ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា អញ្ជើញ​ដាក់​កម្រងផ្កា នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​គី​ហ្គា​លី នៃ​ប្រទេសរ​វ៉ា​ន់​ដា

12 ម៉ោង មុន

រដ្ឋធានី​គី​ហ្គា​លី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រដ្ឋធានី​គី​ហ្គា​លី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋរ​វ៉ា​ន់​ដា​។ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅ​បូជនីយដ្ឋាន​ចង​ចាំទី​ក្រុង​គី​ហ្គា​លី ។

នៅ​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ទ្វេភាគី​ជាមួយ ឯកឧត្តម Olivier Jean Patrick Nduhungirehe រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​សាធារណរដ្ឋរ​វ៉ា​ន់​ដា​។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាលរ​វ៉ា​ន់​ដា ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ជូន​គណៈប្រតិភូ​កម្ពុជា ក្នុងអំឡុងពេល​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្ដម នៅ​សាធារណរដ្ឋរ​វ៉ា​ន់​ដា និង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​៤៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០២៥​។ ក្នុង​ឱកាស​នៃ​ជំនួប ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​រិះរក​មធ្យោបាយ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌ ។

បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ ៖ (១) អនុស្សរណៈ នៃ​ការ​យោគយល់​ស្តី​ពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ និង (២) កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ ។

នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម Olivier Jean Patrick Nduhungirehe រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋរ​វ៉ា​ន់​ដា បាន​រៀបចំ​អាហារ​ថ្ងៃត្រង់​ស្វាគមន៍ ជូន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​គណៈប្រតិភូ ក្នុងអំឡុងពេល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅរ​វ៉ា​ន់​ដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ