ទីក្រុងហ្កាហ្សា៖ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តយល់ព្រមតាមផែនការសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយលោកត្រាំរួចមក ក្រុមហាម៉ាស់ប្រកាសច្រានចោលលក្ខខណ្ឌសំខាន់ៗជាអាយុជីវិតចំនួន២។ នោះគឺទី១ការទាមទារឱ្យហាម៉ាស់ទម្លាក់អាវុធចុះជាបន្ទាន់ និងទី២ការបង្កើតយន្តការមើលការខុសត្រូវតំបន់ហ្កាហ្សាពីសំណាក់សហគមន៍អន្តរជាតិ។

នៅក្នុងការអនុវត្តផែនការសន្តិភាពដំណាក់កាលទី១ អ៊ីស្រាអែលយល់ព្រមដកកងទ័ពរបស់ខ្លួនថយចេញពីតំបន់ហ្កាហ្សាទៅកាន់ទីតាំងដែលបានឯកភាពគ្នា និងយល់ព្រមដូរអ្នកទោស និងអ្នកជាប់ឃុំជនជាតិប៉ាឡេស្ទីនជាមួយចំណាប់ខ្មាំង និងសាកសពចំណាប់ខ្មាំង។ ប៉ុន្តែរហូតមកដល់ពេលនេះ ហាម៉ាស់មិនទាន់ប្រគល់សាកសពគ្រប់ចំនួនទេ។ លើកលែងតែចំណាប់ខ្មាំងដែលនៅរស់បានប្រគល់ឱ្យគ្រប់ចំនួនហើយ។
នៅក្នុងការអនុវត្តផែនការសន្តិភាពដំណាក់កាលទី២តម្រូវឱ្យហាម៉ាស់ទម្លាក់អាវុធចុះ និងកាត់រំសាយចលនាប្រដាប់អាវុធរបស់ខ្លួនទាំងស្រុង។ បើហាម៉ាស់ប្រកែកត្រង់ចំណុចនេះ គេមិនទាន់ដឹងថានឹងមានចំណាត់ការបែបណាទេ។ ប៉ុន្តែកាលពីពេលកន្លងមក លោកត្រាំ និងអ៊ីស្រាអែលធ្លាប់ប្រកាសរួចហើយថាបើហាម៉ាស់មិនព្រមទម្លាក់អាវុធតាមសម្រួលទេ អាចនឹងឈានដល់ការប្រើប្រាស់កម្លាំងទាំងបង្ខំ។

បន្ទាប់ពីនោះនឹងមានការបង្កើតកងកម្លាំងអន្តរជាតិដើម្បីធានាសន្តិសុខនៅហ្កាហ្សា និងបង្កើតគណៈកម្មការសន្តិភាពដែលមានលោកត្រាំជាប្រធានដើម្បីមើលការខុសត្រូវទៅលើការផ្ទេរអំណាចគ្រប់គ្រងផ្នែករដ្ឋបាលក្រោយពេលហាម៉ាស់កាត់រំសាយ។
ក្រុមហាម៉ាស់បានបញ្ចេញប្រតិកម្មតបទៅវិញថាខ្លួនមានសិទ្ធិស្របច្បាប់ក្នុងការប្រឆាំងជំទាស់នឹងផែនការគ្រប់គ្រងតាមគ្រប់មធ្យោបាយដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិនានា។ រាល់ការពិភាក្សាពាក់ព័ន្ធនឹងអាវុធត្រូវតែជាកិច្ចការផ្ទៃក្នុង (របស់ក្រុមប៉ាឡេស្ទីន) ដែលត្រូវដោះស្រាយតាមផ្លូវនយោបាយដើម្បីធានាការបិទបញ្ចប់ការកាន់កាប់តំបន់ហ្កាហ្សា (ពីសំណាក់យោធាអ៊ីស្រាអែល), ការបង្កើតរដ្ឋ (ប៉ាឡេស្ទីន) និងការកំណត់ជោគវាសនា-អនាគតរបស់ខ្លួនដោយខ្លួនឯង។

ផែនការសន្តិភាពរបស់លោកត្រាំជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកលទ្ធភាពនៃការបង្កើតរដ្ឋប៉ាឡេស្ទីននាពេលអនាគត។ នេះជាចំណុចដែលអ៊ីស្រាអែលជំទាស់។ ប៉ុន្តែលក្ខខណ្ឌនោះមិនបានធានា១០០%ថាត្រូវតែបង្កើតរដ្ឋប៉ាឡេស្ទីនឱ្យខាងតែបាននោះទេ។ ក្រុមហាម៉ាស់ក៏បានប្រកាសច្រានចោលផែនការបង្កើតកងទ័ពអន្តរជាតិដើម្បីធានាស្ថិរភាពនៅហ្កាហ្សាផងដែរ។
ហាម៉ាស់ថាសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនោះផ្ដល់សិទ្ធិឱ្យបង្កើតកងកម្លាំងអន្តរជាតិដើម្បីមើលការខុសត្រូវតំបន់ហ្កាហ្សា។ ប៉ុន្តែផែនការនេះត្រូវបានប្រជាជនយើង (ប៉ាឡេស្ទីន), ក៏ដូចជាកងកម្លាំងរបស់យើង និងក្រុមប៉ាឡេស្ទីនដទៃទៀតប្រឆាំងជំទាស់។ ហាម៉ាស់យល់ថាសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខហាក់ដូចជាជួយសម្រេចគោលដៅរបស់អ៊ីស្រាអែលដែលធ្លាប់ប្រើប្រាស់កម្លាំងយោធាដើម្បីសម្រេចគោលដៅនេះប៉ុន្តែមិនបានជោគជ័យ។

នៅចុងបញ្ចប់ ហាម៉ាស់ចាត់ទុកសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខថ្ងៃនេះកាន់តែធ្វើឱ្យតំបន់ហ្កាហ្សាដាច់ឆ្ងាយពីទីតាំងភូមិសាស្ត្ររបស់ប៉ាឡេស្ទីន ហើយហាក់ដូចជាបង្កើតស្ថានការណ៍ថ្មីដែលផ្ទុយពីសិទ្ធិស្របច្បាប់របស់ប្រជាជនយើង។ ហាម៉ាស់ថាសេចក្ដីសម្រេចនោះបានដកហូតសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនដែលចង់សម្រេចជោគវាសនា-អនាគតរបស់ខ្លួនដោយខ្លួនឯង និងក្ដីស្រមៃបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានទីក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ខ្លួន។ នេះបើយោងតាមប្រភពពីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ