រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្កោលទោស កម្លាំងប្រដាប់អាវុធថៃ ភ្លង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សា និងចាប់រំលោភបូកពលការិនីខ្មែរ ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត លើកម្លាំងប្រដាប់អាវុធថៃ ដែលបានភា្ជង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សាលើពលករខ្មែរ ជាពិសេសក្រុមកម្លាំងប្រដាប់ អាវុធថៃ យ៉ាងតិច៧នាក់ ដែលបានគំរាមដោយប្រដាប់អាវុធ បង្ខំបំបែកយុវតីរងគ្រោះ ចេញពីចំណោមក្រុមពលករខ្មែរផ្សេងទៀត យកទៅក្នុងព្រៃ ព្រួតចាប់រំលោភបូកលើនាងយ៉ាងអសីលធម៌ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគ្រាដែលក្រុមពលករខ្មែរបម្រុងឆ្លងព្រំដែនពីខេត្តឈុនបុរីថៃ ចូលមកទឹកដីខេត្ត បាត់ដំបងរបស់កម្ពុជា។
អំពើក្នង់កាំភ្លើងជំរិតទារប្រាក់ ការប្រើអំពើហិង្សាលើក្រុមពលករខ្មែរ ជាពិសេស ការព្រួតចាប់រំលោភបូកពីសំណាក់ក្រុមប្រដាប់អាវុធថៃ លើយុវតីរងគ្រោះ គឺជាឧក្រិដ្ឋកម្មដ៏ស្មោកគ្រោក កាចសាហាវ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ក្រៃលែង គ្មានភាពជាមនុស្ស គួរឱ្យស្អប់ខ្ពើមមិនអាចទទួលយកបាន ដែលនេះជាបទឧក្រិដ្ឋព្រហ្មទណ្ឌទូទៅ និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ល្មើសទាំងច្បាប់ផ្ទៃក្នុងថៃខ្លួនឯង និងច្បាប់អន្តរជាតិពាក់ព័ន្ធ ជាអាទិ៍ ល្មើសនឹងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (ទីក្រុងប៉ារីស-ឆ្នាំ១៩៤៨) និងអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម (UN-ឆ្នាំ១៩៨៤)។ ជារួម អំពើដ៏លាមកនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិពលករទេសន្តរប្រវេសន៍ ដែលបញ្ញត្តិដោយអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងក្របខ័ណ្ឌច្បាប់អង្គការសហប្រជាជាតិ(UN) ។ល។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ចាប់ខ្លួនឧក្រិដ្ឋជនជាកម្លាំងប្រដាប់អាវុធថៃទាំង៧នាក់ និងជនពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់ ។
ទន្ទឹមនឹងនេះ សូមទទូចសហគមន៍អន្តរជាតិពាក់ព័ន្ធ មេត្តាតាមដាន និងដាក់សម្ពាធលើភាគីថៃ ដើម្បីយុត្តិធម៌ពិត ប្រាកដរបស់មនុស្សជាតិ។ ជាមួយគ្នានេះ យើងក៏អំពាវនាវដល់សាធារណជនថៃ កុំជឿលើការបំភ្លៃថា ជាព័ត៌មានមិនពិត ដែលបំភាន់ដោយក្រុមជ្រុលនិយមថៃ ដោយសូមចូលរួមជំរុញឱ្យរដ្ឋាភិបាលខ្លួន បង្ហាញការទទួលខុសត្រូវ ដើម្បីស្តារមុខមាត់ប្រទេសថៃ បង្ហាញសហគមន៍អន្តរជាតិថា ថៃពិតជាប្រទេសមួយ ដែលមានក្រមសីលធម៌ គោរពសិទ្ធិមនុស្ស និងជាប្រទេសដែលកំពុងរីកចម្រើន គួរឱ្យចង់រាប់អានយកជាមិត្តបាន ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាពលរដ្ឋជាពលករនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់ចូលមាតុប្រទេសវិញ សូមធ្វើដំណើរមកតាមច្រកទ្វារព្រំដែនផ្លូវការ និងសូមផ្ដល់ដំណឹងមកកាន់ក្រុមគ្រួសារ ឬទំនាក់ទំនងផ្តល់ព័ត៌មានមកអាជ្ញាធរ មន្ត្រីប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែន ដើម្បីចៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ ជាអាទិ៍ ដូចករណីខាងលើ ៕
«ទាហានសៀម១ក្រុមពិតជាព្រៃផ្សៃមែន ស្ត្រីខ្មែរម្នាក់ត្រូវទាហានឈុតខ្មៅសៀម៧នាក់ចាប់រំលោ.ភបូកពេលត្រឡប់មកដល់ជិតព្រំដែន»



ចែករំលែកព័តមាននេះ