ខេត្តពោធិ៍សាត់ ៖ បុរស២នាក់បានស្លាប់គួរឱ្យរន្ធត់បំផុតដោយម្នាក់ខ្ទាតទម្លាយកញ្ចក់រថយន្តខាងមុខធ្លាក់មកលើថ្នល់ និងម្នាក់ទៀតកៀបជាប់នឹងចង្កូតរថយន្តទម្រាំគាស់យកសពចេញបានគឺតាំងពីយប់រហូតដល់ព្រឹក ដែលហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង៣និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ឧសភា ២០១១ នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ដោយសារតែរថយន្តកាមរីដឹកឈើគ្រញូងបោលលឿនទៅបុករថយន្តធំដឹកផ្លែឈើចតស្ងៀមតាមផ្លូវ ។
រថយន្តដែលបង្កហេតុបណ្តាលឱ្យស្លាប់ខ្លួនឯងនេះម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-6171 ធ្វើដំណើរសំដៅចូលទៅភ្នំពេញ ចំណែករថយន្តចតស្ងៀមម៉ាកអ៊ីស៊ុយហ្ស៊ុយ ធុនធំ ពាក់ស្លាកលេខ 3A-7687 ដឹកផ្លែឈើក្នុងគោលដៅទៅខេត្តបាត់ដំបង ប៉ុន្តែខណៈនោះរថយន្តធំនេះបានចតស្ងៀមទេ មិនដឹងជា មូលហេតុយ៉ាងម៉េច ស្រាប់តែរថយន្តកាមរីដឹកឈើគ្រញូងបោលទៅបុកពេញទំហឹង បណ្តាលឱ្យអ្នកបើកបរស្លាប់កៀបជាប់នៅនឹងចង្កូត ចំណែកម្នាក់ទៀតជិះអែបផ្លោងខ្ទាតទម្លាយកញ្ចក់ទៅធ្លាក់លើថ្នល់ស្លាប់ស្តូកស្តឹង។ អ្នកបើកបរឈ្មោះទេស សុផល អាយុ៣១ឆ្នាំ អ្នកជិះអែបឈ្មោះម៉ាប់ យ៉េះ អាយុ២៤ឆ្នាំ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ