ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ជូនបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា «បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ ( duty-free & quota-free ) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ ( DCTS ) នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះ បានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក ( Local content ) ត្រឹម ២៥% ( តម្លៃវត្ថុធាតុដើមនាំចូលសម្រាប់ប្រើប្រាស់ ( Non-origination Content ) រហូតដល់ ៧៥% ) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់ ៤ខ្ទង់ ទៅ ៦ខ្ទង់»។
ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអស់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស៕
ចែករំលែកព័តមាននេះ