ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​អ៊ី​ស្រា​អែ​ល​ម្នាក់ ត្រូវ​ក្រុម​ហា​ម៉ាស​សម្លា.ប់ អំឡុង​ធ្វើ​ពិធី​ខួបកំណើត

6 ខែ មុន

អ៊ី​ស្រា​អែ​ល ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣

អ៊ី​ស្រា​អែ​ល ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​រាយការណ៍​ថា អតីត​កីឡាករ​បាល់ទាត់​អ៊ី​ស្រា​អែ​ល លោក Lior Assulin ត្រូវ​បាន​សម្លា.ប់​​ក្នុង​ការ​វាយប្រហារ​ពី​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន អំឡុង​ពេល​លោក​កំពុង​ធ្វើ​ពិធីជប់លៀង​ខួបកំណើត​គម្រប់​អាយុ​៤៣​ឆ្នាំ​។

ការ​វាយប្រហារ​បាន​កើតឡើង​ក្នុង​ពិធីជប់លៀង​ខួបកំណើត​គម្រប់​៤៣​ឆ្នាំ​របស់​លោក Assulin ដោយ​បាន​ផ្លាស់​ប្តូរ​អ្វី​ដែល​ជា​ភាព​សប្បាយ​រីករាយ ប្រែ​ទៅ​ជា​ទិដ្ឋភាព​ដ៏​រន្ធត់​នៃ​ភេរវកម្ម និង​ការ​សម្លាប់​បង្ហូរឈាម​។ លោក Assulin ដែល​លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ និង​ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប Hapoel Tel Aviv និង Apollon Limassol ត្រូវ​បាន​សម្លាប់​នៅ​រមណីយដ្ឋាន​មួយ នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​ស្រា​អែ​ល អំឡុង​ពេល​ការ​វាយប្រហារ​ដ៏​រន្ធត់​កាលពី​ថ្ងៃ​ទី​៧ ខែតុលា កន្លង​ទៅ​។ ភេរវ​ករ​ប្រហែល​៥០​នាក់ បាន​មក​ដល់​កន្លែង​ពិធីជប់លៀង ហើយ​បាន​ដាច់​ជីវិត​ជន​ស៊ី​វិល​ជា​ច្រើន​នាក់ រួម​ទាំង​លោក Assulin ផង​ដែរ​។

ស្ថានភាព​សោកនា.ដកម្ម​ដ៏​រន្ធ.ត់​នេះ បាន​ធ្វើ​ឱ្យ​សហគមន៍​បាល់ទាត់​ទាំងមូល​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ជាក់ស្តែង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្លិប Hapoel Tel Aviv ក៏​ដូច​ជា​អតីត​មិត្ត​រួម​ក្រុម​ដែល​បាន​លេង​ជាមួយ​លោក Assulin បាន​សម្តែង​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​គាត់​ផង​ដែរ​។

លោក Lior Assulin ធ្លាប់​លេង​ឱ្យ​ក្លិប​ជា​ច្រើន អំឡុង​ពេល​អាជីព​បាល់ទាត់​ដ៏​លេច​ធ្លោយ​របស់​គាត់ និង​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​បំផុត​ម្នាក់​នៅ​ក្នុង​លី​គ​អ៊ី​ស្រា​អែ​ល​ក្នុង​ឆ្នាំ ២០០៤​។ គាត់​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៨៨​គ្រាប់ ព្រមទាំង​ឈ្នះ​ពានរង្វាន់ Israeli Cup ឆ្នាំ ២០០៤ ជាមួយនឹង​ក្រុម Bnei Sakhnin ផង​ដែរ​។

ដោយឡែក កាលពី​ថ្ងៃ​ទី​៩ ខែតុលា កន្លង​ទៅ សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប ដែល​ហៅ​កាត់​ថា UEFA បាន​ចេញ​សេចក្តី​ប្រកាស ដើម្បី​ពន្យារពេល​ការ​ប្រកួត​ទាំងអស់​ដែល​បាន​គ្រោងទុក​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល​រយៈពេល​ពី​រស​ប្តា​ហ៍​ខាង​មុខ ដោយសារ​តែ​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។

សេចក្តីថ្លែងការណ៍​របស់ UEFA បានឱ្យ​ដឹង​ថា «​ដោយ​គិត​ពី​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល UEFA បាន​សម្រេចចិត្ត​ពន្យារពេល​ការ​ប្រកួត​ទាំងអស់​ដែល​បាន​គ្រោងទុក​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ជាមួយនឹង​កាលបរិច្ឆេទ​ថ្មី ដែល​ត្រូវ​បញ្ជាក់​ក្នុង​ពេល​សម​ស្រប​»​។

ការ​ប្រកួត​ដែល​រង​ផល​ប៉ះពាល់​រួម​មាន ការ​ប្រកួត​ជម្រុះ Euro 2024 នៅ​ថ្ងៃ​ទី​១២ ខែតុលា រវាង​អ៊ី​ស្រា​អែ​ល នឹង​ស្វី​ស ក៏​ដូច​ជា​ការ​ប្រកួត​ជើងឯក Euro Under-21 របស់​អ៊ី​ស្រា​អែ​ល​ជាមួយនឹង​អេ​ស្តូ​នី ហើយ​និង​អា​ល្លឺ​ម៉​ង់​។ ការ​ប្រកួត​ក្រុម​ឈុត​យុវជន ដែល​គ្រោង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៧ ខែតុលា ដែល​មានការ​ចូលរួម​ពី​ក្រុម​អាយុ​ក្រោម​១៧​ឆ្នាំ​មក​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល បែ​ល​ហ្ស៊ិ​ក ហ្គី​ប្រា​លតា និង​វេ​លស៍ ក៏​ត្រូវ​បាន​ពន្យារពេល​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ UEFA បាន​ព្រមាន​ថា ការ​ប្រកួត​ជម្រុះ Euro 2024 មួយទៀត​រវាង​អ៊ី​ស្រា​អែ​ល និង​កូ​សូ​វ៉ូ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ក៏​អាច​ត្រូវ​បាន​ពន្យារពេល​ផង​ដែរ ដោយ UEFA បាន​ព្រមាន​ដោយ​បន្ថែម​ថា​ពួក​គេ​នឹង​រង់ចាំ​២​ឬ​៣​ថ្ងៃ​ទៀត ដើម្បី​សម្រេច​៕ (​ដកស្រង់​ចេញពី Marca, TMZ និង CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ