ខេត្តកំពង់ឆ្នាំង ៖ សត្វគោចំនួន១៧ក្បាលបានងា.ប់នៅលើដីស្រែមួយកន្លែង ចំណុចត្រពាំងធ្លក ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខណៈពេលដែលម្ចាស់គោដើររកគោពេលថ្ងៃ តែរកមិនឃើញ លុះយប់ឡើងទើបមានគេមកប្រាប់ថា «មានសត្វគោជាង១០ក្បាលបានងា.ប់នៅលើដីស្រែរបស់គេ» បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ លុះព្រឹកឡើងថ្ងៃទី១៥ ខែតុលា ទើបសមត្ថកិច្ច និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ។

បើតាមលោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានប្រាប់ឲ្យដឹងថា «ម្ចាស់គោដែលមានសត្វគោកងា.ប់ទាំង១៧ក្បាលខាងលើនេះ មានឈ្មោះ ទត សៀងហីម អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ចំណែកដីស្រែដែលសត្វគោចូលទៅស៊ីស្រូវពង្រោះ រហូតងា.ប់ដល់១៧ក្បាលនេះ គឺស្ថិតនៅក្នុងស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ នៅមិនទាន់ដឹងឈ្មោះនៅឡើយ»។

បើតាមលោក ទត សៀងហ៊ីម អាយុ៤២ឆ្នាំ បានបញ្ជាក់ឱ្យដឹងថា «សត្វគោរបស់គាត់បានងា.ប់ ចំនួន១៧ក្បាល (គោញី៥ក្បាល) ក្នុងចំណោមគោ២២ក្បាល»។

លោក ទត សៀងហ៊ីម បានបញ្ជាក់បន្តថា «នៅព្រឹកថ្ងៃទី១៤ ខែតុលា ប្អូនប្រុសរបស់គាត់ បានយកសត្វគោទៅឃ្វាលដូចសព្វដង ប៉ុន្តែនៅម៉ោងជាង៣រសៀលថ្ងៃដដែល ប្អូនប្រុសរបស់គាត់បានត្រឡប់មកហូបបាយវិញ ដោយលែងគោឱ្យស៊ីស្មៅក្នុងព្រៃ។ ពេលហូបបាយរួចទៅវិញ ស្រាប់តែរកសត្វគោមិនឃើញសោះ ចំណែកប្អូនប្រុសគាត់ដើររករហូតដល់ព្រលប់។ លុះយប់បន្តិច ក៏មានគេមកប្រាប់ថា ៖ «គោគាត់បានងា.ប់ក្នុងដីស្រែគេ សង្ស័យពុ.លថ្នាំ» បន្ទាប់មកគាត់ក៏នាំគ្នាទៅមើល ស្រាប់តែឃើញគោរបស់គាត់ងា.ប់ពិតមែន គឺចំនួន១៧ក្បាលឯណោះ។ ក្រោយមកគាត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ហើយគាត់ក៏បានរក្សាទុកគោនៅកន្លែងកើតហេតុមួយយប់ លុះព្រឹកឡើង ទើបសមត្ថកិច្ច និងមន្ត្រីពេទ្យសត្វចុះទៅពិនិត្យមើល»។

ក្រោយពេលពិនិត្យសត្វគោទាំ១៧ក្បាលរួចហើយ មន្ត្រីពេទ្យសត្វខេត្តបានសន្និដ្ឋានថា «គោទាំង១៧ក្បាលនោះ បានងា.ប់ ដោយសារតែពុ.លថ្នាំពិតប្រាកដមែន»។

ជុំវិញករណីសត្វគោងា.ប់រហូត១៧ក្បាលខាងលើនេះ ត្រូវបានសមត្ថកិច្ចសង្ស័យថា ម្ចាស់ស្រែបានបា.ញ់ថ្នាំពុលលើស្រូវពង្រោះរបស់ខ្លួន ដើម្បីការពារសត្វចង្រៃស៊ីបំផ្លាញ ដែលពេលនេះ សមត្ថកិច្ចកំពុងតែតាមស្វែងរកម្ចាស់ដីស្រែ ដើម្បីហៅមកសាកសួរបំភ្លឺហើយ។

ទោះយ៉ាងនេះកី្ត លោក ទត សៀងហ៊ីម ហៅប្រុស ដែលជាម្ចាស់គោ បានសំណូមពរ និងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះគោបានងា.ប់រហូតដល់១៧ក្បាល គឺជាការខាតបង់ខ្លាំងណាស់៕

ចែករំលែកព័តមាននេះ