ខេត្តកណ្តាល ៖ រថយន្តឡិចស៊ីស RX470 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2N-9008 បើកបោះពួយលឿនដូចហោះវ៉ារថយន្តកាមរី ជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឱ្យរថយន្តក្រពឹតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ឧសភា នៅតាមផ្លូវជាតិលេខ២១B ត្រង់ចំណុចស្ពានព្រែកចាន់ លេខ៦០ ស្ថិតនៅក្នុងភូមិពោធិ៍រាមា ឃុំព្រែកស្តី ស្រុកកោះធំ។ មន្ត្រីប៉ូលិសបានឱ្យដឹងថា រថយន្តខាងលើបើកបរដោយបុរសម្នាក់ឈ្មោះចាន់ ធី អាយុ៤១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកលក់រថយន្តនៅវត្តភ្នំ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តឡិចស៊ីសខាងលើបើកពីត្បូងទៅជើងយ៉ាងលឿនដូចហោះ ពេលមកដល់ស្ពានលេខ៦០ រថយន្តនោះបានបន្ថែមល្បឿនដើម្បីវ៉ារថយន្តកាមរីពណ៌ស ១គ្រឿង ដែលបើកស្របគ្នា។ ពេលវ៉ាផុតបានតែបន្តិចដល់ស្ពាន ហើយរថយន្តឡិចស៊ីសនោះបានជ្រុលទៅបុកបង្កាន់ដៃស្ពានខាងស្តាំពេញទំហឹង បណ្តាលឱ្យបាក់បង្កាន់ដៃស្ពាន និងដាច់ទុយោទឹកស្អាតនៅក្បែរស្ពាននោះផងដែរ។ ចំណែកឯរថយន្តក្រពឹតខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងផ្ទុះពោងសុវត្ថិភាពទាំង២ បណ្តាលឱ្យកៀបអ្នកបើកបរជាប់ដៃចង្កូតសន្លប់នៅក្នុងរថយន្តនោះ។ ក្រោយពេលកើតហេតុភ្លាម អ្នកស្រុកបានជួយយកអ្នកបើកបរនោះចេញមកខាងក្រៅធ្វើចលនាបេះដូង និងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកកោះធំ។
សាក្សីនិយាយថា អ្នកបើកបរនោះធុំក្លិនស្រា ទំនងជាផឹកស្រាស្រវឹងហើយបើកបរទើបជួបគ្រោះថ្នាក់បែបនេះ តែសំណាងល្អរថយន្តនោះមានពោងសុវត្ថិភាព កុំអីគ្រោះថ្នាក់ដល់អាយុជីវិតមិនខាន។ ក្រោយពេលកើតហេតុ ប៉ូលិសចរាចរស្រុកកោះធំបានទៅពិនិត្យកន្លែងកើតហេតុ និងស្ទូចរថយន្តនោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការដោះស្រាយឱ្យអ្នកបើកបររថយន្តនោះសងការខូចខាតបង្កាន់ដៃស្ពាន និងបំពង់ទឹកស្អាត៕
ចែករំលែកព័តមាននេះ