ជើងឯកអូឡាំពិកម៉ៃឃើល ហ្វ៊ែល បានបំបាក់កីឡាកររិយ៉ា ឡូច ក្នុងវិញ្ញាសាហែលផ្ងារចម្ងាយ២០០ម៉ែត្រនៃកម្មវិធីGrand Prix Charlotte Ultra Swim កាលពីថ្ងៃចន្ទទី១៦ខែឧសភាកន្លងមក ។ ការប្រកួតនេះរៀបចំធ្វើនៅទីក្រុងCharlotteរដ្ឋន័សការ៉ូលីណា សហរដ្ឋអាមេរិក។ ហ្វ៊ែល ដែលជាម្ចាស់មេដាយមាសអូឡាំពិក១៤សម័យ បានយកឈ្នះការប្រកួតបន្ទាប់ពីប្រើថិរវេលាអស់១នាទីនិង៥៧.២០វិនាទី ខណៈកីឡាករឡូចប្រើអស់ថិរវេលា១នាទីនិង៥៨.៨២វិនាទី។ ប៉ុន្តែលើវិញ្ញាសាហែលសេរីចម្ងាយ២០០ម៉ែត្រ ហ្វ៊ែលដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៦ខណៈវិញ្ញាសាហែលមេអំបៅក្នុងចម្ងាយដដែលហ្វ៊ែលដណ្តើមបានចំណាត់ថ្នាក់លេខ២ ។
ហ្វែ៊លបាននិយាយថា៖«ខ្ញុំឃើញទឹកបែកសំពោងមកកៀកខ្ញុំ ហើយបន្ទាប់មកឃើញសំលៀកបំពាក់ពណ៌បៃតង ខ្ញុំដឹងថាគឺជាកីឡាករឡូច។ ខ្ញុំធ្វើមិនបានល្អក្នុងការហែលស្តៃល៍»។
ចំណែកវិញ្ញាសាហែលចម្រុះឯកត្តជនចម្ងាយ២០០ម៉ែត្រផ្នែកនារីវិញ ជើងឯកបានទៅលើកីឡាការិនីហុងគ្រី កាទីនកា ហូស៊ូ។ នាងហូស៊ូប្រើថិរវេលា២នាទី និង១២.២៩វិនាទីយកឈ្នះកីឡាការិនីស៊ុយអែត ស្ទីនណា ហ្គាដែល។
នាងហូស៊ូបន្ទាប់ពីដណ្តើមបានជ័យជម្នះបញ្ជាក់ថា៖«បន្ទាប់ពីឈប់សម្រាកអស់១សប្តាហ៍ យើងបានប្រឹងប្រែងហ្វឹកហាត់ជាខ្លាំង។ ខណៈដែលការប្រកួតជ្រើសរើសជើងឯកពិភពលោកកាន់តែខិតជិតចូលមកដល់ ខ្ញុំចង់ហែលឲ្យបានលឿនជាងនេះទៅទៀត។នៅថ្ងៃប្រកួតដំបូងនៅទីនេះ ខ្ញុំគិតថាការហែលរបស់ខ្ញុំយឺតខ្លាំងណាស់»។
កីឡាការិនីជើងខ្លាំងអាមេរិកណាត់តាលី ខហ្វលីន យកឈ្នះជើងឯកហែលសេរីចម្ងាយ១០០ម៉ែត្រ។ នាងខហ្វលីនប្រើអស់ថិរវេលា៥៤.១៩វិនាទីយកឈ្នះនាងដាណា វ៉ូលម័រនិងនាងមីសស៊ី ហ្វ្រែងឃ្លីនវ័យ១៦ឆ្នាំ។ នៅក្នុងការប្រកួតជាច្រើនថ្ងៃនៅទីនេះ នាងហ្វ្រែងឃ្លីនដណ្តើមបានជោគជ័យ២លើក ជាប់ចំណាត់ថ្នាក់លេខ២ចំនួន២លើកនិងលេខ៣មួយលើក ៕
ចែករំលែកព័តមាននេះ