គណៈប្រតិភូរបស់ប្រទេសបារាំងបានសម្តែងទឹកចិត្តរីករាយជាខ្លាំងបន្ទាប់ពីប្រទេសរបស់ខ្លួនឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះប្រកួតវាយកូនហ្គោលព្រឹត្តិការណ៍Ryder Cup សម្រាប់ឆ្នាំ២០១៨។
នៅក្នុងការដេញថ្លៃដែលគេប្រកាសកាលពីថ្ងៃអង្គារ ប្រទេសបារាំងបានយកឈ្នះគូប្រជែងមានដូចជាអេស្ប៉ាញ ព័រទុយហ្គាល់ អាល្លឺម៉ង់និងហូឡង់។
ទីលានប្រកួតឈ្មោះLe Golf Nationalដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រខាងលិចទីក្រុងប៉ារីសត្រូវបានគេជ្រើសរើសទទួលការប្រកួតRyder Cupលើកទី៤២នេះ។ កម្មវិធីប្រកួតវាយកូនហ្គោលRyder Cupគឺជាការប្រកួតប្រជែងគ្នារវាងកីឡាករមកពីសហរដ្ឋអាមេរិកនិងអឺរ៉ុប។ ការប្រកួតនេះកីឡាករម្នាក់ៗមិនទទួលបានប្រាក់រង្វាន់ទេ ប៉ុន្តែគ្រប់កីឡាករដែលចុះឈ្មោះចូលប្រកួតនៅក្នុងប្រទេសបារាំងត្រូវបង់ប្រាក់ឲ្យអ្នករៀបចំការប្រកួតម្នាក់១,៤១ដុល្លារអាមេរិក។បារាំងខ្លួនឯងសង្ឃឹមថានឹងទទួលបានផលចំណេញពីទឹកប្រាក់បន្ថែមបានមកពីវិស័យជំនួញនិងទេសចរណ៍។
លោករីឆាដ ហ៊ីលនាយកRyder Cup របស់អឺរ៉ុបបាននិយាយថា៖«ពួកយើងមានអ្នកប្រមូលមេដាយមាសដ៏មានតម្លៃម្នាក់ដែលបានផ្តល់នូវទំនុកចិត្តដល់ពួកយើង។ ក្នុងនាមជាជាតិសាសន៍ដែលទទួលបានជោគជ័យមួយ បារាំងក្នុងពេលនេះកំពុងតែដើរចូលទៅក្នុងទំនាក់ទំនងដោយផ្ទាល់តាមរយៈការប្រកួតRyder Cupអឺរ៉ុប។ ទំនាក់ទំនងនេះនឹងស្ថិតស្ថិរយ៉ាងហោចបំផុត១២ឆ្នាំ ហើយយើងនឹងទទួលបានផលប្រយោជន៍ពីគ្រប់ផ្នែករបស់កីឡាវាយកូនហ្គោលគ្រប់កម្រិត។ ពួកយើងទាំងអស់គ្នាដែលជាផ្នែកមួយរបស់Ryder Cupអឺរ៉ុបរង់ចាំធ្វើសហប្រតិបត្តិការយ៉ាងរីករាយជាមួយភាគីពាក់ព័ន្ធបារាំង»។
សេចក្តីប្រកាសត្រូវបានធ្វើឡើងយ៉ាងរំជួលចិត្តពីសំណាក់គណៈប្រតិភូបារាំងដែលក្នុងនោះរួមទាំងកីឡាករវាយកូនហ្គោលបារាំងតូម៉ាស់ ឡេវ៉ែតនិងហ្សង់វ៉ង់ដឺវ៉ែល។ ជើងឯកRyder Cupឆ្នាំ២០១០បានទៅលើក្រុមកីឡាករអឺរ៉ុបដែលដឹកនាំដោយប្រធានក្រុមគឺលោកកូលីន ម៉ុងហ្គោមើរី។ កាលនោះអឺរ៉ុបបានបំបាក់ក្រុមអាមេរិកក្នុងលទ្ធផលពិន្ទុ១៤កន្លះទល់១៣កន្លះ។
លោកប៉ាស្កាល់ ហ្គ្រីហ្សូតប្រធានក្រុមដេញថ្លៃរបស់បារាំងបាននិយាយថា៖«យើងតែងគិតថារឿងនេះនឹងកើតឡើងនៅថ្ងៃណាមួយ។ សេចក្តីរីករាយដ៏ធំធេងរបស់ខ្ញុំគឺការនាំយកមនុស្សគ្រប់គ្នាឲ្យមកជុំគ្នា សហការគ្នានិងជឿជាក់លើគ្នា» ៕
ចែករំលែកព័តមាននេះ