ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទេសចរ​ចិន​ជិត​កន្លះ​លាន​នាក់​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​ជប៉ុន

2 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ស្ថាន​ភាព​ដែល​ចិន និង​ជប៉ុន​កំពុង​តែ​មាន​ភាព​តាន​តឹង​ផ្នែក​ការ​ទូត​ជា​មួយ​គ្នា​ក្រោយ​ការ​ថ្លែង​សុន្ទរ​កថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​ និង​បន្ទាប់​ពី​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល​ចិន​ឱ្យ​ប្រជាជន​ខ្លួន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​នៅ​ជប៉ុន​ គេ​ឃើញ​ថា​អ្នក​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ និង​ដែល​បាន​ទិញ​សំបុត្រ​យន្ត​ហោះ​រួច​ហើយ​បាន​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​របស់​ខ្លួន​វិញ​។ យោង​តាម​តួ​លេខ​ដែល​ប្រមូល​បាន​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​នានា​របស់​ចិន​​ គេ​ឃើញ​​ថា​អ្នក​ទេស​ចរ​ចិន​លុប​ចោល​ការ​ធ្វើ​ដំណើរ​ជិត​កន្លះ​លាន​នាក់​…

ទី​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ស្ថាន​ភាព​ដែល​ចិន និង​ជប៉ុន​កំពុង​តែ​មាន​ភាព​តាន​តឹង​ផ្នែក​ការ​ទូត​ជា​មួយ​គ្នា​ក្រោយ​ការ​ថ្លែង​សុន្ទរ​កថា​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​ និង​បន្ទាប់​ពី​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល​ចិន​ឱ្យ​ប្រជាជន​ខ្លួន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​នៅ​ជប៉ុន​ គេ​ឃើញ​ថា​អ្នក​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ និង​ដែល​បាន​ទិញ​សំបុត្រ​យន្ត​ហោះ​រួច​ហើយ​បាន​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​របស់​ខ្លួន​វិញ​។

យោង​តាម​តួ​លេខ​ដែល​ប្រមូល​បាន​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​នានា​របស់​ចិន​​ គេ​ឃើញ​​ថា​អ្នក​ទេស​ចរ​ចិន​លុប​ចោល​ការ​ធ្វើ​ដំណើរ​ជិត​កន្លះ​លាន​នាក់​ ពោល​គឺ​ប្រហែល​៤,៩១​សែន​នាក់​គិត​ចាប់​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​​រហូត​មក​ដល់​ពេល​នេះ​។ ​ចំនួន​​​​​នេះ​ស្មើ​នឹង​៣២%​​នៃ​ចំនួន​អ្នក​ទេស​ចរ​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ និង​ដែល​បានកក់​សំបុត្រ​យន្ត​ហោះ​រួច​ហើយ​។ ក្រោយ​មក​​ ចំនួន​អ្នក​លុប​ចោល​ការ​ធ្វើ​ដំណើរ​កើន​ឡើង​ដល់​ជាង​៨២%​កាល​ពី​​ថ្ងៃ​អាទិត្យ ​​និង​៧៥,៦%​កាល​ពី​ថ្ងៃ​ចន្ទ​។

នេះ​បើ​យោ​ងតាម​ការ​បូក​សរុប​តួ​លេខ​របស់​អ្នក​ស្រាវ​ជ្រាវ​ដែល​ប្រមូល​​ទិន្ន​ន័យ​​ពី​​គ្រប់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​​ទាំង​អស់​។​ ​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​ប្រទេស​ចិន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​ផ្អាក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​​ដោយ​សារ​ហេតុ​ផល​សុវត្ថិ​ភាព​ គេ​ឃើញ​ថា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នានា​នៅ​ប្រទេស​ចិន​ដែល​បាន​ទទួល​ការ​កក់​សំបុត្រ​យន្ត​ហោះ​រួច​ហើយ​បាន​ប្រកាស​ថា​ខ្លួន​នឹង​បង្វិល​ប្រាក់​កក់​គ្រប់​ចំនួន​​ជូន​អតិថិ​ជន​វិញ​​។

ភាព​តាន​តឹង​រវាង​ចិន និង​​ជប៉ុន​កើត​ឡើង​សា​ជា​ថ្មី​ក្រោយ​ការ​ថ្លែង​សុន្ទរ​កថា​របស់​លោក​ស្រី​តាកា​អ៊ីឈិ​ដែល​ប្រមើល​មើល​អំពី​សេណារីយោ​ផ្ទុះ​សង្គ្រាម​នៅ​តៃវ៉ាន់​ និង​ការ​ចូល​អន្តរាគមន៍​របស់​កង​ទ័ព​ជប៉ុន​ដើម្បី​ជួយ​តៃវ៉ាន់​។ ​សារ​ព័ត៌​មាន​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ជប៉ុន​​ឱ្យ​តែ​ហ៊ាន​ធ្វើ​ដូច្នេះ​នឹង​ប្រែ​ក្លាយ​ប្រទេស​របស់​ខ្លួន​ទៅ​ជា​ទី​លាន​សង្គ្រាម​ជា​មិន​ខាន​។

សំបុត្រ​យន្ត​ហោះ​ដែល​លុប​ចោល​ច្រើន​ជាង​គេ​គឺ​សៀង​ហៃ​ទៅ​តូក្យូ និង​សៀង​ហៃ​ទៅ​អូសាកា​។ ជា​ការ​ពិត​ វិស័យ​ឯក​ជន​​របស់​ជប៉ុន​ដែល​ធ្លាប់​ទទួល​បាន​ផល​ប្រយោជន៍​ពី​អ្នក​ទេស​ចរ​ចិន​នឹង​ត្រូវ​បាត់​បង់​ប្រាក់​ចំណូល​។ ប៉ុន្តែ​បើ​និយាយ​អំពី​វិស័យ​អាកាស​ចរ​ណ៍​វិញ ចិន​រង​គ្រោះ​ខ្លាំង​ជាង​ជប៉ុន​។ នេះ​បើ​យោង​តាម​លោក​ចន​ក្រេន (John Grant) ជា​អ្នក​វិភាគ​ជាន់​ខ្ពស់​របស់​អង់​គ្លេស​។

​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ចិន​មាន​ចំណែក​ទី​ផ្សារ​ច្រើន​ជាង​ជប៉ុន​ឆ្ងាយ​ណាស់​បើ​​និយាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ហោះ​​ហើរ​ទៅ​មក​រវាង​ប្រទេស​​ទាំង​២​​។ ក្រុមហ៊ុន​អាកាស​ចរណ៍​ធំ​ៗ​ទាំង​៥​សុទ្ធ​តែ​មាន​ទី​តាំង​នៅ​ប្រទេស​ចិន​។ ហេតុ​នេះ​ការ​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​នឹង​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចិន​ខាត​បង់​ជាង​ក្រុម​ហ៊ុន​ជប៉ុន​។ នេះ​បើ​​​តាម​លោក​ចន​ក្រេន​។

នៅ​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ខាង​មុខ​នេះ វិស័យ​អាកាស​ចរណ៍​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​គំហុក​ខាង​ចំនួន​អ្នក​ដំណើរ​។ ប៉ុន្តែ​គេ​ឃើញ​ថា​ជប៉ុន​មិន​បាន​នៅ​ស្ងៀម​ទេ​។ ជប៉ុន​កំពុង​ស្វះ​ស្វែង​រក​ការ​សន្ទនា​គ្នា និង​​​​តាម​លួង​ចិត្ត​ចិន​ដើម្បី​​រម្ងាប់​អារម្មណ៍​ខឹង​សម្បារ​របស់​ខ្លួន​។ ដូច​នេះ​ គេ​គិត​បញ្ហា​ប៉ះ​ពាល់​ចំពោះ​អាកាសចរណ៍​ចិន​-​ជប៉ុន​អាច​នឹង​កើត​ឡើង​ត្រឹម​តែ​មួយ​កម្សួល​ប៉ុណ្ណោះ​។ រួច​ហើយ​នឹង​វិល​មក​រក​សភាព​ធម្ម​តា​ឡើង​វិញ​។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ឆេន​ណល​ ញូស៍​ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ