ខេត្តបាត់ដំបង ៖ ការកាប់បំផ្លាញព្រៃឈើត្រូវបានចាត់ទុកថា ជាអំពើល្មើសច្បាប់ ហើយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់បញ្ជាឱ្យក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ឬសមត្ថកិច្ចគ្រប់ស្ថាប័ន ជាពិសេសរដ្ឋបាលព្រៃឈើ ត្រូវតែមានវិធានការឱ្យខាងតែបាន ចំពោះការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទពីសំណាក់ក្រុមឈ្មួញទុច្ចរិត។
ប៉ុន្តែបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលដាស់តឿនមិនឈប់ឈរឱ្យទប់ស្កាត់ ឬបង្ក្រាបបទល្មើសព្រៃឈើនេះហាក់ដូចជាមិនត្រូវបានអាជ្ញាធរ ឬមន្ត្រីជំនាញក្នុងខេត្តបាត់ដំបងយកចិត្តទុកដាក់ឡើយ ។ ការលើកឡើងនេះ ដោយហេតុថា បច្ចុប្បន្នការកាប់បំផ្លាញ និងការដឹកជញ្ជូនឈើប្រណីត ពីសំណាក់ពួកឈ្មួញទុច្ចរិតកំពុងធ្វើសកម្មភាពយ៉ាងផុលផុសបំផុតនៅតំបន់ភ្នំនានា ក្នុងស្រុកសំឡូត ជាប់ព្រំប្រទល់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចព្រៃឈើ ពួកគេមិនខ្វល់ឡើយ បើទោះជាពួកឈ្មួញ ដឹកជញ្ជូនទាំងថ្ងៃឆ្លងកាត់កុងត្រូលជជុះរបស់ពួកគេស្ទើររាប់ភ្លេចក្តី ។
បើតាមអ្នកភូមិនៅតំបន់ព្រៃភ្នំ ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត និយាយថា អ្នករកស៊ីកាប់បំផ្លាញឈើប្រណីតនៅតំបន់នោះ ភាគច្រើនជាមន្ត្រីយោធាមានអំណាច ឬសមត្ថកិច្ចធំៗនៅតំបន់នោះ ។ អ្នកភូមិនិយាយទៀតថា ពួកគេមិនខ្លាចញញើតច្បាប់ទេ រីឯមន្ត្រីព្រៃឈើមួយចំនួនក៏មានចំណែកក្នុងការឃុបឃិតរត់ពន្ធឈើប្រណីតនៅតំបន់នោះដែរ។ ប្រភពនេះបានបញ្ជាក់ថា នៅតំបន់នានាក្នុងឃុំកំពង់ល្ពៅ ស្ទើររាល់ថ្ងៃគេឮតែសំឡេងម៉ាស៊ីនអារឈើ ។ បច្ចុប្បន្នបើគេដើរតាមផ្លូវរទេះខ្លះនៅក្នុងព្រៃជ្រៅ គេនឹងប្រទះឃើញឈើប្រណីត ឬឈើក្រហម (ឈើគ្រឿងផ្ទះ) តម្រៀបគរពាសពេញក្បែរផ្លូវដោយគេគ្រាន់តែកាច់ស្លឹកឈើគ្របពីលើប៉ុណ្ណោះ ។ ប៉ុន្តែឈើប្រណីតប្រហែលពាក់កណ្តាលត្រូវបានឈ្មួញដឹកជញ្ជូនចេញពីឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមច្រកចង្អៀតចូលមកទឹកដីភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដោយឆ្លងកាត់ប៉ុស្តិ៍យាមរបស់មន្ត្រីនគរបាលសេដ្ឋកិច្ចប្រចាំស្រុកវាលវែង និងមន្ត្រីព្រៃឈើជាច្រើនដំណាក់ទៀត។
រទេះដឹកឈើប្រណីតចំនួន១០គ្រឿង ត្រូវគេប្រទះឃើញកាលពីព្រឹកថ្ងៃទី១៦ ឧសភា ក្នុងពេលដែលពួកគេឈប់សម្រាកលើដងផ្លូវមួយកណ្តាលព្រៃ ក្នុងភូមិសាស្ត្រភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ រទេះគោទាំងនេះផ្ទុកទៅដោយឈើប្រភេទធ្នង់ និងបេង ។ តាមម្ចាស់រទេះទាំងនោះប្រាប់ថា ពួកគេជាអ្នកស៊ីឈ្នួលដឹកឱ្យមេឈ្មួញធំៗ ដែលឈើមួយចំនួនដឹកចេញពីតំបន់ភ្នំនានា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯខ្លះទៀតគឺដឹកចេញពីក្នុងព្រៃនៅក្នុងឃុំ កំពង់ល្ពៅ ស្រុកសំឡូតនេះ ។
ក្រុមអ្នកស៊ីឈ្នួលដឹកជញ្ជូនឈើខាងលើនេះ មិនបានប្រាប់អំពីតម្លៃឈ្នួលទេ ហើយក៏មិនប្រាប់ពីឈ្មោះម្ចាស់ឈើប្រណីតទាំងនោះដែរ ប៉ុន្តែគ្រាន់តែប្រាប់ថា ពួកគេដឹកចេញពីឃុំក្រពើ២ ស្រុកវាលវែង ដោយឆ្លងកាត់កុងត្រូលជជុះរបស់នគរបាលសេដ្ឋកិច្ច ក្នុងខេត្តពោធិ៍សាត់ នៅចំណុចច្រកចង្អៀតដែលមានឈ្មោះវ៉ាត់ ជាអ្នកយកលុយ និងមានមន្ត្រីព្រៃឈើជាច្រើនដំណាក់ទៀត ។ ពួកគេនិយាយបន្ថែមថា ឈើទាំងនេះត្រូវមេឈ្មួញប្រាប់ឱ្យដឹកទៅកាន់ស្រុកគាស់ក្រឡ ដោយឆ្លងកាត់ប៉ុស្តិ៍មេព្រៃ និងសមត្ថកិច្ចជាច្រើនដំណាក់ទៀត ទើបដល់គោលដៅដែលមានរថយន្តចាំទទួលជាស្រេច ។ ក្រុមអ្នកស៊ីឈ្នួលដឹកបានទម្លាយឱ្យដឹងថា ការកាប់បំផ្លាញ និងរត់ពន្ធឈើប្រណីតនៅតំបន់នោះ មានភាពគគ្រឹកគគ្រេងបំផុត សព្វថ្ងៃនេះបើតាមដឹងគឺមានមេព្រៃ និងសមត្ថកិច្ចមួយចំនួនក៏រកស៊ីបទ ល្មើសជាមួយគ្នាដែរ ។ គ្មានអ្នកណាចាប់អ្នកណាទេ សំខាន់ឱ្យតែបង់ប្រាក់តាមកំណត់គឺជាការស្រេច។
ទាក់ទិននឹងការប្រព្រឹត្តបទល្មើសព្រៃឈើដ៏កក្រើកនេះ កោះសន្តិភាពបានសុំការបំភ្លឺពីលោកណារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកសំឡូត កាលពីព្រឹកថ្ងៃទី១៧ ឧសភា ប៉ុន្តែលោកបានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ស្តាប់មិនបាន ព្រោះមិនសូវមានសេវា…។ រីឯលោកគឹម ចន្ថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង ដែលទើបប្តូរមកកាន់តំណែងថ្មីក៏បានបញ្ជាក់ប្រាប់ដូច្នេះតាមទូរស័ព្ទដែរថា លោកកំពុងជិះរថយន្តមកឆ្ងាយ ស្តាប់មិនសូវបាន ព្រោះមិនសូវមានសេវា។ ប្រជាពលរដ្ឋរស់នៅតំបន់នោះ កំពុងមានការព្រួយបារម្ភអំពីការបាត់បង់ព្រៃឈើ ហើយស្នើឱ្យមានការចាត់វិធានការផង ៕
ចែករំលែកព័តមាននេះ