណ្តាញសង្គម ត្រូវបានកាត់បន្ថយ។ តម្លៃសីលធម៌ សិទ្ធិ ឯកជនបុគ្គលនឹងត្រូវបានលើកកម្ពស់។ ជាងនេះទៅទៀតផលប្រយោជន៍ពីការប្រើប្រាស់បណ្តាញសង្គមកាន់តែមានច្រើន ដែល វាមិនត្រឹមជាការកម្សាន្ត មធ្យោបាយទំនាក់ទំនងនោះទេ តែវានឹងដើរតូនាទីជាមធ្យោបាយផ្តល់ ព័ត៌មានពិត ផ្តល់ចំណេះដឹងដល់សង្គម បានកាន់តែច្រើន៕
ដោយ ៖ ប្រេ វីន
ចែករំលែកព័តមាននេះ