ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ប្រជាជន​កម្ពុជា បាន​នាំ​គ្នា​ទៅ​ស្រុក​កំណើត ដើម្បី​ចូលរួម​ពិធី​ភ្ជុំបិណ្ឌ​ដែល​ជា​ពិធី ដើម្បី​រំលឹក​ដល់​ជីដូន​ជីតា សាច់ញាតិ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ និង​ដើម្បី​ជា​កុសលផល​បុណ្យ​ផង​ដែរ​។

ប្រជាជន​កម្ពុជា បាន​នាំ​គ្នា​ទៅ​ស្រុក​កំណើត ដើម្បី​ចូលរួម​ពិធី​ភ្ជុំបិណ្ឌ​ដែល​ជា​ពិធី ដើម្បី​រំលឹក​ដល់​ជីដូន​ជីតា សាច់ញាតិ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ និង​ដើម្បី​ជា​កុសលផល​បុណ្យ​ផង​ដែរ​។

ក្នុង​ន័យ​នេះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក៏​ជា​ឱកាស​មួយ​សម្រាប់​ដាស់តឿន​មនុស្ស​អោយធ្វើ​អំពើ​ល្អ ចេះ​ធ្វើបុណ្យ ហើយ​កុំ​ធ្វើអំពើ​បាប​ដល់​អ្នក​ដទៃ ក្នុង​ជីវិត​រស់នៅ​ក្នុង​សង្គម​ខ្មែរ​យើង​។ ធ្វើអំពើ​ល្អ​មិន​ត្រឹមតែ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ វា​ថែម​ទាំង​ជា​ការ​រួមចំណែក​ដ៏​សំខាន់​សម្រាប់​បង្កើត​សង្គម​មួយ​កាន់តែ​ល្អ​ប្រសើរ​។

នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ធ្វើអំពើ​ល្អ បុគ្គល​នោះ​នឹង​ទទួល​បានការ​ស្រឡាញ់​រាប់អាន និង​ការ​គោរព​ពី​មនុស្ស​គ្រប់​គ្នា មិន​ថា​ក្នុង​គ្រួសារ កន្លែង​ការងារ និង​សង្គម​ទេ​។ ជាមួយនឹង​ការ​បង្ហាញខ្លួន​ជា​មនុស្ស ប្រព្រឹត្តិ​តែ​អំពើ​ល្អ មនុស្ស​ល្អ​នឹង​ក្លាយជា​បុគ្គលិក​ល្អ ជា​អ្នកជំនួញ​ល្អ ជា​មេដឹកនាំ​ល្អជា​ដើម​។ ដូច្នេះ បុគ្គល​នោះ នឹង​មានការ​ចម្រុងចម្រើន​នៅ​ក្នុង​ការងារ​ដោយ​កាន់តែ​ទទួល​បាន​ដំឡើង​តំណែង និង​ការ​ដំឡើង​ប្រាក់ខែ ចំណែក​អ្នក​រកស៊ី​វិញ នឹង​កាន់តែ​មាន​ដៃគូរ​សហការ​ច្រើន​ហើយ​ធ្វើ​អោយ​មុខរបរ​របស់​ខ្លួន​រីក​ចម្រើន​ទៅ​មុខ​។

តើ​យើង​ធ្វើ​មនុស្ស​ល្អ​ដោយ​របៀប​ណា? ជាដំបូង គឺ​វា​ចេញ​អំពី​ការ​គិត​របស់​មនុស្ស​យើង​។ ការ​គិត​ល្អ ឬ​វិជ្ជមាន​ចំពោះ​អ្នក​ដទៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ដែល​នឹង​បើក​បេះដូង​របស់​យើង​សម្រាប់​ការ​ធ្វើ​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅ​ក្នុង​សង្គម​។ នៅ​ពេល​ដែល​យើង​មើលឃើញ​ចំណុច​ល្អ​របស់​អ្នក​ដទៃ យើង​បង្កើត​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​រួម​។ ផ្ទុយ​មក​វិញ នៅ​ពេល​យើង​មើលឃើញ​តែ​ចំណុច​អាក្រក់​របស់​មនុស្ស យើង​បាន​បិទផ្លូវ​សម្រាប់​ការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​។

បន្ទាប់​ពី​យើង​បាន​គិត​ល្អ​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​យើង​ហើយ យើង​ត្រូវ​តែ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​នានា​ជាមួយនឹង​ការ​និយាយ​ស្តី​ល្អ និង ស្មោះត្រង់​។ នៅ​ក្នុង​ទំនាក់ទំនង​សង្គម ការ​និយាយ​ស្តី​ពីរោះ ស្មោះត្រង់ និង​ពោរពេញ​ទៅ​ដោយ​ការ​គោរព​ភាគី​ម្ខាង​ទៀត​នៃ​ការ​ទំនាក់ទំនង វា​នឹង​ធ្វើ​អោយ​ការ​ទំនាក់ទំនង​នោះ​កាន់តែ​រឹង​មាំ​។ ដូច្នេះ យើង​ត្រូវ​ចៀសវាង​ការ​និយាយ​ស្តី​ដែល​អសុរ​ស និង​ពិសពុល ពីព្រោះ​វា​នឹង​បំផ្លាញ​ដល់​ការ​ទំនាក់ទំនង​។

នៅ​ពេល​យើង​បាន​និយាយ​ល្អ​ហើយ យើង​កាន់តែ​ចូល​កៀក​បេះដូង​របស់​មនុស្ស​នានា​។ ការ​គិត​ល្អ ការ​និយាយ​ស្តី​ល្អ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​យើង​ក្លាយជា​មនុស្ស​ល្អ​នោះ​ទេ​។ ការ​គិត​ល្អ និង​ការ​និយាយ​ស្តី​ល្អ ត្រូវ​តែ​ផ្សារ​ភ្ជាប់​ជាមួយនឹង​សកម្មភាព​ជាក់ស្តែង​។ ដូច្នេះ អ្នក​ត្រូវ​តែ​ធ្វើ​ល្អ ដើម្បី​អោយ​មាន​ភាព​ស៊ីចង្វាក់​គ្នា រវាង​ការ​គិត ការ​និយាយ​ស្តី និង​ការ​ប្រព្រឹត្តិ ឬ​សកម្មភាព​ជាក់ស្តែង​របស់​យើង ដើម្បី​អាច​អោយ​យើង​ក្លាយជា​មនុស្ស​ល្អ​ដ៏​ពិតប្រាកដ​។

ដើម្បី​សង្គម​កម្ពុ​ជាមួយ​ដ៏​ល្អ​នោះ ប្រជាជន​កម្ពុជា​គ្រប់​រូប មិន​ថា​តូច មិន​ថា​ធំ និង​មិន​ថា​មាន មិន​ថា​ក្រ​នោះ​ទេ យើង​ត្រូវ​លើកកម្ពស់​ស្មារតី​នៃ​ការ​គិត​ល្អ និយាយ​ស្តី​ល្អ និង​ធ្វើ​ល្អ​។ សកម្មភាព​នៃ​ការ​ធ្វើបុណ្យ​ទៀន​នា​ឱកាស​ភ្ជុំបិណ្ឌ​នេះ គឺជា​ការ​នាំ​ផ្លូវ និង​បណ្ដុះ​ស្មារតី​នៃ​ការ​ធ្វើអំពើ​ល្អ​នៅ​ក្នុង​សង្គម​កម្ពុជា​៕

ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ