ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស និង​គ្រូ នៅ​សាលា​បឋម​សិក្សា​ទន្សោង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដ​ង្ហើ​យ​រក​អ្នក​ជួយ​អគារសិក្សា

6 ខែ មុន

ខេត្តស្ទឹងត្រែង ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាលា​បឋម​សិក្សា​ទន្សោង ក្នុងស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សាងសង់​អគារសិក្សា​មួយ​ខ្នង ដើម្បី​សម្រួល​ដល់​ការ​រៀន…

ខេត្តស្ទឹងត្រែង ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាលា​បឋម​សិក្សា​ទន្សោង ក្នុងស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សាងសង់​អគារសិក្សា​មួយ​ខ្នង ដើម្បី​សម្រួល​ដល់​ការ​រៀន និង​បង្រៀន ខណៈ​បច្ចុប្បន្ន​នេះ សិស្ស​កំពុង​តែ​រៀន​នៅ​ក្នុង​រោងដោល និង​នៅ​តាម​ផ្ទះ ដែល​ជួប​បញ្ហា​ប្រឈម​ផ្សេង​ៗ នៅ​ក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់ ។

ក្នុង​សកម្មភាព​រៀន និង​បង្រៀន កុមារ​ថ្នាក់​ទី​៤ ទី​៥ និង​ទី​៦ នៅ​ភូមិ​ទន្សោង ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​កាលពីដើម​ស​ប្តា​ហ៍​នេះ លោកគ្រូ ជៀម វណ្ណៈ តំណាង​ឲ្យ​ជនជាតិ​ដើម​ភាគតិច​គួ​យ បាន​រៀបរាប់​ថា ៖ នៅ​ពេល​មាន​ភ្លៀង​ម្ដង​ៗ សិស្ស​អង្គុយ​រៀន មិន​បាន​ទេ ព្រោះ​ខ្យល់​ទឹកភ្លៀង​សាច​ចូល ហើយ​ខែប្រាំង​ក្តី កូនសិស្ស​មក​រៀន ត្រូវ​ដោះ​អាវ​ចេញ ក៏​មាន​ដែរ ។

លោក​បន្ត​ថា នៅ​សាលា​បឋម​សិក្សា​ទន្សោង​នេះ មាន​អគារ​មួយ​ខ្នង មាន​ចំនួន​០៣​បន្ទប់ សម្រាប់​បង្រៀន​ថ្នាក់​ទី​១ ទី​២ និង​ទី​៣ ចំណែក​ទី​៤ ទី​៥ គឺ​ខ្ចី​ផ្ទះ​ប្រជាពលរដ្ឋ​បង្រៀន ហើយ​ថ្នាក់​ទី​៦ បង្រៀន​នៅ​ក្នុង​រោងដោល​ជា​បណ្តោះអាសន្ន អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។

លោក សៅ សេង នាយក​សា​លាប​បឋម​សិក្សា ភូមិ​ទន្សោង បាន​ទទួលស្គាល់​ថា នេះ​ជា​ការ​តស៊ូ​ទ្រាំ​នឹង​ភាព​លំបាក ព្រោះតែ​ចង់ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានចំណេះ​ដឹង​ដូច​គេឯង ហើយ​ភាព​លំបាក​នេះ ក៏​ជា​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​កុមារ​មួយ​ចំនួន បាន​បោះបង់​ចោលការ​សិក្សា ផង​ដែរ ។

លោក​បន្ត​ថា ចំណែក​ការ​ស្នើ​សុំ​សាលារៀន​នេះ លោក និង​មាតាបិតា​សិស្ស បាន​សុំ​ទៅ​អង្គការ ភ្លែ​ន​អន្តរជាតិ​កម្ពុជា ប្រចាំ​ខេត្តស្ទឹងត្រែង និង​ធ្វើ​របាយការណ៍ ស្នើ​សុំ​ទៅ​ការិយាល័យ​អប់រំ​ស្រុក រួច​ហើយ តែ​មិន​ទទួល​បាន​ព័ត៌មាន​អ្វី​ត្រឡប់​មក​វិញ​ទេ ។

លោក ប៉ាវ បូ​ណា ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​សៀម​បូក បាន​បញ្ជាក់​ថា តម្រូវការ​នេះ ពិតជា​ទាមទារ​ឱ្យ​មានការ​ជួយ​ធ្វើការ​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​ជា​តំបន់​ទី​ជនបទ ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល ផ្លូវ​ក៏​លំបាក ទៅ​មក ថែម​ទៀត ។

លោក​បន្ត​ថា ចំណែក​ការ​ស្នើ​សុំ​សាលារៀន​នោះ លោក​បាន​ស្នើ​សុំ ទៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត រួច​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ដំណឹង​យ៉ាងណា​នោះ​ទេ ហើយ​លោក នឹង​តាមដាន​សួរនាំ​ទៅ​មន្ទីរ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ការ​បង្រៀន និង​រៀន​នៅ​ក្នុង​រោងដោល​នេះ ជា​ករណី​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ផង នៅ​រដូវវស្សា ពេល​មាន​ព្យុះ​ភ្លៀង ហើយ​ត្រូវ​ខកខាន​រៀនសូត្រ នឹង​អាច​ធ្វើ​ឱ្យ​កុមារ​បោះបង់​ការ​សិក្សា​មានការ​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ