ខេត្តកំពង់ចាម ៖ លំនៅឋានសាងសង់អំពីឈើចំនួន២ខ្នង ស្ថិតនៅភូមិប្រើសមាស ឃុំចំការអណ្តូង ស្រុកចំការលើ បានត្រូវអគ្គិភ័យលេបត្របាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ឧសភា ហើយទោះបីជាបានព្យាយាមបូមទឹកអណ្តូងមកជះពន្លត់យ៉ាងណាក្តីក៏មិនអាចទប់ទល់នឹងព្រះអគ្គីបានដែរ និងបានក្លាយជាផេះផង់ក្រោមសំឡេងយំទួញសោកស្តាយរបស់ម្ចាស់ផ្ទះទាំង២ខ្នង ។
តាមលោកអនុសេនីយ៍ឯក អ៊ិត ដារ៉ា អធិការនគរបាលស្រុកចំការលើ បានឲ្យដឹងថា ដំបូងនៅផ្ទះរបស់ឈ្មោះឡាច លន់ អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះស្រង់ ប៉ែត អាយុ៦០ឆ្នាំ ដែលមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ស័ង្កសីបាំងជញ្ជាំងក្តារបានផ្ទុះចង្រ្កានហ្គាស បណ្តាលឲ្យឆាបឆេះជញ្ជាំងស្លឹកផ្ទះបាយភ្លាមៗយ៉ាងសន្ធោសន្ទៅ។ បន្ទាប់មកភ្លើងបានឆេះរាលដាលមកដល់ផ្ទះមួយទៀតដែលជាកម្មសិទ្ធិរបស់ឈ្មោះឡាច ប៉ែត អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះឃុត សុង អាយុ៥០ឆ្នាំ មានទំហំ៥,៥ម៉ែត្រគុណ៧ម៉ែត្រប្រក់ហ្វីប្រូហ្វីម៉ង់ត៍ ត្រូវជាប្អូនបង្កើតនៅឃ្លាតពីគ្នាប្រហែល២ទៅ៣ម៉ែត្រប៉ុណ្ណោះ។
នៅក្នុងហេតុការណ៍នេះ សមាជិកម្ចាស់ផ្ទះទាំង២ខ្នងរួមជាមួយនឹងអ្នកភូមិផងរបងជាមួយ បាននាំគ្នាដងទឹកពាងនៅក្បែរផ្ទះ និងយកម៉ូទ័រទៅបូមទឹកពីក្នុងអណ្តូងចំនួន៣ដើម្បីអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែដោយសារតែអំណាចភ្លើងឆេះពេញបន្ទុកទៅហើយនោះ មិនអាចបាញ់ពន្លត់បានទេ ណាមួយកម្លាំងទឹកដែលបាញ់នោះមានបរិមាណតិចពេក។ ទឹកអណ្តូងក្នុងពេលដែលបូមដំបូងចេញ លុះពេលដែលម៉ូទ័របូមច្រើនពេកដង្ហើមទឹកចេញមកមិនទាន់បូមចេញមកសុទ្ធតែភក់ទៀតផង ។
លោកអធិការនគរបាលស្រុកចំការលើ បានបញ្ជាក់ថា ក្នុងរយៈពេលតែជាង១ម៉ោងប៉ុណ្ណោះ ព្រះអគ្គីបានលេបត្របាក់ផ្ទះឈើទាំង២ខ្នងខាងលើអស់គ្មានសល់ ហើយចំពោះទ្រព្យសម្បត្តិនៅក្នុងនោះដែលបាត់បង់រួមមានដូចជា សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់មួយចំនួន ប្រាក់ចំនួន ៧៧ម៉ឺនរៀល ស្រូវចំនួន៧បាវ។ ទោះបីជាយ៉ាងណា ក្នុងឧបទ្ទវហេតុនេះ មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតទេ ហើយម្ចាស់ផ្ទះទី២ក៏មិនបានប្តឹងប្តល់អ្វីដែរ ព្រោះសុទ្ធតែជាបងប្អូននឹងគ្នា៕
ចែករំលែកព័តមាននេះ