រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសការរៀបចំកែលំអសួនច្បារ ដែលមានចាស់ៗពីមុន និងស្ថាបនាជាថ្មីស្ទើរគ្រប់សួនដែលពេលនេះនៅភ្នំពេញរកដីទំនេរសាធារណៈស្ទើរពុំមាន ។ ហើយអ្វីដែលជាការកត់សម្គាល់ទៀតនោះ សាលារាជធានីភ្នំពេញបង្កើតទីលានហាត់ប្រាណបានច្រើនដោយរៀបចំការ៉ូឡាពង្រីកឱ្យធំទូលាយ កាត់បន្ថយសួនស្មៅ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋហាត់ប្រាណបានច្រើន។ ព្រមទាំងបង្កើតជាទីលានហា់តប្រាណ ដោយបំពាក់ឧបករណ៍ហាត់ប្រាណសម្រាប់កុមារលេងបានចំនួនបីទីតាំង គឺទី១-សួនកុមារវត្តភ្នំ ទី២-សួនមុខវត្តបទុមវតី និងទី៣-សួនកុមារនៅមុខផ្សារសិនជូរី (ពោធិចិនតុង) ។ ហើយពេលនេះសាលារាជធានីភ្នំពេញ បានដំណើរការស្ថាបនាទីលានលំហាត់ប្រាណ និងបំពាក់ឧបករណ៍សម្រាប់មនុស្សចាស់លេងដោយឥតគិតថ្លៃទៀតផង។
មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ទីលានហាត់ប្រាណនេះគ្រោងបើកឱ្យដំណើរការចាប់ពីចុងខែឧសភា ឆ្នាំ២០១១ នេះតទៅ ដោយមិនមានការបង់លុយឡើយ ហើយសាលារាជធានីភ្នំពេញ គ្រោងរៀបំទីលាននេះនៅតាមសួនច្បារនានាជាបន្តទៅទៀត ប្រសិនបើប្រជាពលរដ្ឋមានការចូលរួមជាពិសេសការថែទាំឱ្យបានល្អ ។
យោងតាមព័ត៌មានរបស់សាលារាជធានីភ្នំពេញ ដែលបានចេញផ្សាយតាមគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១១ ឧសភា ២០១១ ឱ្យដឹងថា សាលារាជធានីភ្នំពេញបានកំពុងនិងសាងសង់ទីលានលំហាត់ប្រាណនៅតាមបណ្តោយមាត់ទន្លេខាងមុខវត្តឧណ្ណាលោម ដើម្បីបម្រើដល់ការលើកស្ទួយសុខភាព ប្រជាពលរដ្ឋ ក៏ដូចលើកកម្ពស់សោភ័ណភាពក្រុងផងដែរ ។
ទីលានលំហាត់ប្រាណនេះម៉ៅការសាងសង់ដោយក្រុមហ៊ុនមុនីមរកត ដោយការសាងសង់គ្រោងធ្វើក្នុងរយៈពេលប្រមាណ៤៥ថ្ងៃ និងគ្រោងចំណាយប្រមាណ៥៣. ៨៧៤.០០០រៀល។ យោងតាមវ៉េបសាយសាលារាជធានីភ្នំពេញបន្តថា បច្ចុប្បន្ននេះលទ្ធផលសម្រេចបាន៦០ភាគរយ ហើយ ចំណែកឧបករណ៍លំហាត់ប្រាណមានចំនួន១៣ប្រភេទ មានលក្ខណៈទំនើបនាំចូលពីបរទេស ៕
ចែករំលែកព័តមាននេះ