ខេត្តព្រៃវែង ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ បញ្ហាសោភណ្ឌភាព និងសណ្តាប់ធ្នាប់ជុំវិញផ្សារក្រុងព្រៃវែង នៅតែមិនទាន់បានដោះស្រាយចប់ ដោយសារតែមានបងប្អូនអាជីវករមួយចំនួនបន្តយកអីវ៉ាន់ដាក់លក់លើដងផ្លូវជុំវិញផ្សារជារៀងរាល់ថ្ងៃ ជាហេតុធ្វើឱ្យដងផ្លូវជុំវិញផ្សារបាត់បង់សោភណ្ឌភាព របៀបរៀបរយ និងមិនអាចធ្វើចរាចរណ៍បាន។

ដូច្នេះដើម្បីដោះស្រាយបញ្ហាខាងលើនេះ រដ្ឋបាលខេត្តព្រៃវែង បានបង្កើតគណៈកម្មការមួយដែលមានកម្លាំងចម្រុះចូលរួមសម្រាប់ចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ។ ហើយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ លោក ហ៊ី ធួក អភិបាលរងខេត្ត ក៏បានដឹកនាំគណៈកម្មការនេះ ចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារដោយផ្ទាល់តែម្តង។

លោក ហ៊ី ធួក បានបញ្ជាក់ប្រាប់ឱ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរខេត្តចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារក្រុងព្រែវែង តែជាលទ្ធផលដូចជាវែកចកក្នុងទឹកអញ្ចឹង។ ប៉ុន្តែលើកនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តព្រៃវែង យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់នេះ នឹងត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ គណៈកម្មការបានចុះណែនាំ និងបា.ញ់ថ្នាំកំណត់ទីតាំងឱ្យដាក់លក់ និងកន្លែងហាមលក់នៅលើទ្រូងផ្លូវ។

លោក ហ៊ី ធួក បានបញ្ជាក់ទៀតថា ចំណែកថ្ងៃទី២ គណៈកម្មការនៅបន្តចុះរៀបចំបន្តទៀត និងតម្រូវឱ្យអាជីវកររើគ្រែ រើឆ័ត្រចេញពីដងផ្លូវ ឬទ្រូងផ្លូវតែម្តង ព្រោះវាជាផ្លូវសាធារណៈ ដោយមិនអនុញ្ញាតឱ្យពួកគាត់លក់លើផ្លូវបន្តទៀតទេ។ ហើយក្នុងករណីបងប្អូនអាជីវករតវ៉ា ឬមិនសហការជាមួយអាជ្ញាធរទេ គណៈកម្មការនឹងអនុវត្ដតាមនីតិវិធី។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបានជូនដំណឹងទៅដល់ក្រុមអាជីវករ និងសាធារណជនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា គណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ខេត្តព្រៃវែង នឹងចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈជុំវិញផ្សារក្រុងព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងតទៅ ដោយតម្រូវឱ្យបងប្អូនអាជីវកររំកិលចេញ ឬរុះរើចេញតូប ឬឆត្រ័របស់ខ្លួនពីលើផ្លូវសាធារណៈ ព្រោះវាបង្កឱ្យប៉ះពាល់ជាច្រើនដូចជា ៖ សោភណ្ឌភាព បរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងរាំងស្ទះដល់ការជួយសង្គ្រោះ នៅពេលមានបញ្ហាកើតឡើងជាយថាហេតុ ដូចជា អគ្គិភ័យឆាប់ឆេះជាដើម។

ពាក់ព័ន្ធក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះដែរ អាជ្ញាធរបានអំពាវនាវដល់បងប្អូនក្រុមអាជីវករដែលលក់នៅលើដងផ្លូវទាំងអស់ សូមឱ្យចូលទៅលក់នៅក្នុងផ្សារវិញ ដោយចូលទៅលក់នៅក្នុងផ្សារថ្មីក៏បាន ផ្សារចាស់ក៏បាន គឺគណៈកម្មការផ្សារបានរៀបចំកន្លែងសម្រាប់បងប្អូន អាចចូលលក់បានយ៉ាងស្រួល ហើយស្រួលជាងលក់នៅលើដងផ្លូវដូចសព្វថ្ងៃនេះ។




ចែករំលែកព័តមាននេះ