ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ពលរដ្ឋ​កម្ពុជា​បាន​កំពុង​ប្រារព្ធ​ពិធី​ភ្ជុំបិណ្ឌ យ៉ាង​សប្បាយ​រីករាយ ជាមួយ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ជំនឿ​ថា​ធ្វើ

ពលរដ្ឋ​កម្ពុជា​បាន​កំពុង​ប្រារព្ធ​ពិធី​ភ្ជុំបិណ្ឌ យ៉ាង​សប្បាយ​រីករាយ ជាមួយ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ជំនឿ​ថា​ធ្វើបុណ្យ​នៅ​រដូវ​ភ្ជុំ​នេះ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ ។ អ្នកមាន អ្នកក្រ មន្ត្រី អ្នកធំ បាន​យក​ច​ង្ហា​ត់ ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​ៗ​គ្នា នៅ​ក្នុង​រយៈពេល​១៥​ថ្ងៃ​។ បើ​មិន​បាន​ទៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​១ ពលរដ្ឋ​នាំ​គ្នា​ទៅ​ថ្ងៃ​បិណ្ឌ​ទី​២ ទី​៣ ឬ​អ្នកខ្លះ​រង់ចាំ​រហូត​ដល់​ថ្ងៃ​បញ្ចប់​ទើបបាន​ទៅ​វត្ត​។ ទោះ​យ៉ាងណា នៅ​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ កម្រ​មាន​អ្នក​ខន​ខានមិនបាន​ទៅ​វត្ត​នោះ​ទេ​។

តាម​អត្ថន័យ បិណ្ឌ មាន​ន័យ​ថា ដុំ​បាយ ឬ​ពំនូត​បាយ​តូច​ៗ ដែល​គេ​ដាំ​ពី​អង្ករដំណើប ឬ​អង្ករខ្សាយ មាន​លាយ​សណ្តែកក្រហម សណ្តែក​ស ឬ​សណ្តែកខ្មៅ ទៅ​តាម​តំបន់ ឬ​អ្នក​និយម ហើយ​គេ​ពូត​ជា​ដុំ​តូច​ៗ សម្រាប់​បោះ​នៅ​តាម​កៀន​ព្រះ​វិហារ​នៅ​ទៀប​ភ្លឺ​ពេល ដែល​គេ​ជឿ​ថា ប្រេត ឬ​អសុរកាយ នឹង​មក​ទទួល​នៅ​ទីនោះ​។ ឯកសារ​បង្ហាញ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ គឺ​ដើម្បី​បួងសួង ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ ទៅ​ដល់​ពពួក​ប្រែ​ត​អសុរកាយ​។

ប្រជាពលរដ្ឋ មាន​ជំនឿ​ថា អ្នក​មានគុណ បុព្វការី​ជន ឬ​សាច់ញាតិ​របស់​ពួក​គេ​ទាំងអស់ ដែល​បាន​សាង​បាប​កាលពី​នៅ​មានជីវិត​រស់នៅ ហើយ​ពេល​ចែក​ឋាន​ទៅ មិនដឹង​ចាប់ជាតិ​ជា​អ្វី ឬ​មាន​បាប​ទៅ​កើតជា​ប្រេត នឹង​ឡើង​មក​ទទួល​កុសលផល​បុណ្យ​នេះ ពី​ពួក​គេ នៅ​ពេល​ពពួក​ប្រេត​ទាំងនោះ ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​រយៈពេល​១៥​ថ្ងៃ​។

បុព្វបុរស​ខ្មែរ តែងតែ​ផ្សារ​ភ្ជាប់​ប្រពៃណី ជំនឿ​សាសនា ទៅ​និង​ការ​រស់នៅ​ក្នុង​សង្គម​។ ប្រពៃណី ទំនៀប​ទម្លាប់​ទាំងឡាយ តែងតែបាន​បង្កប់​នូវ​ការ​អប់រំ ដែល​គេ​អាច​សិក្សា​និង យក​មក​អនុវត្ត​នៅ​ក្នុង​ជិ​វិត​ប្រចាំ​ថ្ងៃ​បាន​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រៅពី​ការ​ប្រារព្ធ​ដើម្បី​សាសនា និង​ជំនឿ គេ​អាច​ទាញ​អត្ថន័យ បាន​យ៉ាងច្រើន​មក​ពី​ពិធីបុណ្យ​នេះ សម្រាប់​ការ​អប់រំ​នៅ ក្នុង សង្គម​។ នៅ​ក្នុង​នោះ​ពិធីបុណ្យ​សាសនា​ធំ​មួយ​នេះ បង្ហាញ​ពី​សាមគ្គីភាព ការ​ស្រុះស្រួល គ្នា នៅ​ក្នុង​សង្គម​គ្រួសារ​និង​ប្រទេស​ជាតិខ្មែរ​ទាំងមូល​។

នៅ​ក្នុង​គ្រួសារ​មូ​យ ដែល​សមាជិកគ្រួសារ​បាន​បែក​ឆ្ងាយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ ក្នុង ការ​ចេញ​ទៅ​ប្រកប​កិច្ចការ​ចិញ្ចឹមជីវិត​រៀង​ៗ​ខ្លួន ក៍បាន​ឆ្លៀតឱកាស​មក​ជួបជុំ​គ្នា ដើម្បី​ធ្វើ បុណ្យ​ទាន​នា​ឱកាស​នេះ​។

ការ​ជួបជុំ​ដែល​ពលរដ្ឋ​អាច​ជជែក​គ្នា ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា ដើម្បី​ស្ថាបនា​សាមគ្គីភាព សេចក្តី ស្រឡាញ់​រាប់អាន​គ្នា ជា​ពិសេស​ការ​កសាង​សុភមង្គល​គ្រួសារ​ឱ្យ​កាន់តែ​រឹង​មាំ​ឡើង​។ ការ​ជួបជុំ​សមាជិកគ្រួសារ​នេះ មិន​ខុស​ពី​ធាតុ​ផ្សំ​ពី​គ្រឿង​ផ្សេង​ៗ​នៅ​ក្នុង ដុំ​បាន បាយបិណ្ឌ នោះ​ទេ​។ វត្តមាន​សមាជិកគ្រួសារ​មាន​បងប្អូន កូនចៅ​ក្នុង​គ្រួសារ​មួយ ប្រៀប​ដូច​ជា​ដុំ​បាយ បិណ្ឌ ដែល​ឆ្ងុយ​ឆ្ងាញ់​មានឱជារស់​នៅ​មាន​ពេល​ធាតុ​ផ្សំ​កាន់តែ​ច្រើន​។ ដុំ​បាយបិណ្ឌ​កាន់តែ​ឆ្ងុយ​ឆ្ងាញ ការ​ធ្វើបុណ្យ​ទាន​កាន់តែ​ទទួល​បាន​មគ្គផល​ច្រើន​។

សាមគ្គីភាព​នៅ​ក្នុង​គ្រួសារ​ជា​កត្តា​​សំខាន់​លើកកម្ពស់​កិត្តិយស​គ្រួសារ​ឱ្យ​ថ្តុំ​ថ្កើ​ន​ឡើង​។ មិន​ខុស​គ្នា​នោះ​សង្គម​ជាតិ ដែល​ពលរដ្ឋ​ទាំងអស់​បាន​សាមគ្គី​គ្នា ជាតិ​សាសន៍​នោះ​នឹង​រុងរឿង រីក​ចម្រើន​ជា​មិន​ខាន​ឡើយ​។

នៅ​ក្រោម​ជំនឿ​លើ​ព្រះពុទ្ធ ព្រះធម៌​និង​ព្រះសង្ឃ ដែល​ជាទី​គោរព​សក្ការៈ​ដ៍​ខ្ពង់ខ្ពស់ បំផុត របស់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ គ្រប់​វត្ត​អារាម ទោះ​មាន​មនុស្ស​ច្រើន​កុះករ​នៅ​ក្នុង​ឱកាស ភ្ជុំបិណ្ឌ នេះ​ក្តី តែ​ពលរដ្ឋ​ម្នាក់​ៗ​ចេះ​អ​ព្យា​ស្រ័យ​គ្នា លំឱនកាយ​ចិត្ត​ក្នុង​ការ​ធ្វើបុណ្យ​ទាន​។ ដើម្បី​ទទួល​បាន​បុណ្យ​កុសល គ្រប់​គ្នា​បាន​ប្រកាន់​នូវ​ធម៌​ខ​ក្តី ចេះ​អ​ព្យា​ស្រ័យ​ឱ្យ​គ្នា ទោះ​មានការ​ប៉ះពាល់​គ្នា ជា​ពាក្យ​សម្តី ឬ​កាយវិកា​យ​យ៉ាងណា​ក្តី​នៅ​ពេល​មាន​មនុស្ស​ច្រើន ពេល​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ក្តី ។

ដូច្នេះ​ប្រសិនជា​ធម៌​មេត្តា ការ​ចេះ​អ​ព្យា​ស្រ័យ​គ្នា​នៅ​ពេល​ធ្វើបុណ្យ​ទាន​នេះ ក្លាយជា​ទម្លាប់ ហើយ​គ្រប់​គ្នា​បាន​អនុវត្ត ប្រតិបត្តិ​ជា​ប្រចាំ​ថ្ងៃ​នោះ សង្គម​ជាតិ​ប្រាកដ​ទទួល​បាន​នូវ​សុខដុម​មនា​ជា​មិន​ខាន​ឡើយ​ ។​ ដូច្នេះ​ក្រៅពី​ការ​ប្រារព្ធ​ពិធីបុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លា.ប់ ឬ​ដើម្បី​ទទួល​បាន​បុណ្យ​កុសល​សម្រាប់​ខ្លួនឯង​មក​វិញ​នោះ គេ​ក៍​គួរ​នាំ​គ្នា​សិក្សា​ស្វែង យល់​ពី​អត្ថន័យ​បុណ្យ​ទាន​ដែល​បុព្វបុរស​ខ្មែរ បាន​បន្សល់​ទុក​នេះ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​។ កុសលផល​បុណ្យ​ដែល​កើត​ចេញពី​កម្លាំង​សាមគ្គី ការ​ចេះ​អ​ព្យា​ស្រ័យ​គ្នា មិន​ថា​នៅ​ក្នុង​សង្គម គ្រួសារ និង​សង្គម​ជាតិ​នោះ​ទេ គឺ​បាន​មគ្គផល​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​តែ​ម្តង​៕

សរសេរដោយ ៖ សា​រ៉ា​ន់
កែសម្រួល​ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ