អ៊ែនឌី រ៉ូឌិក កីឡាករតឺន្នីសលំដាប់ទី១១ពិភពលោកនិងទី១នៅអាមេរិក កំពុងស្ថិតនៅក្នុងភាពសង្ស័យក្នុងការចូលរួមប្រកួតក្នុងក្របខណ្ឌធំFrench Openបន្ទាប់ពីកីឡាកររូបនេះបានដកខ្លួនចេញពីកម្មវិធីប្រកួតកម្ដៅសាច់ដុំNice Openដោយសារតែរបួសស្មា។
របួសស្មារបស់រ៉ូឌិក បានកើតមានឡើងតាំងពីពេលដែលរូបគេប្រកួតក្នុងកម្មវិធី Rome Mastersនៅប្រទេសអុីតាលីមកម៉្លេះ។ កាលនោះរ៉ូឌិកក៏បានដកខ្លួនពីការប្រកួតវាយគូវគ្គផ្តាច់ព្រ័ត្រជាមួយដៃគូមិត្តរួមជាតិរបស់ខ្លួន គឺកីឡាករម៉ាឌី ហ្វ៊ីស។
ការដកខ្លួនពីកម្មវិធីប្រកួតNice Openត្រូវបានគេជឿថា រ៉ូឌិកចង់ផ្តល់ពេលបន្ថែមទៀតដល់ខ្លួនឯងដើម្បីសម្រាកព្យាបាលរបួសឲ្យសះស្បើយ១០០%។ គេមិនដឹងប្រាកដថា តើរបួសរបស់រ៉ូឌិកអាចជាសះស្បើយទាន់ការប្រកួតFrench Openដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ខែឧសភានេះឬយ៉ាងណាទេ។
នៅពេលនិយាយប្រាប់គេហទំព័រផ្លូវការរបស់កម្មវិធីNice Openកីឡាកររ៉ូឌិកបានបញ្ជាក់ថា៖ «ដោយសាររបួសមិនអនុញ្ញាតឲ្យខ្ញុំប្រកួតបាននៅឡើយទេ។ ខ្ញុំបានរងរបួសបែបនេះកាលពីប្រកួតនៅទីក្រុងរ៉ូមប្រទេសអុីតាលីសប្តាហ៍មុន។ ពេលនេះខ្ញុំកំពុងទទួលការព្យាបាលស្ទើររាល់ម៉ោងក្នុងមួយថ្ងៃៗ។ ខ្ញុំមិនទាន់អាចនិយាយបានថា ខ្ញុំចូលដេកយប់នេះហើយដឹងថា ស្អែកឡើងពេលក្រោកពីដំណេកអាចប្រកួតបាននោះទេ។ ឥឡូវនេះ ខ្ញុំបានដកខ្លួនពីកម្មវិធីប្រកួតNice Openនៅទីក្រុងប៉ារីស។ ពិតប្រាកដណាស់ ស្ថានភាពរបួសនៅមិនទាន់អាចនិយាយបានថាមានអំណោយផលសម្រាប់ការចូលរួមនៅទីលានប្រកួតរ៉ូឡង់ ហ្គារ៉ូសបាននៅឡើយទេ ។ យើងត្រូវតែមានសុខភាពល្អ១០០%ទើបចូលប្រកួតនៅរ៉ូឡង់ហ្គារ៉ូសបាន។ វាជាការប្រថុយសម្បើមណាស់ដែលទៅប្រកួតនៅទីនោះទាំងស្មាមិនទាន់ជា តែខ្ញុំអាចប្រថុយបានប្រសិនជាវាគ្មានការប៉ះពាល់ទៅលើអ្វីទៀត»។
គួរកត់សម្គាល់ថា កីឡាកររ៉ូឌិកត្រូវបានញាំញីដោយសាររបួសអស់១២ខែមកហើយ ហើយការដកខ្លួនមិនចូលរួមប្រកួតនៅទីក្រុងបា៉រីស ប្រទេសបារាំង ក្នុងកម្មវិធីNice Openលើកនេះគឺជាការខាតបង់មួយយ៉ាងធំសម្បើមដ្បិតវាជាការប្រកួតត្រៀមខ្លួនសម្រាប់French Open។
កីឡាកររ៉ូឌិកបានបន្ថែមថា៖«នេះជាឆ្នាំដ៏យ៉ាប់យ៉ឺនបំផុត។ រឿងស៊យមួយមិនទាន់ចប់រឿងមួយទៀតក៏បានកើតឡើងទៀត»៕
ចែករំលែកព័តមាននេះ