រាជធានីភ្នំពេញ ៖ កាលព្រឹកថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកមហាសន្និបាតលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អតីតប្រធានគណៈមេធាវី សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៩ និងសមាជិក សមាជិកាគណៈមេធាវីទូទាំងប្រទេស ចូលរួមសរុបចំនួន ១៥៦៦នាក់ ផងដែរ ។ កម្មវិធីនេះ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី បានឡើងអានរបាយការបូកសរុបប្រចាំឆ្នាំឲ្យដឹងថា ការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ ដោយផ្តោតជាសំខាន់លើសកម្មភាពចំនួន២ គឺការការពារក្តីជូនជនក្រីក្រ និងការប្រឹក្សាយោបល់ផ្នែកច្បាប់ ។

លោកមេធាវី លីវ សុវណ្ណា បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ គណៈមេធាវី មានមេធាវីស្ម័គ្រចិត្តចំនួន ៦៩៦នាក់ ជួយការពារក្តីជូនជនក្រីក្រទូទាំងប្រទេសក្នុងគម្រោងថវិការផ្តល់ដោយរាជរដ្ឋាភិបាល ។ ក្នុងរយៈពេល១ឆ្នាំនេះ គណៈមេធាវីបានចាត់តាំងមេធាវី ឲ្យមេធាវីការពារក្តីជូនជនក្រីក្រ បានចំនួន៥៤៧០ករណី មានកូនក្តីសរុបចំនួន៨៧៥៧នាក់ (ស្ត្រី៤៩៨នាក់) ក្នុងនោះមានរឿងក្តីអនីតិជន ចំនួន១៧២១ករណី និងមានកូនក្តីជាអនីតិជន ចំនួន២៦៩០នាក់»។
លោកបន្តថា ក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានផ្តល់ថវិការសម្រាប់ចំណាយលើគម្រោងការពារក្តីជូនជនក្រីក្រជូនគណៈមេធាវី ចំនួន២៦០០លានរៀល ដែលថវិការនេះអាចមានលទ្ធភាពទូទាត់បាន ចំនួន៦១៥៦សំណុំរឿង និងប្រឹក្សាយោបល់ផ្នែកច្បាប់ ចំនួន៤៥៦ករណី ។ ជាមួយគ្នានេះ ក្នុងរយៈពេល១ឆ្នាំនេះ នាយកដ្ឋានការពារក្តីជូនជនក្រីក្រ បានផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ ដោយឥតគិតកម្រៃក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល បានចំនួន៤៥៦ករណី ។

បន្ទាប់មក លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងថា ទន្ទឹមនឹងសមិទ្ធផលដ៏ល្អប្រសើរ ដែលគណៈមេធាវីសម្រេចបានក្នុង១ឆ្នាំនេះ គណៈមេធាវី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន រួមមាន ៖
១- សិទ្ធិមួយចំនួនរបស់មេធាវីត្រូវបានបំពា.ន ហើយកិច្ចការមួយចំនួនរបស់មេធាវីត្រូវបានធ្វើតាមរយៈអន្តរការី នៅតាមស្ថាប័នមួយចំនួនដូចជា ៖ នៅតុលាការ ក្រសួង មន្ទីរ និងស្ថាប័នជំនាញមួយចំនួន ។
២- ទោះបីជាមានការផ្លាស់ប្តូរជាវិជ្ជមានខ្លះក៏ដោយ ក៏ប៉ុន្តែការទទួលស្គាល់សិទ្ធិមេធាវី នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ក្នុងករណីនៃការស៊ើបអង្កេតបឋមលើបទល្មើសមិនជាក់ស្តែង នៅតែជាបញ្ហាប្រឈមដដែល ។

៣- ការអនុវត្តកាតព្វកិច្ចបង់ភាគទានរបស់សមាជិក សមាជិកា គណៈមេធាវីមួយចំនួនមិនទាន់ពេលវេលា ហើយមួយចំនួនទៀត មិនព្រមបំពេញកាតព្វកិច្ចបង់ភាគទាន ដែលបង្ហាញឲ្យឃើញនូវការមិនយកចិត្តទុកដាក់ និងមិនជ្រោមជ្រែងដល់វិជ្ជាជីវៈរបស់ខ្លួន កង្វះខាតការចូលរួមពីសហភាតា ដូចជាការបញ្ចេញមតិយោបល់លើប្រធានបទដែលគណៈមេធាវីស្នើឲ្យសហភាតាទាំងអស់ រួមចំណែកជួយ ដើម្បីជាប្រយោជន៍រួមនៃវិជ្ជាជីវៈមេធាវី ។

បន្ទាប់មកទៀត លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី ក៏បានបំពាក់នូវគ្រឿងកិត្តិយសចំនួន៤ប្រភេទ ជូនសមាជិក សមាជិកាគណៈមេធាវី និងឥស្សរជនដែលមានស្នាដៃ គុណបំណាច់ និងភក្តីភាពចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី និងយុត្តិធម៌សង្គម ដើម្បីជាការថ្លែងអំណរគុណ ជម្រុញលើកទឹកចិត្ត លើកកម្ពស់ ពង្រឹងសមត្ថភាពមេធាវី និងដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ចំនួន៧២នាក់ និងលិខិតថ្លែងអំណរគុណចំនួន៣០នាក់ ។

ជាចុងបញ្ចប់ មហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឡើងសំណះសំណាល និងបិទកម្មវិធីមហាសន្និបាតនោះ ៕
ចែករំលែកព័តមាននេះ