ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ឧបត្ថម្ភ​កញ្ចប់អាហារជូនអ្នកជំងឺ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និងមន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អ្នក​​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ចំនួន​៦២​នាក់ រួម​ជា​មួយ​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី​ចំនួន​៣៥០នាក់ ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ដែល​ជា​ថ្ងៃ​ពេញ​បូណ៍មី​ ចំថ្ងៃ​បុណ្យវិសាខ​ បូជា បាន​ទទួល​ការ​ឧបត្ថម្ភ​កញ្ចប់​អាហារ​​ថ្ងៃត្រង់​​ម្នាក់​មួយ​​កញ្ចប់​ពី​សំណាក់

នាយកមន្ទីរពេទ្យទាំង២ រួមជាមួយគ្រូពេទ្យ​គ្រប់ផ្នែក​ស្វាគមន៍ និងជួយសម្រួល​ការចែកចាយ

រាជ​ធានី​ភ្នំពេញ ៖ អ្នក​​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ចំនួន​៦២​នាក់ រួម​ជា​មួយ​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី​ចំនួន​៣៥០នាក់ ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ដែល​ជា​ថ្ងៃ​ពេញ​បូណ៍មី​ ចំថ្ងៃ​បុណ្យវិសាខ​ បូជា បាន​ទទួល​ការ​ឧបត្ថម្ភ​កញ្ចប់​អាហារ​​ថ្ងៃត្រង់​​ម្នាក់​មួយ​​កញ្ចប់​ពី​សំណាក់​លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី នាយិកា​គ្រប់​គ្រង​ទីផ្សារ​នៃ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព។

ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ការ​ចូល​រួម​ដំណើរ​ដោយ​លោក​ជំទាវ​ឧកញ៉ា ភាព ហៀក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ជីប ម៉ុង​គ្រុប ដោយ​បាន​នាំ​យក​ទៅ​ជា​មួយ​នូវ​ទឹក​ដោះ​គោ​កំប៉ុង​ចំនួន​៨​កេស មាន​ចំនួន​សរុប​៣៨៤​កំប៉ុង។ លោក​ស្រី សុផល ឡេង នាយិកា​មូល​និធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍ នៅ​រដ្ឋ​ផ្លរីដា សហ​រដ្ឋ​អាមេរិក ក្នុង​ឱកាស​ដែល​លោក​ស្រី​នាំ​ប្រតិភូ​និស្សិត​​មួយ​ក្រុម​មក​ទស្សន​កិច្ច​សិក្សា​នៅ​កម្ពុជា ក៏​បាន​ចូល​រួម​​​ដំណើរ​ដែរ ដោយ​បាន​បរិ​ច្ចាគ​នូវ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ ជា​ថ្នាំ​វីតាមីន ចែក​ចាយ​ដល់​អ្នក​ជំងឺ​ផង​ដែរ។

នៅ​ពេល​ប្រតិភូ​អញ្ជើញ​ដល់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-​សូវៀត លោក​វេជ្ជ​បណ្ឌិត​ សាយ សេងលី នាយក​មន្ទីរ​ពេទ្យ ព្រម​ទាំង​នាយក​រដ្ឋ​បាល​​បាន​ស្វាគមន៍​ដោយ​ទឹក​ចិត្ត​រីក​រាយ ​​ដោយ​បាន​ជួយ​សម្រួល​នូវ​ការ​ចែក​ចាយ​កញ្ចប់​អាហារ​បាន​ដល់​ដៃ​អ្នក​ជំងឺ​គ្រប់​ៗ​គ្នា តាំង​ពី​ជាន់​ក្រោម​​ដល់​ជាន់​ខាង​លើ និង​នៅ​គ្រប់​អគារ​ព្យាបាល​ទាំង​អស់។ អ្នក​ជំងឺ​ណា​ដែល​ដើរ​បាន​ អាច​មក​ទទួល​យក​ដោយ​ខ្លួន​ឯង។ អ្នក​ជំងឺ​ណា​ដែល​ដើរ​មិន​​រួច​ត្រូវ​បាន​យក​ទៅ​ចែក​ជូន​ដល់​បន្ទប់​តែ​ម្តង។​ អ្នក​ជំងឺ​ខ្លះ​ត្រូវ​បាន​អ្នក​កំដរ​មក​ទទួល​យក​ក៏​មាន​ដែរ។ លោក​នាយក​មន្ទីរ​ពេទ្យ​បាន​សម្រួល​ការ​ងារ​ចែក​ចាយ​កញ្ចប់​អាហារ​បាន​ដល់​គ្រប់​អ្នក​សម្រាក​ព្យាបាល​​ទាំង​អស់​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។

បន្ទាប់​ពី​បាន​ចែក​ចាយ​កញ្ចប់​អាហារ​គ្រប់​អ្នក​ជំងឺ​ដែល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី​ចប់​មក លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី រួម​ជា​មួយ​ប្រតិភូ​អម​ដំណើរ​បាន​នាំ​យក​កញ្ចប់​អាហារ​មួយ​ផ្នែក​ទៀត​ឆ្ពោះ​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ហៅ​មន្ទីរ​ពេទ្យ​ព្រះ​សង្ឃ ដែល​នៅ​ទីនោះ​បាន​ទទួល​​ការ​ស្វាគមន៍​យ៉ាង​រីក​រាយ​ពី​សំណាក់​លោក​វេជ្ជ​បណ្ឌិត សូ វុន អគារ​នុរក្ស​នៃ​មន្ទីរ​ពេទ្យ។ សកម្ម​ភាព​ចែក​កញ្ចប់​អាហារ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ក៏​បាន​ប្រព្រឹត្ត​ទៅ​​យ៉ាង​រលូន​ដូច​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត​ដែរ គឺ​បាន​ចែក​ជូន​បាន​គ្រប់​អ្នក​ជំងឺ​តាម​បន្ទប់​នីមួយ​ៗ។ លោក​វេជ្ជ​បណ្ឌិត​អគារ​នុរក្ស សូ វុន បាន​សម្តែង​នូវ​កាយ​វិការ និង​ទឹក​ចិត្ត​រីក​រាយ​ក្រៃ​លែង ចំពោះ​កាយ​វិការ​មនុស្ស​ធម៌​នេះ។
លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ថ្លែង​ថា លោក​ជំទាវ​ផ្ទាល់​បាន​រៀបចំ​កញ្ចប់​អាហារ​មាន​បាយ​១​កញ្ចប់, សម្ល​១​មុខ, ត្រីងៀត​១​ដុំ និង​ទឹក​សុទ្ធ​១​ដប រៀបចំ​វេច​ខ្ចប់​យ៉ាង​ស្អាត​ប្រកប​ដោយ​អនា​ម័យ​ មាន​ចំនួន​៤៤៥​កញ្ចប់ សម្រាប់​អ្នក​ជំងឺ​៤១២​នាក់​តាម​បញ្ជី។ ការ​ដាក់​លើស​នេះ​ក្រែង​មាន​​អ្នក​ជំងឺ​ចូល​ថ្មី​ទៀត ឬ​ក៏​សម្រាប់​​អ្នក​កំដរ​ដែល​ខ្វះខាត។ លោក​ជំទាវ​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​ម្នាក់​បាន​កញ្ចប់​អាហារ​មួយ​ថង់​ដែល​មាន​បាយ​ សម្ល​ស្ពៃ​ជូ ជា​មួយ​ត្រី​រ៉ស់ ឬ​បាយ​ត្រី​ងៀត និង​ទឹក​សុទ្ធ​១​ដប ព្រម​ទាំង​ទឹក​ដោះ​គោ​១​កំប៉ុង ដោយ​មាន​ថ្នាំ​វីតា​មីន​១​កញ្ចប់​តូច​ទៀត​ផង។

លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ក៏​ដូច​ជា​លោក​ជំទាវ​ឧកញ៉ា ភាព ហៀក ​បាន​ថ្លែង​ផង​ដែរ​ថា ​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​វិសាខ​បូជា​ ជា​ថ្ងៃ​បុណ្យ​ធំ​របស់​ព្រះ​ពុទ្ធ​សាសនា​យើង។ ការ​ធ្វើ​បុណ្យ​នេះ​ក្នុង​បំណង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខន្ត​ជីដូន​​ជីតា​ ញាតកា​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ ៕