ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រុម​មន្ត្រី​ទេសចរណ៍​នៅ​តាម​បណ្តា​ខេត្ត​ដែល​ជា​ប៉ូ​ល​ទេសចរណ៍​សំខាន់​របស់​ប្រទេស​សុទ្ធតែ​អះអាង​ស្រ​

ក្រុម​មន្ត្រី​ទេសចរណ៍​នៅ​តាម​បណ្តា​ខេត្ត​ដែល​ជា​ប៉ូ​ល​ទេសចរណ៍​សំខាន់​របស់​ប្រទេស​សុទ្ធតែ​អះអាង​ស្រ​ដៀង​គ្នា​ថា ស្ថិតិ​នៃ​ការ​កក់​កន្លែង​ស្នាក់​នៅ​តាម​បន្ទប់​សណ្ឋាគារ​និង​ផ្ទះសំណាក់ កំពុង​តែ​មាន​កំណើន​កើនឡើង គួរ​ឲ្យ​កត់សំគាល់​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ពេល ខាង​មុខ​នេះ ។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន​ក្នុង​ខេត្ត និង​តាម​បណ្តា​កោះ​នានា ត្រូវ​បាន​កក់​ទុក​ពី​សំណាក់​ភ្ញៀវ​រួចរាល់ លើកលែងតែ​សណ្ឋាគារ​ប្រណិត​ៗ​ប៉ុណ្ណោះ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា សណ្ឋាគារ និង​ផ្ទះសំណាក់ នៅ​ផ្លូវ​សំខាន់​ៗ និង​នៅ​លើ​កោះ ភាគច្រើន ភ្ញៀវ​គាត់​កក់​បាន​ច្រើន ហើយ​និន្នាការ​កំពុង មានការ​កើនឡើង​។

លោក​បាន​បន្ថែម​ថា ចំពោះ​ភ្ញៀវ​ដែល​បាន​កក់​បន្ទប់​សណ្ឋាគារ​សម្រាប់​ស្នាក់​នៅ​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ស្នាក់​នៅ​រយៈពេល​ពី​៣​ទៅ​៥​យប់ ដែល​ភាគច្រើន​ពួក​គាត់​បាន​កក់​បន្ទប់​សម្រាប់​ស្នាក់​នៅ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ និង​មួយ​ចំនួន​ទៀត កក់​តាម​ទូរស័ព្ទ​ផ្ទាល់​ផង​ដែរ ។ ក្នុង​ចំណោម​នោះ​ក៏​មាន​ភ្ញៀវ​ជនបរទេស​ខ្លះ តែ​មាន​ចំនួន​តិចតួច ប៉ុន្តែ​ពួក​គេ​ច្រើន​កក់​សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​យូរ​ជាង​នេះ ។

លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​បញ្ជាក់​ថា «ជា​ទូទៅ​នៅ​កៀក​ថ្ងៃ ឬ​ដល់​ថ្ងៃ​តែ​ម្តង ទើប​យើង អាច​ដឹង​ចំនួន​ជាក់លាក់ ហើយ​ភ្ញៀវ​ខ្លះ​ទៀត រហូត​ដល់​ថ្ងៃ​ទើប​គាត់​មក ហើយ​កើន​ចំនួន ទៅ​តាម​នោះ​ដែរ​។ ចាប់តាំងពី​ផ្លូវ​ល្បឿន​លឿន​កើតឡើង​មក ភ្ញៀវ​ទេសចរ​កើនឡើង យ៉ាង​គំហុក តែ​ក៏​ភាគច្រើន​ពួក​គាត់​ត្រឡប់​ទៅ​វិញ មិន​ស្នាក់​នៅ​នោះ​ទេ​» ។

លោក បន្ត​ថា តាម​ការ​ប៉ានស្មាន​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ខេត្ត​ព្រះ​សីហ​នុ​នឹង​ទទួល បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជា ១០​ម៉ឺន​នាក់​។

លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​បន្ថែម​ថា​ ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​អញ្ជើញ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃ​ឈប់​សំរាក​នេះ សូម​ចូលរួម​ថែរក្សា ការពារ​បរិស្ថាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​រយៈ​ការ​វិច​ខ្ចប់ ទុកដាក់​នូវ កាកសំណល់​ផ្សេង​ៗ​ក្រោយ​ពី​ប្រើប្រាស់​រួច​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ឲ្យ​តំបន់ឆ្នេរ មាន​ភាព​ស្អាត តំបន់​កោះ សម្រាប់​បំរើ​វិស័យ​ទេសចរណ៍​។
ស្រ​ដៀង​គ្នា​នេះ ដែរ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានអោយ ដឹង​ដែរ​ថា ភាគច្រើន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មក​ដើរ​កម្សាន្ត ក្នុង​ខេត្តសៀមរាប ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ដែល​មក​ធ្វើបុណ្យ​ផង លេង​ស្រុក​កំណើត និង​ដើរ​កម្សាន្តផង​។

ដោយឡែក លោក ចាន់ សុ​គ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ អោយ​ដឹង​ដែរ​ថា មន្ទីរ​ទេសចរណ៍ រួម​និង​ផ្នែក​ពាក់ព័ន្ធ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង ការ​ស្វាគមន៍​ភ្ញៀវ​ទេសចរ ទាំងនោះ បើ​ទោះ​បីជា​​ខេត្តក្រចេះ​ក្នុង​រដូវ​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណា​ក៍ដោយ និង​អំពាវនាវ អោយ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ចូល​មក​កម្សាន្ត​ក្នុង​បណ្តា​រមណីយដ្ឋាន នានា នៅ​ក្នុង​ខេត្ត​ភាក​ឥ​សាន្ត​។
លោក​ប្រធាន​មន្ទីរ បន្ត​ថា ខេត្តក្រចេះ​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ ផ្សារ​ភ្ជាប់​ជាមួយ​និង ធម្មជាតិ ព្រៃ​ភ្នំ ទឹកជ្រោះ និង​ប្រព័ន្ធ​ជីវៈចម្រុះ ដែល​ជា​ការ​ពេញ​និយម​របស់​ទេសចរ​សម័យ​ថ្មី​។

លោក​ប្រធាន​បន្ថែម​ថា មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​បន្ត​ចុះ​ណែនាំ និង​បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ​នៅ​តំបន់​ក​ម្ស​ន្ត​នានា គឺ​ធ្វើ​យ៉ាងណា​ត្រូវ​កែ​លម្អ​សេវាកម្ម​ទេសចរណ៍ ឲ្យ​កាន់តែ​ប្រសើរ​ជាង​ពេល​កន្លង​ទៅ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អោយ​ចូល​មក​ទស្សនា​កម្សាន្ត​ឲ្យ​បាន​យូរ ដែល​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ជីវភាព​ល្អ​ប្រសើរ ៕​

សរសេរ ដោយ ៖ ស​. ផានិត
កែសម្រួល ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ