អន្តរជាតិ ៖ តម្លៃប្រេងបានកើនឡើងដល់៤% នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ចំពេលមានការព្រួយបារម្ភថា ស្ថានភាពសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ស្ថិតនៅតំបន់ហ្គាហ្សា អាចរំខានដល់ទិន្នផលប្រេងពីតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយ ។

តម្លៃប្រេងឆៅ Brent បានកើនឡើងដល់៨៧ដុល្លារក្នុង១បារ៉ែល ស្របពេលដែលតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានកើនឡើងដល់៨៦ដុល្លារក្នុង១បារ៉ែល។ បើទោះបីជាទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីន ពុំមែនជាប្រទេសផលិតប្រេងក៏ពិតមែន ប៉ុន្តែតំបន់មជ្ឈិមបូព៌ាមានចំនួនជិតមួយភាគបី នៃការផ្គត់ផ្គង់ពិភពលោក ។ ការវាយប្រហារដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ គឺជាការកើនឡើងកម្តៅដ៏ក្តៅបំផុតរវាងភាគីទាំង២ ដែលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ប្រទេសលោកខាងលិចបានថ្កោលទោសការវាយប្រហារនេះ ប៉ុន្តែអ្នកនាំពាក្យក្រុមហាម៉ាស់បានប្រាប់សារព័ត៌មាន BBC ថា ក្រុមពួកគេមានការគាំទ្រដោយផ្ទាល់ពីអឺរ៉ុង សម្រាប់ការវាយប្រហារនេះ ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីថ្ងៃទី៨ ខែតុលា កន្លងទៅក៏ពិតមែន ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានបង្ហាញការគាំទ្រ ចំពោះការវាយប្រហារនេះ ។

លោក Saul Kavonic អ្នកវិភាគវិស័យប្រេង និងឧស្ម័នបានប្រាប់ BBC ថា បុព្វលាភហានិភ័យលើវិស័យប្រេងកំពុងកើនឡើងដោយសារការរំពឹងទុក នៃព្រឹត្តិការណ៍កើតឡើងថ្មីៗនេះ ដែលអាចរីករាលដាលដល់ប្រទេសផលិតប្រេងសំខាន់ៗ នៅក្បែរនោះដូចជា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ លោកបន្តទៀតថា បើជម្លោះរុំព័ទ្ធអ៊ីរ៉ង់ ដែលត្រូវបានចោទប្រកាន់ថា គាំទ្រការវាយប្រហាររបស់ពួកហាម៉ាស ការផ្គត់ផ្គង់ប្រេងដល់ទៅ ៣% នៃពិភពលោក ស្ថិតនៅក្នុងហានិភ័យ។
FILE PHOTO: Pump jacks operate at sunset in an oil field in Midland, Texas U.S. August 22, 2018. REUTERS/Nick Oxfordអ្នកវិភាគដដែលរូបនេះបានបន្ថែមថា ប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់សាកលនឹងត្រូវបានជាប់គាំង ប្រសិនបើការឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវពាណិជ្ជកម្មប្រេងដ៏សំខាន់មួយ ត្រូវបានរំខាន។ ច្រកសមុទ្រនេះគឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកនាំចេញប្រេងសំខាន់ៗ នៅក្នុងតំបន់ឈូងសមុទ្រ ដែលសេដ្ឋកិច្ចពួកគេត្រូវបានបង្កើតឡើងជុំវិញការផលិតប្រេង និងឧស្ម័ន ។

លោក James Cheo មកពីធនាគារ HSBC របស់ចក្រភពអង់គ្លេស ដែលជាប្រធានផ្នែកវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា បានលើកឡើងថា ភាពមិនប្រាកដប្រជាអំពីការវិវត្តន៍ព្រឹត្តិការណ៍ថ្មីៗនេះ នៅប៉ុន្មានថ្ងៃខាងមុខ ក៏អាចជំរុញការវិនិយោគទៅក្នុងមូលបត្របំណុលរតនាគារសហរដ្ឋអាមេរិក និងប្រាក់ដុល្លារ ដែលវិនិយោគិនតែងតែទិញនៅពេលមានវិបត្តិសកល។

ស្ថិតនៅក្នុងដំណាក់កាលនេះ មានការភ័យខ្លាចបន្តិច ហើយវិនិយោគិនចង់ឃើញភាពច្បាស់លាស់បន្ថែមទៀត ជាពិសេសលើទិន្នន័យសេដ្ឋកិច្ច និងលើការអភិវឌ្ឍន៍ ដែលទាក់ទងនឹងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ។

អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងដ៏សំខាន់មួយបានប្រកាសរួចហើយថា ខ្លួននឹងកាត់បន្ថយទិន្នផលប្រេងរាប់លានបារ៉ែលក្នុង១ថ្ងៃ ស្របពេលដែលសមាជិកផ្សេងទៀតនៃអង្គការ OPec+ ដែលជាក្រុមប្រទេសផលិតប្រេង ក៏បានយល់ព្រមបន្តកាត់បន្ថយផលិតកម្មក្នុងការប៉ុនប៉ងដើម្បីលើកតម្លៃ ខណៈដែល OPec+ មានចំនួនប្រហែល៤០% នៃប្រតិបត្តិការណ៍ប្រេងឆៅរបស់ពិភពលោក ហើយការសម្រេចចិត្តនេះ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃប្រេង ៕

ចែករំលែកព័តមាននេះ