ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់​! World Cup 2030 នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​ចំនួន​៦ នៅ​៣​ទ្វីប​ផ្សេង​គ្នា

6 ខែ មុន

អន្តរជាតិ ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​ថា ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​

អន្តរជាតិ ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រកាស​ថា ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣០ (FIFA World Cup 2030) នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន ៦ នៅ​៣​ទ្វីប​ផ្សេង​គ្នា ដោយ​ក្នុង​នោះ ប្រទេស​អេ​ស្ប៉ា​ញ ព័រ​ទុ​យ​ហ្គា​ល់ និង​ម៉ា​រ៉ុ​ក ត្រូវ​បាន​ប្រកាស​ជា​សហ​ម្ចាស់ផ្ទះ ខណៈ​ការ​ប្រកួត​បើក​ឆាក​ចំនួន ៣ នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ អា​ហ្ស​ង់​ទី​ន និង​ប៉ា​រ៉ា​ហ្គា​យ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ការ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍ World Cup 2030 នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ប្រទេស​នៅ​ទ្វីបអាមេរិក​ខាងត្បូង ដើម្បី​ប្រារព្ធ​ខួប​១​សតវត្ស​នៃ​ការ​ប្រកួត World Cup ព្រោះ​នឹង​មាន​រយៈពេល​១០០​ឆ្នាំ ចាប់តាំងពី​ការ​ប្រកួត​បើក​ឆាក​នៅ​ក្នុង​ទីក្រុង Montevideo ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ កាលពី​ឆ្នាំ ១៩៣០​។ ការ​សម្រេចចិត្ត​នេះ នឹង​ត្រូវ​ផ្តល់​សច្ចាប័ន​នៅ​ក្នុង​សមាជ​របស់ FIFA នៅ​ឆ្នាំ​ក្រោយ​។

FIFA ក៏​បាន​បញ្ជាក់​ផង​ដែរ​នូវ​ការ​ដេញថ្លៃ​ពី​ប្រទេស​មក​ពី​សហព័ន្ធ​បាល់ទាត់​អាស៊ី ហើយ​សហព័ន្ធ​បាល់ទាត់​អូ​សេ​អា​នី ដែល​នឹង​ត្រូវ​បាន​ពិចារណា​សម្រាប់​ព្រឹត្តិការណ៍​នៅ​ឆ្នាំ ២០៣៤ ហើយ​បន្ទាប់​ពី​ការ​សម្រេចចិត្ត​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០៣៤ ផង​ដែរ​។

ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត World Cup ច្រើន​ទ្វីប​បែប​នេះ បាន​ទាក់ទាញ​ការ​រិះគន់ ដោយ​មាន​អ្នកខ្លះ​បាន​ចោទប្រកាន់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ​ថា ចូលរួម​ក្នុង​វដ្ត នៃ​ការ​បំផ្លិចបំផ្លាញ​ប្រឆាំង​នឹង​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​របស់​បាល់ទាត់​ពិភពលោក​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ លោក Gianni Infantino ប្រធាន FIFA បាន​ថ្លែង​ថា «​នៅ​ក្នុង​ពិភពលោក ដែល​បែកបាក់​គ្នា FIFA និង​បាល់ទាត់​គឺជា​ការ​រួបរួម​គ្នា​។

ជាក់ស្តែង​នៅ​ឆ្នាំ ២០៣០ យើង​នឹង​មានការ​បោះ​ជំហាន​ជាស​កល​តែ​មួយ​គត់ ដោយ​ទ្វីប​ចំនួន​៣ គឺ អាហ្វ្រិក អឺរ៉ុប និង​អា​មេ​រិ​ក​ខាងត្បូង ជាមួយនឹង​ប្រទេស​ចំនួន​៦ គឺ អា​ហ្ស​ង់​ទី​ន ម៉ា​រ៉ុ​ក ប៉ា​រ៉ា​ហ្គា​យ ព័រ​ទុ​យ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​អ៊ុយ​រូ​ហ្គា​យ ដែល​ជា​ការ​ស្វាគមន៍ និង​បង្រួបបង្រួម​ពិភពលោក ខណៈ​ពេល​ដែល​ការ​ប្រារព្ធ​ការ​ប្រកួត​ដ៏​ស្រស់​ស្អាត​ជាមួយ​គ្នា​រយៈពេល​១០០​ឆ្នាំ និង FIFA World Cup»​។

ប្រសិនបើ​សំណើ​ព្រឹត្តិការណ៍​ឆ្នាំ ២០៣០ ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​នោះ ម៉ា​រ៉ុ​ក​នឹង​ក្លាយជា​ប្រទេស​អាហ្វ្រិក​ទី​២ ដែល​ធ្វើ​ម្ចាស់ផ្ទះ World Cup បន្ទាប់​ពី​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ ២០១០​។ ដូច​គ្នា​នឹង​ការ​ប្រកួត World Cup លើក​មុន​ៗ​ដែរ អ៊ុយ​រូ​ហ្គា​យ អា​ហ្ស​ង់​ទី​ន ប៉ា​រ៉ា​ហ្គា​យ អេ​ស្ប៉ា​ញ ព័រ​ទុ​យ​ហ្គា​ល់ និង​ម៉ា​រ៉ុ​ក ទទួល​បាន​កៅអី​ប្រកួត World Cup ដោយ​ស្វ័យប្រវត្តិ​ក្នុង​នាម​ជា​សហ​ម្ចាស់ផ្ទះ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ