ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានតាមដានជាប្រចាំអំពីសុខទុក្ខរបស់បងប្អូន និងនិស្សិតខ្មែរ នៅអ៊ីស្រាអែល មិនថាពេលយប់ ឬពេលថ្ងៃឡើយ។ នេះបើតាមលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា សម្តេចធិបតី បានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាព ដោយសម្តេចបានណែនាំឱ្យសេនាធិការទាំងអស់ ប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ធ្វើយ៉ាងណា ឱ្យពលរដ្ឋខ្មែរទាំងអស់ បានចៀសចេញពីតំបន់គ្រោះថ្នាក់ ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាព ដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏យកចិត្តទុកដាក់លើជីភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ ដើម្បីប្រាកដថា ទាំងអស់គ្នា មានចំណីអាហារ និងទឹក ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀត ដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរនិងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែលសរុបប្រមាណជា ៤៥០ នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណៈភាពកាលពីថ្ងៃទី ៧តុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ពិធីរៀបចំបុណ្យសពគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។
ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។
រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាល ដោយសហការណ៍យ៉ាងល្អជាមួយរដ្ឋាភិបាល អ៊ីស្រាអែល៕





ចែករំលែកព័តមាននេះ